ក្រុមអ្នកជំនាញក្នុងវិស័យឡូជីស្ទីក និងដឹកជញ្ជូន បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា ការដំឡើងកម្រិតទម្ងន់ដឹកជញ្ជូនតាមផ្លូវគោកនេះ វានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើនភាពប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជា នៅលើទីផ្សារ ជាពិសេសសម្រាប់ផលិតផលកសិកម្មតែម្តង។
នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នាថ្ងៃទី៧ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់ ដោយសម្រេចដំឡើងកម្រិតទម្ងន់របស់រថយន្តដឹកជញ្ជូនអតិបរមាពីកម្រិត៤០តោន ទៅដល់៥០តោន។ ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងខិតខំបង្កើនគុណភាព និងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស។
ជាមួយគ្នានេះ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបង្ហាញការសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះការដំឡើងកម្រិតទម្ងន់រថយន្តដឹកជញ្ជូនរហូតដល់៥០តោននេះ ដែលវានឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់វិស័យដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការចូលរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញការប្រកួតប្រជែងនៅក្នុងតំបន់បានកាន់តែខ្ពស់ជាងមុន ជាពិសេសការដឹកជញ្ជូនកសិផលតែម្តង។
ជុំវិញការកែសម្រួលទម្ងន់ដឹកជញ្ជូននេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានលើកឡើងដែរថា យន្តការថ្មីនេះនឹងជួយបង្កើនប្រសិទ្ធភាពនៃការផ្ទុកទំនិញបានកាន់តែច្រើន ក្នុងជើងដឹកជញ្ជូនតែមួយ ពោលគឺជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផ្ទាល់ពីចម្ការ ឬកន្លែងផលិត ឆ្ពោះទៅកាន់កំពង់ផែ និងឃ្លាំងស្តុកនានាបានយ៉ាងរហ័ស និងចំណាយតិច។ បន្ថែមលើនេះ វាក៏ជួយលុបបំបាត់របាំងស្តង់ដាទម្ងន់ខុសគ្នាជាមួយប្រទេសជិតខាង ដែលធ្លាប់ជាផលរំខាន និងជាឧបសគ្គមួយក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែននាពេលកន្លងមក។
គួររំលឹកថា បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតអនុម័តក្នុងសម័យប្រជុំជាវិសាមញ្ញកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានអង្គព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៥ នៃព្រឹទ្ធសភា កាលពីទី២៦ ខែមិថុនា ឆ្នាំ២០២៦។ បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការធ្វើវិសោធនកម្មនេះមិនត្រឹមតែកែសម្រួលកម្រិតទម្ងន់អតិបរមាប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការកែសម្រួលពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសដឹកជញ្ជូនលើសទម្ងន់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរជាក់ស្តែងរបស់វិស័យឯកជន និងការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ៕