បច្ចុប្បន្ន គេឃើញសាលាអន្តរជាតិដ៏ធំមួយ គឺសាលាអន្តរជាតិភ្នំពេញ (ISPP) និងក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា (ដែលលក់រថយន្ត Mercedes-Benz) បានបោះទីតាំងអគារដ៏ធំនិងប្រណីតរបស់ខ្លួននៅទីនោះស្រាប់ ដោយមើលឃើញអនាគតនៃភាពងាយស្រួលក្នុងការធ្វើដំណើរនៃតំបន់នេះ។
ទន្ទឹមនឹងនេះដែរ គម្រោងលំនៅដ្ឋានជាច្រើនកំពុងតែប្រកួតប្រជែងគ្នា ទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនដែលមានជីវភាពកាន់តែប្រសើរឡើង ជាមួយនឹងការបើកសាងសង់សំណង់បុរី និងលំនៅដ្ឋានថ្មីៗបន្ថែមទៀត។
ក្នុងចំណោមនោះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ប៉េង ហួត ក៏បានចាប់ផ្ដើមអភិវឌ្ឍគម្រោងមួយថ្មីទៀត ឈ្មោះថា បុរី ប៉េងហួត ដឹស្តា ដាយមិន (Borey Peng Huoth The Star Diamond) នៅជាប់នឹងមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) នេះដែរ។
អ្នកនាង ទឹម ច័ន្ទបូរ៉ាវី ជំនួយការអគ្គនាយិកា ហិរញ្ញវត្ថុនិងទីផ្សារ នៃបុរី ប៉េង ហួត បង្ហើបឲ្យដឹងថា គម្រោង ដឹស្តា ដាយមិន នេះ សាងសង់លើផ្ទៃដីប្រមាណជា ៤០ ហិកតា និងស្ថិតនៅជាប់នឹងផ្លូវ៦០ម៉ែត្រតែម្តង និងរួមមានទាំងផ្សារទំនើប សាលសន្និសីទ និងអគារពាណិជ្ជកម្ម ដែលមានតែមួយគត់ ក្នុងតំបន់នេះ ព្រមទាំងបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។
អ្នកនាងបន្តទៀតថា ផ្ទះនៅក្នុងគម្រោងនេះរចនាឡើងយ៉ាងល្អឥតខ្ចោះ ឈរលើគុណភាពរឹងមាំនិងសោភ័ណភាព ដែលមានការរួមបញ្ចូលរចនាបថបែបខ្មែរនិងអឺរ៉ុប ដែលមានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារ ឡើងទៅ។ គម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់ផ្តើមបើកលក់ក្នុងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នេះតទៅ។
គេសង្កេតឃើញថា បច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យធំៗ បានបង្វែរ ទិសដៅខាងត្បូងក្រុងភ្នំពេញ មានការកើនឡើង ដោយសារជាតំបន់មានសក្តានុពលខ្លាំងល្អសម្រាប់ការរស់នៅ និងធ្វើពាណិជ្ជកម្ម រួមទាំងភាពអំណោយផលពីសណ្ឋានដីខ្ពស់ជាងទន្លេ ទើបធ្វើឲ្យតំបន់នេះអាចបញ្ចៀសបានពីបញ្ហាទឹកជំនន់ថែមទៀតផង៕ (អត្ថបទពាណិជ្ជកម្ម)