
ការប្រគល់លំនៅឋានលើកដំបូងនេះ ក៏មានចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូត ដែលមកពីទូតចំនួនបួន រួមមាន ទូតអាមេរិក ទូតបារាំង ទូតសិង្ហបុរី ទូតឥណ្ឌូ នេស៊ី មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈអភិបាលខេត្តកណ្តាល រួមទាំងអាជ្ញាធរខេត្តកណ្តាលគ្រប់លំដាប់ថ្នាក់ផងដែរ។ ប្រជាពលរដ្ឋ ដែលបានទិញលំនៅឋានតម្លៃសមរម្យនេះ ម្នាក់ៗសុទ្ធតែមានទឹកមុខរីករាយ ព្រោះថា បានរងចាំអស់រយៈពេលជិត២ឆ្នាំ ដើម្បីបានលំនៅឋានសមរម្យមួយសម្រាប់រស់នៅ។
អ្នកស្រី កែវ ធឿន ជាមន្ត្រីយោធាដែលចូលនិវត្តន៍ បានឲ្យដឹងថា នេះជាពេលវេលាមួយដែលគាត់បានរងចាំយូរមកហើយ ដើម្បីបានផ្ទះមួយរស់នៅសមរម្យនឹងគេ។អ្នកស្រីបន្តថា«ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ព្រោះមានផ្ទះផ្ទាល់ខ្លួនឯង ហើយខ្ញុំគិតថា តម្លៃផ្ទះក្នុងទីក្រុងរណបសិរីមង្គលនេះ វាសមរម្យសម្រាប់ខ្ញុំ ព្រោះកូនៗខ្ញុំសុទ្ធតែមានចំណូល ដូច្នេះវាធូរជាងនៅផ្ទះជួល»។

មិនខុសគ្នានោះទេ លោក នូ សុផានី ជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ និងជាម្ចាស់ផ្ទះលេខ១៨ ផ្លូវ១Fក្នុងគម្រោងលំនៅឋានតម្លៃសមរម្យ ក្នុងជំហានទី១ ស្ថិតនៅក្នុងទីក្រុងរណបសិរីមង្គល បានបង្ហាញពីចំណាប់អារម្មណ៍ថា គាត់មានទឹកចិត្តរីករាយនៅពេលដែលបានមកទទួលកូនសោ ដោយរំពឹងថា នឹងអាចចូលស្នាក់នៅឆាប់ៗនេះ ពីព្រោះថាថ្វីត្បិតតែផ្ទះនេះធ្វើរួចរាល់មែន តែមិនទាន់បានសម្អាតទេ។លោកថា«ល្អដែរ ព្រោះយើងមិនសូវមានលុយកាក់ អញ្ចឹងយើងទិញទៅយើងបង់រំលស់ យើងមានលទ្ធភាពបង់តៗទៅ ឥឡូវដាច់ហើយ៣០%ហ្នឹង នៅសល់៧០%ទៀត យើងត្រូវបង់តជាមួយធនាគារ ប៉ុន្តែធនាគារ គេបានទំលាក់លុយអោយរួចហើយ អញ្ចឹងគេអោយមកមើលផ្ទះ អញ្ចឹងផ្ទះហ្នឹងបានស្អាតហើយ គ្រាន់តែថា មិនទាន់ស្អាត១០០% នៅអោយខាងក្រុមហ៊ុនជួយសម្អាតថែមទៀត ទើបអាចចូលនៅបាន នៅចុងខែមេសានេះ»។

គម្រោងលំនៅឋានតម្លៃសមរម្យនេះគឺជាគម្រោង ដែលមានការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម និងបរិស្ថាន ដោយនឹងផ្តល់នូវផលវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ច ជូនចំពោះគ្រួសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានចំណូលមធ្យម និងទាបទូទៅ។ លោក ឧកញ្ញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Homes បានគូសបញ្ជាក់ថា «លំនៅឋានតម្លៃសមរម្យនេះគឺជាការរួមចំណែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន ដោយយើងបានកំណត់គោលដៅថាមិនគ្រាន់តែផ្តល់តម្លៃធូរថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែ យើងបានផ្តោតសំខាន់លើការរៀបចំឲ្យក្លាយជាសហគមន៍ចម្រុះដ៏រឹងមាំ ដែលមានគុណភាព សោភ័ណភាព សុវត្ថិភាព ឱកាសការងារនិងអាជីវកម្ម ភាពងាយស្រួលនិងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ សម្រាប់គ្រួសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានចំណូលមធ្យម និងទាបទូទៅ»។





ដើម្បីសម្រេចនូវគោលដៅខាងលើនេះ ក្រុមហ៊ុន WorldBridge បានចុះអនុសារណៈយោគយល់គ្នាជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងបានសហការគ្នាចាប់តាំងពីឆ្នាំ ២០១៨ ក្នុងការអភិវឌ្ឍន៍ទីតាំងគម្រោងជម្រុញការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅក្បែរទីតាំងគម្រោងលំនៅឋានសមរម្យនេះតែម្តង។ លោក Nick Beresford អ្នកតំណាងប្រចាំប្រទេសកម្ពុជានៃ UNDP បានលើកឡើងថា «គុណតម្លៃនៃសហគ្រាសខ្នាតតូច និងមធ្យម គឺផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងតម្រូវការលំនៅឋានតម្លៃសមរម្យតែម្តង។ យើងសង្ឃឹមថា ការផ្សារភ្ជាប់បែបនេះនឹងជួយជម្រុញការវិនិយោគបន្ថែមទៀតទៅលើលំនៅឋានតម្លៃសមរម្យ និងការសាងសង់អាគារបែបលក្ខណៈបៃតងនៅក្នុងប្រទេសកម្ពុជា។ UNDP សូមចូលរួមអបអរសាទរចំពោះលោក ឧកញ៉ា សៀ ឬទ្ធី និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ ចំពោះការសម្រេចបាននូវគម្រោងលំនៅឋានតម្លៃសមរម្យទីមួយនេះ ដែលមាន ២ ៤៥៧ ល្វែង សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម។» លោក Nick Beresford បានបន្ថែមថា «គម្រោងនេះ គឺបានប្រើប្រាស់ បច្ចេកវិទ្យាសាងសង់ដែលមានលក្ខណៈទ្រទ្រង់បរិស្ថានដំបូងគេនៅក្នុងប្រទេស រួមមានដូចជាការប្រើប្រាស់ឥដ្ឋដីសង្កត់ ដែលជាប្រភេទឥដ្ឋដែលមិនផលិតឡើងដោយការដុតកម្តៅនោះទេ។ យើងខ្ញុំ សូមជូនពរម្ចាស់លំនៅឋានថ្មីទាំងអស់ឲ្យមានសុភមង្គលក្នុងការរស់នៅក្នុងគម្រោងថ្មី និងប្រកបដោយភាពរីករាយមួយនេះ។»

គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Homes ត្រូវបានគេមើលឃើញថា គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យធំជាងគេមួយ ដែលស្ថិតនៅក្នុងភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានចំងាយប្រមាណ៧គីឡូម៉ែតពីង្វង់មូលក្រុងតាខ្មៅ ។ គម្រោងនេះ សាងសង់លើផ្ទៃដីសរុប ២៣ ហិកតា មានចំនួនផ្ទះសរុបជាង ២.៤៥៧ ផ្ទះ ទុនវិនិយោគសាងសង់ ប្រមាណ ៧៣លានដុល្លារអាមេរិក។ មកទល់ពេលនេះ គម្រោងលំនៅដ្ឋានទីក្រុងរណបសិរីមង្គលនេះ បានលក់ផ្ទះអស់ចំនួន ជាង ១ពាន់ផ្ទះ ស្មើនឹង ៥៥% នៃចំនួនផ្ទះសរុប។





បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្ននេះមានគម្រោងលំនៅឋានតម្លៃសមរម្យចំនួន០៥គម្រោង រួមមានលំនៅឋានសរុប ៨ ៣៣១ ខ្នងផ្ទះ និង៧ ២៥៦ ចំណែកឯកជនត្រូវបានអភិវឌ្ឍ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន០២គម្រោង ខេត្តកណ្តាល០២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន០១គម្រោង៕