
លោក អ៊ិន ចាន់នី តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បានចូលរួមជាមួយពលរដ្ឋជាង១០០នាក់ទៀត បានជួបជុំគ្នាបង្ហាញពីគោលបំណងក្នុងការតវ៉ារបស់ខ្លួន យ៉ាងដូច្នេះថា៖
«ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីរាយការណ៍ទៅសមាជិក សុំយោបល់ពីសមាជិក ហើយសមាជិកបានឲ្យយោបល់ថា យើងរង់ចាំស្តាប់ការធ្វើអន្តរាគមន៍ពីក្រសួងដែលពាក់ព័ន្ធ ។ នេះជារឿងសំខាន់បំផុត ហើយយើងតវ៉ានេះ មិនមែនតវ៉ាដើម្បីឲ្យគេផ្តល់ជាលុយ ជាកាក់អីទេ គឺយើងតវ៉ាដើម្បីរក្សាស្រះទឹកហ្នឹងតាមប្លង់ដើម ហើយប្លង់មេដើម គឺជាប្លង់ដែលអនុម័តដោយរាជរដ្ឋាភិបាល ហើយបើមិនធ្វើតាម តើយើងរំពឹងអី0x017d7»។
លោក ទិត ហុងយឺ ជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ និងបានចូលរួមតវ៉ានៅព្រឹកមិញដែរនោះ បានប្រាប់ដែរថា លោកមិនមានបញ្ហាទាស់ខុស ឬមិនពេញចិត្តចំពោះការអភិវឌ្ឍកន្លងមករបស់ក្រុមហ៊ុនជីបម៉ុងនេះ នោះទេ ប៉ុន្តែ នៅក្នុងករណីដែលក្រុមហ៊ុននេះ ចង់លុបស្រះនេះ គឺលោក ក៏ដូចជាពលរដ្ឋជាង១០០នាក់ទៀត គឺមិនសុខចិត្តនោះទេ។
លោក ទិត ហុងយឺ បានបញ្ជាក់ថា៖ «ការអភិវឌ្ឍកន្លងមកជាង១០ឆ្នាំ គឺពួកយើងមិនដែលខឹង ឬក៏រមាស់ស្កៀបអីទេ ពួកយើងរីករាយ ប៉ុន្តែ ដល់ឆ្នាំ២០២០ យើងឃើញថា ក្រុមហ៊ុនហ្នឹងផ្សព្វផ្សាយលក់គម្រោងថ្មី ហើយគម្រោងថ្មី គឺការសង់ផ្ទះនៅលើស្រះទឹកហ្នឹង ដូច្នេះហើយបានជាពួកយើងហ្នឹងពិចារណាប្រជុំគ្នា ពិគ្រោះ ថា ការធ្វើហ្នឹង គឺជាការរំលោភទៅលើទ្រព្យសម្បត្តិរួមរបស់សហគមន៍»។

តំណាងសហគមន៍រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ក៏បានបង្ហាញពីក្ដីបារម្ភចំពោះបញ្ហាសុវត្ថិភាពរបស់ពួកគេដែរ ក្រោយពេលដែលថ្មីៗនេះ ពួកគេអះអាងថា មានសកម្មភាពគំរាមកំហែងចំពោះការតវ៉ាដែលធ្វើឡើងដោយសន្ដិវិធីនោះ។
លោក អ៊ិន ចាន់នី បានរៀបរាប់ថា ៖ «គ្រាន់តែសមាជិកម្នាក់ៗសុំដាក់ផ្លាកព្យួរ គេមកលួច លួចហើយស្អែកឡើងយើងដាក់វិញ គេមានកាំភ្លើងមកបំភិតបំភ័យតែម្តង យើងមានរូបភាពពីកាមេរ៉ាសុវត្ថិភាព ហើយដោយសារមានការគំរាមកំហែង ទើបសមាជិកឲ្យយោបល់ថា យើងគួរស្នើសុំសម្តេចតេជោ មេត្តាជួយយើងខ្ញុំដើម្បីឲ្យយើងខ្ញុំហ្នឹងអាចរស់នៅដោយសន្តិភាព ដោយគ្មានការគំរាមកំហែង» ។



បើសិនជាការតវ៉ាលើកនេះ នៅតែមិនទទួលបានលទ្ធផលអ្វីនោះទេ លោក អ៊ិន ចាន់នី និងសមាជិកក្នុងសហគមន៍ទីក្រុងរណបហ្គ្រេនភ្នំពេញទាំង១៤០នាក់ បញ្ជាក់ថា នឹងបន្តរកដំណោះស្រាយដោយសន្តិវិធីបន្តទៀត។
ដោយឡែកខាងតំណាងក្រុមហ៊ុន ជីប ម៉ុង បានឆ្លើយតបប្រាប់សារព័ត៌មាន ខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាមថា ការអះអាងរបស់តំណាងប្រជាពលរដ្ឋមួយចំនួននោះ គឺសម្អាងទៅលើប្លង់មេ ដែលមានបង្ហាញនៅក្នុងរូបថត ដែលវាគ្រាន់តែជាខិតប័ណ្ណផ្សព្វផ្សាយដើម្បីលក់ផ្ទះរបស់ក្រុមហ៊ុនមុនតែប៉ុណ្ណោះ ហើយពុំមានឯកសារជាផ្លូវការណាមួយអាចបញ្ជាក់បានឡើយ ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុនបានអះអាងថា ខ្លួនក៏បានធ្វើការត្រួតពិនិត្យទៅលើកិច្ចសន្យាទិញរវាងអតិថិជនទាំងអស់ជាមួយកម្មសិទ្ធិករចាស់ ក៏ពុំមានកន្លែងណាបញ្ជាក់ថា អាងទឹកនេះនឹងត្រូវរក្សាទុក ដោយមិនអាចធ្វើការអភិវឌ្ឍបាន នាពេលអនាគតនោះឡើយ។
ក្រុមហ៊ុនសង្កត់ធ្ងន់ថា «ដោយឈរលើកម្មសិទិ្ធស្របច្បាប់ ដែលក្រុមហ៊ុនបានទទួលត្រឹមត្រូវ ក្រុមហ៊ុនរក្សាសិទិ្ធអនុវត្តតាមផែនការធុរកិច្ចរបស់ខ្លួន»។

ទោះជាយ៉ាងណា តំណាងក្រុមហ៊ុន ជីប ម៉ុង ហ្គ្រេន ភ្នំពេញ ស៊ីធី នៅតែប្តេជ្ញាកែប្រែអាងស្តុកទឹកបណ្តោះអាសន្ននេះឱ្យក្លាយទៅជាសួនឧទ្យានបៃតងចម្រុះដ៏ធំ ដោយមានដើមឈើជាច្រើនផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃ កន្លែងហាត់ប្រាណ កន្លែងលេងសម្រាប់កុមារ និងទីតាំងសម្រាប់លំហែអារម្មណ៍ ដោយមានកន្លែងបាញ់ទឹក (ហៅថាគម្រោង “Central Park”)៕