ស្ថានីយប្រេងឥន្ធនៈ

អាជ្ញាធររកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងលក់បន្លំគុណភាព និងបរិមាណនៅឆ្នាំនេះ


ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែង ក្នុងចំណោមជិត១ពាន់៧រយស្ថានីយ-ដេប៉ូ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណនៅឆ្នាំនេះថយចុះ២០% បើធៀបនឹងឆ្នាំ២០២២។
ស្ថានីយប្រេងឥន្ធនៈ
ដោយ

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. យល់ឃើញថា ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ អាចនឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋាន ក.ប.ប.ប្តេជ្ញានឹងបង្កើនការចុះត្រួតពិនិត្យភាពអនុលោមតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងទប់ស្កាត់ការប្រកបអាជីវកម្មមិនត្រឹមត្រូវក្នុងវិស័យប្រេងឥន្ធនៈ។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ប្រាប់ខេមមូណូមីសថា នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួនជិត១ពាន់៧រយកន្លែង។ ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនេះ មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញបានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ មានការថយចុះ២០% បើធៀបនឹងឆ្នាំ២០២២។

ការថយចុះបទល្មើសក្នុងវិស័យប្រេងឥន្ធនៈនេះ ត្រូវបានឯកឧត្តម ផាន អូន អះអាងថា គឺបន្ទាប់ពីមានការចុះអនុវត្តសកម្មភាពត្រួតពិនិត្យ និងចាត់វិធានការច្បាប់ដូចភ្លៀងរលឹម គួបផ្សំការចុះអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ដល់ធុរជន និងចូលរួមអនុវត្តច្បាប់យ៉ាងផុលផុសពីអ្នករកស៊ីក្នុងវិស័យប្រេងឥន្ធនៈនេះ។ ទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំរូបនេះបន្តជំរុញឱ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យភាពមិនអនុលោមនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការប្រកបអាជីវកម្មមិនត្រឹមត្រូវក្នុងវិស័យប្រេងឥន្ធនៈ ក៏ដូចជាការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ។

សម្រាប់ឯកឧត្តម ផាន អូន ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មផងដែរ។

ក្រោយរកឃើញភាពមិនអនុលោមនេះ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈខាងលើ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.ណែនាំ និងចាត់វិធានការពិន័យអន្តរកាល និងវិធានការច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្នុងករណីមិនរាងចាលបន្តប្រកបអាជីវកម្មមិនសុចរិត ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនេះអាចប្រឈមនឹងការព្យួរ ដកហូត ឬលុបវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្ម។ នេះបើតាមការអះអាងរបស់ឯកឧត្តម ផាន អូន។

ទន្ទឹមនឹងចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ នៅក្នុងឆ្នាំ២០២៣នេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.បានចុះត្រួតពិនិត្យតាមផ្សារបានចំនួនជាង៦០០លើក និងដកហូតទំនិញមិនមានអនុលោមភាពបានចំនួនជាង២៦តោនមកកម្ទេចចោល, ត្រួតពិនិត្យទីតាំងលក់ផលិត កែច្នៃ និងស្តុកផលិតផលបានចំនួន២០៣ទីតាំង រកឃើញផលិតផលក្លែងក្លាយ រំលោភបំពានបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញាជាង១ពាន់២រយតោន និងចុះត្រួតពិនិត្យខ្លឹមសារអត្ថបទ និងរូបភាពស្ពតផ្សាយពាណិជ្ជកម្មតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា បានចំនួន៤៩ ដោយរកឃើញស្ពតផ្សាយពាណិជ្ជកម្មចំនួន៣៤មានលក្ខណៈភូតកុហក ពង្វាងការពិត និងបានចាត់វិធានការស្របតាមនីតិវិធីច្បាប់៕

None



អត្ថបទបន្ទាប់


រថយន្ត JETOUR បានចូលទីផ្សារកម្ពុជាជាផ្លូវការតាមរយៈតំណាងចែកចាយផ្តាច់មុខ KNN CAMBODIA

ក្រុមហ៊ុន JETOUR AUTO បានផ្តល់សិទ្ធអោយក្រុមហ៊ុន KNN CAMBODIA លើការនំាចូលនិង ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក់ JETOUR តែមួយគត់នៅក្នុងព្រ…

គយប្រមូលចំណូលមិនគ្រប់តាមផែនការ ខណៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឱ្យស្ថាប័ននេះបាត់ចំណូលជិត៤០០លានដុល្លារនៅឆ្នាំនេះ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ