ករណីលុបស្រះទឹកនៅទីក្រុងរណបហ្រ្គេនភ្នំពេញ

ពលរដ្ឋរស់នៅទីក្រុងរណបហ្គ្រេនភ្នំពេញ ជួបជុំគ្នាតវ៉ាគម្រោងលុបស្រះទឹកក្នុងទីក្រុងរណបដោយក្រុមហ៊ុន ជីបម៉ុង


តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ដែលជាអ្នកតវ៉ាជំទាស់ចំពោះគម្រោងលុបបឹង(ស្រះទឹក)ក្នុងសហគមន៍ ដោយក្រុមហ៊ុន ជីប ម៉ុង លែន នោះ បានជួបជុំគ្នានៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីបញ្ជាក់ពីគោលជំហរដដែលរបស់ពួកគេ ថា ប្រឆាំងដាច់ខាតចំពោះគម្រោងលុបបឹងនេះ។
ពលរដ្ឋរស់នៅទីក្រុងរណបហ្គ្រេនភ្នំពេញ ជួបជុំគ្នាតវ៉ាគម្រោងលុបស្រះទឹកក្នុងទីក្រុងរណបដោយក្រុមហ៊ុន ជីបម៉ុង

លោក អ៊ិ​ន ចាន់​នី តំណាង​សហគមន៍​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ បាន​ចូលរួម​ជាមួយ​ពលរដ្ឋ​ជាង​១០០​នាក់​ទៀត បាន​ជួបជុំ​គ្នា​បង្ហាញ​ពី​គោលបំណង​ក្នុង​ការ​តវ៉ា​របស់​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖

«​ថ្ងៃនេះ យើង​ជួបជុំ​គ្នា​ដើម្បី​រាយការណ៍​ទៅ​សមាជិក សុំ​យោបល់​ពី​សមាជិក ហើយ​សមាជិក​បាន​ឲ្យ​យោបល់​ថា យើង​រង់ចាំ​ស្តាប់​ការ​ធ្វើ​អន្តរាគមន៍​ពី​ក្រសួង​ដែល​ពាក់ព័ន្ធ ។ នេះ​ជា​រឿង​សំខាន់​បំផុត ហើយ​យើង​តវ៉ា​នេះ មិនមែន​តវ៉ា​ដើម្បី​ឲ្យ​គេ​ផ្តល់​ជា​លុយ ជា​កាក់​អី​ទេ គឺ​យើង​តវ៉ា​ដើម្បី​រក្សា​ស្រះ​ទឹក​ហ្នឹង​តាម​ប្លង់​ដើម ហើយ​ប្លង់​មេ​ដើម គឺជា​ប្លង់​ដែល​អនុម័ត​ដោយ​រាជរដ្ឋាភិបាល ហើយ​បើ​មិន​ធ្វើ​តាម តើ​យើង​រំពឹង​អី0x017d7​»​។

លោក ទិ​ត ហុង​យឺ ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ និង​បាន​ចូលរួម​តវ៉ា​នៅ​ព្រឹក​មិ​ញ​ដែរ​នោះ បាន​ប្រាប់​ដែរ​ថា លោក​មិន​មាន​បញ្ហា​ទាស់​ខុស ឬ​មិន​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​កន្លង​មក​របស់​ក្រុមហ៊ុន​ជីប​ម៉ុង​នេះ នោះ​ទេ ប៉ុន្តែ នៅ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​នេះ ចង់​លុប​ស្រះ​នេះ គឺ​លោក ក៏​ដូច​ជា​ពលរដ្ឋ​ជាង​១០០​នាក់​ទៀត គឺ​មិន​សុខចិត្ត​នោះ​ទេ​។ 

លោក ទិ​ត ហុង​យឺ បាន​បញ្ជាក់​ថា​៖ «​ការ​អភិវឌ្ឍ​កន្លង​មក​ជាង​១០​ឆ្នាំ គឺ​ពួក​យើង​មិន​ដែល​ខឹង ឬ​ក៏​រមាស់​ស្កៀប​អី​ទេ ពួក​យើង​រីករាយ ប៉ុន្តែ ដល់​ឆ្នាំ​២០២០ យើង​ឃើញ​ថា ក្រុមហ៊ុន​ហ្នឹង​ផ្សព្វផ្សាយ​លក់​គម្រោង​ថ្មី ហើយ​គម្រោង​ថ្មី គឺ​ការ​សង់ផ្ទះ​នៅ​លើ​ស្រះ​ទឹក​ហ្នឹង ដូច្នេះ​ហើយ​បានជា​ពួក​យើង​ហ្នឹង​ពិចារណា​ប្រជុំ​គ្នា ពិគ្រោះ ថា ការ​ធ្វើ​ហ្នឹង គឺជា​ការ​រំលោភ​ទៅ​លើ​ទ្រព្យសម្បត្តិ​រួម​របស់​សហគមន៍​»​។

លោក ទិ​ត ហុង​យឺ ​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ

តំណាង​សហគមន៍​រស់នៅ​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​ពួក​គេ​ដែរ ក្រោយ​ពេល​ដែល​ថ្មី​ៗ​នេះ ពួក​គេ​អះអាង​ថា មាន​សកម្មភាព​គំរាមកំហែង​ចំពោះ​ការ​តវ៉ា​ដែល​ធ្វើ​ឡើង​ដោយ​សន្ដិវិធី​នោះ​។

លោក អ៊ិ​ន ចាន់​នី បាន​រៀបរាប់​ថា ៖ «​គ្រាន់តែ​សមាជិក​ម្នាក់​ៗ​សុំ​ដាក់​ផ្លា​ក​ព្យួរ គេ​មក​លួច លួច​ហើយ​ស្អែក​ឡើង​យើង​ដាក់​វិញ គេ​មាន​កាំភ្លើង​មក​បំភិតបំភ័យ​តែ​ម្តង យើង​មាន​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព ហើយដោយ​សារ​មានការ​គំរាមកំហែង ទើប​សមាជិក​ឲ្យ​យោបល់​ថា យើង​គួរ​ស្នើ​សុំ​សម្តេច​តេ​ជោ មេត្តា​ជួយ​យើងខ្ញុំ​ដើម្បី​ឲ្យ​យើងខ្ញុំ​ហ្នឹង​អាច​រស់នៅ​ដោយ​សន្តិភាព ដោយ​គ្មាន​ការ​គំរាមកំហែង​» ។

លោក អ៊ិ​ន ចាន់​នី តំណាង​សហគមន៍​រស់នៅ​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ

បើសិនជា​ការ​តវ៉ា​លើក​នេះ នៅ​តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ លោក អ៊ិ​ន ចាន់​នី និង​សមាជិក​ក្នុង​សហគមន៍​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ​ទាំង​១៤០​នាក់ បញ្ជាក់​ថា នឹង​បន្ត​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​បន្ត​ទៀត​។

ដោយឡែក​ខាង​តំណាង​ក្រុមហ៊ុន ជីប ម៉ុង បាន​ឆ្លើយ​តប​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​អះអាង​របស់​តំណាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ គឺ​សម្អាង​ទៅ​លើ​ប្លង់​មេ ដែល​មាន​បង្ហាញ​នៅ​ក្នុង​រូបថត ដែល​វា​គ្រាន់តែ​ជា​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ដើម្បី​លក់​ផ្ទះ​របស់​ក្រុមហ៊ុន​មុន​តែ​ប៉ុណ្ណោះ ហើយ​ពុំ​មាន​ឯកសារ​ជា​ផ្លូវការ​ណាមួយ​អាច​បញ្ជាក់​បាន​ឡើយ ។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន​បាន​អះអាង​ថា ខ្លួន​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​កិច្ចសន្យា​ទិញ​រវាង​អតិថិជន​ទាំងអស់​ជាមួយ​កម្មសិទ្ធិករ​ចាស់ ក៏​ពុំ​មាន​កន្លែង​ណា​បញ្ជាក់​ថា អាង​ទឹក​នេះ​នឹង​ត្រូវ​រក្សា​ទុក ដោយ​មិន​អាច​ធ្វើការ​អភិវឌ្ឍ​បាន នា​ពេល​អនាគត​នោះ​ឡើយ​។

ក្រុមហ៊ុន​សង្កត់ធ្ងន់​ថា «​ដោយ​ឈរ​លើក​ម្មសិ​ទិ្ធ​ស្របច្បាប់ ដែល​ក្រុមហ៊ុន​បាន​ទទួល​ត្រឹមត្រូវ ក្រុមហ៊ុន​រក្សា​សិ​ទិ្ធ​អនុវត្ត​តាម​ផែនការ​ធុរកិច្ច​របស់​ខ្លួន​»​។

ទោះជា​យ៉ាងណា តំណាង​ក្រុមហ៊ុន ជីប ម៉ុង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី នៅ​តែ​ប្តេជ្ញា​កែប្រែ​អាង​ស្តុក​ទឹក​បណ្តោះអាសន្ន​នេះ​ឱ្យ​ក្លាយទៅជា​សួនឧទ្យាន​បៃតង​ចម្រុះ​ដ៏​ធំ ដោយ​មាន​ដើមឈើ​ជា​ច្រើន​ផ្តល់​ម្លប់​យ៉ាង​ត្រឈឹងត្រឈៃ កន្លែង​ហាត់ប្រាណ កន្លែង​លេង​សម្រាប់​កុមារ និង​ទីតាំង​សម្រាប់​លំហែ​អារម្មណ៍ ដោយ​មាន​កន្លែង​បាញ់​ទឹក (​ហៅ​ថា​គម្រោង “Central Park”)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC៖ ការប្ដឹងជំទាស់EU ករណីព្យួរ EBA ពីកម្ពុជា គឺជាការជួយចុងក្រោយមួយក្នុងការការពារផលប្រយោជន៍រោងចក្រកាត់ដេរ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានធ្វើការដាក់ពាក្យប្ដឹងតវ៉ា សហភាពអឺរ៉ុប ក្នុងករណីបានព្យួរ EBA ពីប្រទេសកម្ពុជា ហើយសមាគមនេះ ក៏បានទាម…

ចិនអះអាងថា តំបន់ទេសចរណ៍សំខាន់ៗ បានកើនឡើង ៧០% នៅត្រីមាសទី៣

ព័ត៌មាន
ក្រសួងវប្បធម៌ និងទេសចរណ៍ ចិន បានបញ្ជាក់ថ្មីៗនេះថា ការទាក់ទាញភ្ញៀវទេសចរ បានបង្ហាញពីបរិមាណ កើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ នៅឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ