ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសឡាវរបស់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រកាសដាក់ចេញនូវផ្លូវហោះហើរអន្តរជាតិថ្មីនៅក្នុងតំបន់បន្ថែមទៀត ដោយហោះរវាង សុវណ្ណាខេតទៅបាងកក វៀងច័ន្ទមករាជធានីភ្នំពេញនិង វៀងច័ន្ទទៅទីក្រុងដាណាងប្រទេសវៀតណាម។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ចាប់ពីថ្ងៃទី១៥ ខែមីនា ខាងមុខ តទៅក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងបើកដំណើរការជើងហោះហើរ ពីខេត្តសុណ្ណាខេត ទៅទីក្រុងបាងកកចំនួន៣ជើងក្នុងមួយសប្តាហ៍រៀងរាលថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ។ បន្ទាប់មកនៅថ្ងៃទី១៩ មីនា ក្រុមហ៊ុននេះនឹងភ្ជាប់ជើងហោះហើរពីវៀងច័ន្ទមករាជធានីភ្នំពេញជាមួយជើងហោះហើរបីជើងក្នុងមួយសប្តាហ៍រៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជាមួយគ្នានេះ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ឡាវមួយនេះនឹងភ្ជាប់ជើងហោះហើរពីទីក្រុងវៀងច័ន្ទទៅកាន់ទីក្រុងដាណាងប្រទេសវៀតណាមចំនួនពីរជើងក្នុងមួយសប្តាហ៍ផងដែរ។
ក្រៅពីហោះដោយផ្ទាល់ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានកិច្ចព្រមព្រៀងហោះហើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Thai Airways និង Vietnam Airlines ដើម្បីពង្រីកសេវាកម្មឆ្លងកាត់ផ្លូវសំខាន់ៗ រួមមានវៀងច័ន្ទ-បាងកក, វៀងច័ន្ទ-ហាណូយ, វៀងច័ន្ទ-ភ្នំពេញ, ហ្លួងប្រាបាង-ហាណូយ, និងហ្លួងព្រះបាង-សៀមរាប។
លើសពីភាពជាដៃគូក្នុងតំបន់ ឡាវក៏កំពុងកំណត់គោលដៅរបស់ខ្លួនលើការពង្រីកសេវាកម្មទេសចរណ៍កាន់តែទូលំទូលាយ ដោយសម្លឹងមើលទីផ្សារដូចជារុស្ស៊ីផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុន Ural Airlines ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសរុស្ស៊ីបានប្រកាសបើកជើងហោះហើរឡើងវិញពីទីក្រុង Vladivostok ទៅកាន់ទីក្រុងវៀងច័ន្ទ ដោយការធ្វើដំណើរមានរយៈពេលជាង៦ម៉ោង។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ភ្ញៀវទេសចរឡាវ ដែលបានមកលេងកម្ពុជាមានចំនួនសរុបជាង៣៧ម៉ឺននាក់កើនឡើងរហូតដល់ទៅ៣០២%៕
ដោយៈ សរ សុជាតិ