សម្តេចបានបញ្ជាក់ថា មានសប្បុរសជន បានផ្ញើសារចូលទៅក្នុងគេហទំព័ររបស់សម្តេចដើម្បីសុំបរិច្ចាគថវិកាទៅតាមលទ្ធភាព ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«យើងមិនបានស្នើសុំអ្វីទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើងបានទឹកចិត្ត ដោយគេបានឆាតមកខ្ញុំថា ចង់ចូលរួមបរិច្ចាគតាមរយៈរាជរដ្ឋាភិបាល ខ្ញុំក៏បានទទួល ម្យ៉ាងវិញយើងនៅសល់ថវិការបស់សប្បុរសដែលបរិច្ចាគកាលកូវីដ និងប្រាក់ឧបត្ថម្ភរបស់មន្ត្រីជារាការផងដែរ យើងនឹងប្រើប្រាស់នេះ»។
សម្តេចបានបន្ថែមថា នៅក្នុងថវិកាជាង៦លានដុល្លារនេះ បានដកប្រើប្រាស់អស់ប្រមាណ៨០ម៉ឺនដុល្លារហើយ ដើម្បីចាត់ចែងក្នុងការទិញស្បៀងនិងសម្ភារៈប្រើប្រាស់ជួយដល់ជនរងគ្រោះ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
គេសង្កេតឃើញថា ភាគច្រើនជាឧកញ៉ាគ្រាក់នៅស្រុកខ្មែរ ដែលតែងតែចូលរួមបរិច្ចាគថវិកាជានិច្ច រាល់ពេលមានគ្រោះមហន្តរាយ និងការអំពាវនាវពីរាជរដ្ឋាភិបាល។នៅក្នុងចំណោមឧកញ៉ាធំៗ ដែលបានបរិច្ចាគនៅក្នុងយុទ្ធនាការរៃអង្គាសថវិកាជួយដល់ពលរដ្ឋរងគ្រោះក្នុងជំនន់ទឹកភ្លៀងនោះដែរ គេឃើញថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយច្រើនជាងគេ ដល់ទៅ៦០ម៉ឺនដុល្លារ ខណៈដែលឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា ចេន ស៊ី ជួយបាន៥០ម៉ឺនដុល្លារ ក្រៅពីនេះ ឧកញ៉ាផ្សេងទៀត និងសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួន ជួយចាប់ពី១០ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ថវិកាទាំងនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសការទិញស្បៀងអាហារសម្រាប់ជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមតំបន់រងគ្រោះដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ និងតំបន់ដាច់ស្រយាលនៅតាមបណ្តាខេត្តនានា៕