នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារ របស់រដ្ឋបាលខេត្តលោក ម៉ម ទូច ប្រធានមន្ទីរសាធារណការខេត្តកែបបានឲ្យដឹងថា មិនយូរទៀតទេ នៅខេត្តកែប នឹងមានកំពង់ផែទេសចរណ៍ ដែលកំពុងតែជួសជុលសម្រាប់បម្រើឲ្យនាវាទេសចរណ៍ខ្នាតតូច និងមធ្យម ដែលមកពីប្រទេសជិតខាងកម្ពុជា។ លោកថា «សូមជម្រាបថា កំពង់ផែទេសចរណ៍ នៅផែកោះទន្សាយនេះ គឺជាកំពង់ផែមួយដែលយើងធ្វើការជួសជុលនូវផែចាស់ អញ្ចឹងទំហំនៃកំពង់ផែនេះ ក្រសួងសាធារណការបានធ្វើការសាងសង់ មានទំហំ៣.៤០០ម៉ែត្រការេ ហើយរហូតមកដល់ពេលនេះគឺលទ្ធផល បានប្រមាណជា ៣០%ហើយ»។
ចំពោះការស្តារឡើងវិញនៃកំពង់ផែទេសចរណ៍នេះត្រូវបាន ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បញ្ជាក់ថា ដោយសារតែខេត្តកែបមានសក្តានុពលទេសចរណ៍ល្អប្រសើរ មិនចាញ់ខេត្តជាប់មាត់សមុទ្រដទៃទៀត ទើបរាជរដ្ឋាភិបាលជំរុញឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីធ្វើឲ្យវិស័យទេសចរណ៍នៃខេត្ត កាន់រីកចម្រើនមួយកម្រិតទៀត។
ឯកឧត្តម កែន សត្ថា បានមានប្រសាសន៍ថា« យើងមានផែនការមួយទៀត គឺថាទេសចរណ៍សមុទ្រនេះ អាចថ្ងៃខាងមុខនេះជាមួយវៀតណាម កម្ពុជា និងថៃ គេហៅថា ទេសចរណ៍តាមផ្លូវទឹក គឺយើងបានពិភាក្សាគ្នាហើយ ថ្ងៃខាងមុខ គឺអាចភ្ជាប់ទំនាក់ទំនង អាចពីត្រាតពីអីមក តាមហ្នឹងចេញមកខេត្តព្រះសីហនុ ចេញពីព្រះសីហនុ មកខេត្តកំពត កែប និងចេញទៅវៀតណាមអ៊ីចឹងទៅ»។
បើតាមឯកឧត្តម កែន សត្ថា ថវិកាសម្រាប់សាងសង់ផែទេសចរណ៍នៅខេត្តកែបនេះ គឺជាថវិការបស់រាជរដ្ឋាភិបាល ដោយក្រសួងសាធារណៈគឺជាអ្នកសាងសង់ដោយផ្ទាល់ ដោយឯកឧត្តមអះអាងថា នឹងធ្វើឲ្យទៅផែនេះ ទៅជាផែស្តង់ដាមួយ ដែលអាចចូលនាវាដឹកភ្ញៀវទេសចរណ៍ នាវាទំនើបៗអាចផ្ទុកមនុស្សបានប្រមាណ ១០០ ទៅ២០០នាក់៕