ពហិការទំនិញថៃ

តើទំនិញថៃ អាចបាត់វត្តមានពីទីផ្សារកម្ពុជា ក្រោមការបង្ក្រាបដ៏ក្តៅគគុករបស់អាជ្ញាធរទេ ?


ថ្ងៃអវសាន នៃទំនិញថៃ នៅលើទឹកដីកម្ពុជា កំពុងតែខិតជិតមកដល់ហើយ ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបញ្ជាឱ្យអាជ្ញាធរទូទាំងប្រទេសបើកយុទ្ធនាការបោសសម្អាតរាល់ទំនិញរត់ពន្ធខុសច្បាប់ពីប្រទេសថៃ និងស៊ើបអង្កេតរកឲ្យឃើញអ្នកគប់គិតពាក់ព័ន្ធឱ្យដល់ឫសគល់។ ជាមួយគ្នានេះក្រុមអ្នកជំនាញសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា តាមរយៈការរួមដៃគ្នារវាងការប្រើធម៌ក្តៅរបស់រដ្ឋ និងចរន្តពហិការដ៏ផុសផុលរបស់ពលរដ្ឋ នឹងរុញច្រានឱ្យទំនិញថៃ បាត់វត្តមានទាំងស្រុងពីទីផ្សារកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ។
ពហិការទំនិញថៃ
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានរិះគន់ចំៗថា ទាល់តែមានបទបញ្ជាក្តៅពីថ្នាក់លើទើបអាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមដុតដៃដុតជើងធ្វើការត្រួតពិនិត្យលើទំនិញរត់ពន្ធខុសច្បាប់ពីប្រទេសថៃ ចូលមកកម្ពុជា។ យ៉ាងណាមិញអ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈយុទ្ធនាការដ៏ក្តៅគគុករបស់អាជ្ញាធរនាពេលនេះ រួមផ្សំនឹងការបន្តធ្វើពហិការយ៉ាងដាច់ខាតពីសំណាក់ពលរដ្ឋខ្មែរ នឹងក្លាយជាអាវុធសេដ្ឋកិច្ចដ៏មានឥទ្ធិពលក្នុងការដាក់សម្ពាធលើប្រទេសជិតខាងមួយនេះ។ ជុំវិញការគ្រោងប្តឹងកម្ពុជា ទៅកាន់អាស៊ាន និង អង្គការពាណិជ្ជកម្មពិភពលោក លោកបណ្ឌិតយល់ឃើញថា បើទោះបីជាថៃ ចង់លើកយកបញ្ហានេះទៅប្ដឹងផ្ដល់នៅលើឆាកអន្តរជាតិ ពីបទរើសអើងទំនិញក៏ដោយ ក៏កម្ពុជា គ្មានអ្វីត្រូវខ្លាចដែរ ព្រោះការឈប់ទិញ ឈប់ប្រើទំនិញថៃ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺធ្វើឡើងស្របតាមសម្បជញ្ញៈ និងការឈឺចាប់ឆ្លើយតបទៅនឹងការរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជា តែប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា បើទោះបីជារាជរដ្ឋាភិបាលមិនអាចចេញបម្រាមបិទការនាំចូលជាផ្លូវការក៏ដោយ ប៉ុន្តែផ្អែកលើស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ ដែលនាំគ្នាព្រងើយកន្តើយ និងពហិការមិនទិញទំនិញថៃ នោះទំនិញថៃនឹងអាចដាច់ដង្ហើម និងរលាយបាត់វត្តមានពីលើទីផ្សារកម្ពុជា ដោយស្វ័យប្រវត្តិពីទីផ្សារកម្ពុជា។ អ្នកឧកញ៉ា ក៏បានធានាអះអាងដែរថា ភាគីថៃ មិនអាចប្ដឹងពលរដ្ឋកម្ពុជា បានឡើយ ដរាបណារដ្ឋាភិបាលមិនបានចេញលិខិតផ្លូវការណាមួយ ព្រោះការសម្រេចចិត្តទិញ ឬមិនទិញ វាជាសិទ្ធិសេរីភាពដាច់ខាតរបស់អតិថិជនម្នាក់ៗ។

យ៉ាងណាមិញ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជឿជាក់ថា ទំនិញថៃនឹងអាចបាត់វត្តមានពីទីផ្សារកម្ពុជា នាពេលអនាគត ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដាក់ចេញវិធានការក្តៅចំពោះអ្នកគប់គិតលួចនាំចូលទំនិញថៃដោយខុសច្បាប់ចូលមកកម្ពុជា។ តួយ៉ាងគ្រាន់តែតាមរយៈស្មាតីពហិការទំនិញថៃ របស់ពលរដ្ឋខ្មែរនាពេលកន្លងមក បានធ្វើឱ្យទំនិញថៃ បាត់វត្តមានពីទីផ្សារកម្ពុជា ជាបណ្ដើរៗរួចទៅហើយ និងថែមទាំងបានជំរុញឱ្យការគាំទ្រផលិតក្នុងស្រុកមានសម្ទុះរីកចម្រើនយ៉ាងខ្លាំង។

គួររំលឹកថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញបញ្ជាដ៏ម៉ឺងម៉ាត់ឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តចុះឆ្មក់បង្ក្រាបរាល់ទីតាំងស្តុក និងចែកចាយទំនិញខុសច្បាប់ ជាពិសេសសាច់បង្កក ដែលលួចរត់ពន្ធឆ្លងដែនមកពីប្រទេសថៃ តាមច្រកព្រំដែនគោកដែលកំពុងបិទជិត។ សម្តេចតេជោ បានព្រមានចំៗថា នឹងចាត់វិធានការវះកាត់ដោយគ្មានការលើកលែងចំពោះមន្ត្រី ឬជនណាដែលគប់គិតបើកដៃឱ្យមានការរត់ពន្ធនេះ។ ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រកាសក្តែងៗទៅកាន់ពិភពលោកថា ទោះបីជាថៃ ចង់បិទច្រកព្រំដែនរហូតដល់១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត ក៏កម្ពុជា មិនព្រួយបារម្ភដែរ ព្រោះវិបត្តិនេះ គឺជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ក្នុងការដកដង្ហើមដោយខ្លួនឯង ពង្រឹងសេដ្ឋកិច្ចជាតិ និងលើកស្ទួយផលិតផលស្នាដៃកូនខ្មែរឱ្យកាន់តែរឹងមាំ និងមានឯករាជ្យភាពពិតប្រាកដ៕




អត្ថបទបន្ទាប់


លោក ត្រាំ គំរាមដាក់ពន្ធ១០០%លើស្រារបស់បារាំង មុនធ្វើដំណើរទៅប្រជុំ G7 នៅប្រទេសនេះ

មិនទាន់ទាំងធ្វើដំណើរទៅដល់ទឹកដីបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ផង លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រើវោហាសាស្ត្រគំរាមក…

អ្នកជំនាញវាយតម្លៃថា តម្លៃជីកសិកម្មនឹងមិនអាចធ្លាក់ចុះភ្លាមៗនោះទេ ទោះសង្គ្រាមនៅអ៊ីរ៉ង់មានភាពធូរស្បើយ និងស្នើឱ្យជំរុញការផលិតក្នុងស្រុក

វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជាង៣ខែកន្លងមកនេះ មិនត្រឹមតែអង្រួនសេដ្ឋកិច្ចពិភពលោក​នោះទេ ប៉ុន្តែវាក៏បានរុញច្រានកសិករកម្ពុជា ឱ្យធ្លាក់ចូលក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ