នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ករណីឆ្លងថ្មីទាំង២៣នាក់នោះ ជាអ្នកដែលបានធ្វើមកដំណើរមកតាមជើងហោះហើរ០៣ផ្សេងគ្នា រួមមាន ០៤នាក់ ជាជនជាតិឥណ្ឌូនេស៊ី បានធ្វើដំណើរមកតាមជើងហោះហើរ AK 538 ចំណែក០៤នាក់ទៀតជាជនជាតិខ្មែរ បានធ្វើដំណើរតាមជើងហោះKR 708 និង១៥នាក់ទៀត បានធ្វើដំណើរតាមជើងហោះហើរម៉ាឡេស៊ី ដែលបានត្រលប់មកពីប្រទេសអេហ្ស៊ីបនិងរុស្សី កាលពីថ្ងៃទី១៩ កក្កដា កន្លងទៅ។
ចំពោះករណីជាសះស្បើយវិញ គឺជាបុរសម្នាក់រស់នៅខេត្តត្បូងឃ្មុំ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីកាលពីពេលកន្លងទៅ ត្រូវបានក្រសួងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។
បច្ចុប្បន្ននេះ ជនជាតិឥណ្ឌូនេស៊ី០៤នាក់ខាលើ ត្រូវបានក្រសួងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជនជាតិខ្មែរ០៤នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ខណៈដែល១៥នាក់ទៀត ត្រូវព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ដោយឡែកអ្នករួមដំណើរផ្សេងៗទៀត ក៏កំពុងបន្តដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងសណ្ឋាគារនិងមណ្ឌលនានា នៅរាជធានីភ្នំពេញ ដែលបានរៀបចំដោយសុខាភិបាលផងដែរ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ២២៥នាក់ហើយ នៅក្នុងនោះ មានអ្នកជាសះស្បើយចំនួន១៤៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៨២នាក់៕