កាលពីថ្ងៃទី១២ ខែឧសភា ម្សិលមិញនេះ ក្រសួងអប់រំបាន ធ្វើលិខិតស្នើមួយជូនទៅសម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកឆ្លងជាលើកទី២។
ចំពោះការស្នើបន្តពន្យារពេលបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទបន្តទៀតនេះដែរ ក្រសួងអប់រំបានអះអាង ដោយឈរលើមូលដ្ឋាន៤៖
១. ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលខ្លាំងឡើងនៅលើពិភពលោក ដែលមកទល់នឹងពេលនេះ មានអ្នកផ្ទុក មេរោគកូវីដ១៩ ជាង៤លាននាក់ហើយ ពោលគឺមិនទាន់អាចគ្រប់គ្រងបាន ព្រោះមិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងនៅឡើយ។
២. ទោះបីនៅកម្ពុជា មានស្ថានភាពធូរស្បើយបន្តិចមែនពីជំងឺនេះ តែកម្ពុជានៅតែប្រឈមខ្ពស់ ចំពោះហានិភ័យនៃការឆ្លងររីករាលបន្តទៀត ប្រសិនបើមិនការអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ដែលបានដាក់ចេញ។
៣.ក្រសួងបានរៀបចំឲ្យមានសិក្សាតាមប្រព័ន្ធសិក្សាពីចម្ងាយ (ការសិក្សាតាមប្រព័ន្ធអនឡាញ) ទាំងវិស័យរដ្ឋនិងឯកជន ដើម្បីបញ្ចៀសបច្ច័យអវិជ្ជមាន ដែលអាចឲ្យគ្រឹះស្ថានសិក្សាឯកជនបិទទ្វារ។
៤.ការបើកសាលារៀនឡើងវិញលឿនពេក ជាការប្រថុយទៅនឹងរលកទី២ នៃការឆ្លងមេរោគកូវីដ១៩ ដែលអាចធ្វើឲ្យសិស្សប្រឈមនឹងការឆ្លង ដែលអាចធ្វើឲ្យសាលារៀនក្លាយជាប្រភពនៃការចម្លងក្នុងសហគមន៍។
នៅក្នុងលិខិតដដែលនេះ បានបញ្ជាក់ទៀតថា ការបើកសាលារៀនឡើងវិញ នឹងបង្កើតការប្រឈមថ្មី ជាពិសេសប្រសិនបើមានការផ្ទុះការឆ្លងចូលក្នុងសហគមន៍ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការបោះឆ្នោតឆ្នាំ២០២៣។
សូមជម្រាបថា គិតត្រឹមថ្ងៃនេះ គឺមានរយៈពេលជិត២ខែហើយ ដែលសាលារៀនគ្រប់កម្រិត ទាំងរដ្ឋនិងឯកជន បានបិទទ្វារបណ្តោះអាសន្ន និងបានដាក់យន្តការសិក្សាពីចម្ងាយ ឬការសិក្សាតាមប្រព័ន្ធអនឡាញ បានជិតមួយខែហើយ ដោយក្រសួងយល់ថា ការសិក្សាតាមប្រព័ន្ធនេះ អាចជាកាលានុវត្តភាពថ្មីមួយសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យអប់រំរបស់ខ្លួនដូចទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតផងដែរ៕