កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីយុទ្ធសាស្រ្ដដ៏មុតស្រួចមួយ ដែលអាចបន្ធូរបន្ថយបញ្ហាមួយចំនួនដែលសហគ្រិនកំពុងប្រឈម ហើយកម្មវិធីនេះត្រូវបានប្រព្រឹត្តទៅដោយជោគជ័យមួយលើករួចមកហើយ។ កាលពីវគ្គទី១កន្លងទៅនេះ សហគ្រិនខ្មែរបានទទួលពាក្យសរុបចំនួន ១២៨ ពីសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី (startup) ដែលមកពី១៤ រាជធានី-ខេត្ត មានដូចជា ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តកណ្ដាល ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
កញ្ចប់ជំនួយសហគ្រិនខ្មែរ ចែកចេញជា ៤ដំណាក់កាល ៖
- ដំណាក់កាលទី១ សហគ្រិនខ្មែរ បើកទទួលពាក្យតាមអ៊ិនធើណែត ដោយមានការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដាញសង្គមរបស់ សហគ្រិនខ្មែរ ស្ថាប័នដៃគូ និងស្ថាប័នសារព័ត៌មាន។
- ដំណាក់កាលទី២ សហគ្រិនខ្មែរ ធ្វើការដាក់ពិន្ទុទៅលើពាក្យស្នើសុំទាំងអស់ និងសម្រឹតសម្រាំងយកតែធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្ដានុពល។
- ដំណាក់កាលទី ៣ សហគ្រិនខ្មែរ អញ្ជើញសហគ្រិន ដែលមានសក្ដានុពលទាំងអស់នោះ មកធ្វើបទបង្ហាញអំពីគំនិត និងអាជីវកម្មនៅចំពោះមុខគណៈកម្មការ ដែលជាអ្នកជំនាញក្នុងវិស័យឯកជននិងវិនិយោគ និងធ្វើការវាយតម្លៃពីគម្រោងអាជីវកម្ម ។
- ដំណាក់កាលទី៤ សហគ្រិនខ្មែរ ធ្វើការប្រកាសពី បេក្ខភាពធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលទទូលបានកញ្ចប់ជំនួយសហគ្រិនខ្មែរ ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាជួយផ្សព្វផ្សាយពីសហគ្រាស សេវាកម្ម និងផលិតផល របស់ពួកគាត់ ផងដែរ។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា៖ “ឆ្លងកាត់លើកទី១ យើងសង្កេតឃើញថា ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ពិតជាមានសមត្ថភាព ភាពច្នៃប្រឌិត និងចំណុចល្អខុសៗគ្នា ដែលគំនិត និងអាជីវកម្មរបស់ពួកគាត់សុទ្ធតែមានសក្ដានុពល និងគួរតែទទួលបានការយកចិត្តទុកដាក់ ដូចជា ការផ្ដល់ជាជំនួយផ្នែកហិរញ្ញវត្ថុ ការវិនិយោគ និងការគាំទ្រនានា។ ដូចនេះ សហគ្រិនខ្មែរ សូមប្រកាសឲ្យ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមផ្សេងៗទៀត ដែលមានបំណងចង់ចូលរួម ហើយគិតថាខ្លួនមានសក្ដានុពលអាចទទួលបានជំនួយពីសហគ្រិនខ្មែរ មកចូលរួមដាក់ពាក្យឲ្យបានច្រើនក្នុងជុំទី២នេះ ដើម្បីជំរុញកម្មវិធីឲ្យកាន់តែមានការប្រកួតប្រជែង។”
ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម អាចធ្វើការដាក់ពាក្យមកកាន់កញ្ចប់ជំនួយ សហគ្រិនខ្មែរជុំទី២ តាមរយៈតំណភ្ជាប់ https://forms.gle/Dn9H8gsmKGT42rza9 នេះ ៕