ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

តើពេញ១ខែ​នៃព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មានផ្ទុះរឿងរ៉ាវសំខាន់ៗអ្វីខ្លះ?


គិតមកទល់ថ្ងៃទី ២០ខែមីនានេះ មាន​រយៈពេល​១ខែហើយ ដែល​ព្រឹត្តិការណ៍​​ឆ្លង​​សហគមន៍​២០កុម្ភៈ បានផ្ទុះឡើងនឹងកំពុងរីករាលដាលខ្លាំងឡើងៗនៅកម្ពុជា ខណៈដែល​ចំនួនអ្នកឆ្លងកូវីដ-១៩ រកឃើញជាប់ទាក់ទងនឹងព្រឹត្តិការណ៍នេះ បានកើនដល់ជាង១ពាន់នាក់ហើយ។ សារព័ត៌មាន​ឌីជីថល​ខេមបូណូមីស​សូមស្រង់យកយកព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងរយៈពេល១ខែកន្លងមកនេះ ដែលមានដូចខាងក្រោមនេះ។
តើពេញ១ខែនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានផ្ទុះរឿងរ៉ាវសំខាន់ៗអ្វីខ្លះ? (រូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ)
ដោយ

-ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាថ្ងៃផ្ទុះនៃ​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារ​ពិសេស​មួយចេញ​ពីភូមិគ្រឹះ​របស់​សម្តេច​នៅក្រុងតាខ្មៅ ដើម្បីបញ្ជាក់​ពីបច្ចុប្បន្នភាព​នៃជំងឺកូវីដ-១៩ នៅកម្ពុជា និងប្រកាស​ពីការ​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩​ ចំនួន៣២នាក់​ក្នុងសហគមន៍ ដែល សម្តេចឲ្យ​ឈ្មោះថា«ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ»។ អ្នកជំងឺថ្មី​ទាំង​៣២រូប ត្រូវបាន​រកឃើញ​កើតលើ​ជនជាតិបរទេស​ទាំងអស់ ដោយ សម្តេច អះអាងថា ក្លឹបកម្សាន្តមួយ​ដែលមាន​ឈ្មោះថា N8  ជាកន្លែង​ផ្ទុះនៃព្រឹត្តិការណ៍​សហគមន៍​លើកទីបីនេះ។ ភ្លាមៗនោះ សម្តេច ហ៊ុន សែន បានបញ្ជា​ឲ្យបិទទីតាំង​មួយចំនួន​នៅរាជធានី​ភ្នំពេញ ដែលមាន​ហានិ​ភ័​យខ្ពស់​ក្នុង​ការឆ្លង​ជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍នេះដែរ បានកើតឡើង​ក្រោយស្ត្រីជនជាតិចិន​ពីររូប​បានគេចចេញ​ពីកន្លែង​ធ្វើចត្តាឡីស័ក​នៅ​សណ្ឋាគារ​សុខា​ត្រើយម្ខាង​លួចចេញ​មកដើរ​លេងកម្សាន្ត​នៅក្លឹបពេលរាត្រី​ដែលបាន​បញ្ជាក់ខាងលើនេះ​។ ពាក់ព័ន្ធបញ្ហានេះ សន្តិសុខម្នាក់ ដែល​ជួយសម្រប​សម្រួល​ឲ្យស្ត្រីជនជាតិចិន​ចេញ​ពីកន្លែង​ធ្វើចត្តាឡីស័ក​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ។

-ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ-១៩ AstraZeneca​​ ជាង៣០ម៉ឺន​ដូសត្រូវ​ដឹក​មក​ដល់កម្ពុជា

វ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣២៤.០០០​ដូស ក្រោមគម្រោង​នៃមជ្ឈមណ្ឌល COVAX នៃអង្គការ​សុខភាព​ពិភពលោក​ត្រូវបាន​ដឹកមកដល់​កម្ពុជា​នៅយប់ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២១។​ នេះជាវ៉ាក់សាំង​កូវីដ​-១៩ ជំហានទី១ នៃយន្តការ COVAX ​​ ដែលត្រូវ​បានបង្កើត​ឡើង ដើម្បីធានា​ភាព​ស្មើគ្នា​រវាង​ប្រទេស​អ្នក​មា​ន​ និងប្រទេស​ក្រីក្រ​ក្នុងការ​ទទួលបាន​វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់​ឲ្យ​ប្រជាពលរដ្ឋ។ យន្តការកូវ៉ាក់ គឺផ្តល់វ៉ាក់សាំង​កូវីដ-១៩ ដល់ប្រទេស​ក្រីក្រ​ចំនួន​២០% នៃចំនួនប្រជាជនសរុប។

គិតមកដល់​បច្ចុប្បន្ន​កម្ពុជា​ទទួលបាន​ជំនួយ​វ៉ាក់​សាំងកូវីដ-១៩សរុប​ចំនួន ៩២៤.០០០ដូស ក្រោយកម្ពុជា​ទទួលបាន​ជំនួយ​វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម​ចំនួន ៦០ម៉ឺនដូស ដែលបាន​ដឹកមក​ដល់កម្ពុជា​នៅថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២១។ 

-ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១​ សម្តេច ហ៊ុន សែន ចាក់វ៉ាក់​សាំងកូវីដ-១៩ AstraZeneca លើកដំបូង

ក្រោយប្រកាស​លុបចោល​គម្រោង​ចាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ក្រោមហេតុផលលើស​អាយុ​ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បានសម្រេច​ចាក់វ៉ាក់សាំង​កូវីដ-១៩ ប្រភេទ AstraZeneca ដែលជា​ជំនួយ​របស់មជ្ឈម​ណ្ឌលកូវ៉ាក់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១​ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រៅពីសម្តេច ក៏មាន​វត្តមានថ្នាក់ដឹក​នាំក្រសួង ស្ថាប័ន ជាច្រើន​រូបទៀត​បានចាក់វ៉ាក់សាំង​នេះ​ផងដែរ។

ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​ក្រោយ​ចាក់វ៉ាក់សាំងរួច សម្តេច ហ៊ុន សែន បានក្រើន​រឭក​ដល់ពល​រដ្ឋកុំ​ឲ្យខ្វល់​ពីប្រភព​វ៉ាក់សាំង​មកពី​ប្រទេសណា តែត្រូវខ្វល់ថា តើកម្ពុជា​មានវ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់ចាក់​ឲ្យប្រជាពលរដ្ឋ ឬអត់។ 

-ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២០១ សម្តេច ហ៊ុន សែន បញ្ជា​ឲ្យបិទ​ការធ្វើដំណើរ​ចេញ-ចូល​ខេត្តព្រះសីហនុ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៤ មីនា បានថ្លែង​សារ​ពិសេសមួយ ដោយបញ្ជា​ឲ្យ​អាជ្ញាធរបិទ​ការធ្វើដំណើរ​ចេញ-ចូល​ខេត្តព្រះសីហនុ​ជាបណ្តោះអាសន្ន តែអនុញ្ញាត​ឲ្យរថយន្ត​ដឹកទំនិញ​នៅធ្វើចរាចរ​ណ៍ធម្មតា។ ការបញ្ជារបស់សម្តេច ធ្វើឡើងក្រោយ​ខេត្តជាប់មាត់សមុទ្រ​មួយនេះ​ កំពុងផ្ទុះ​ការឆ្លងខ្លាំង​នៃ​ជំងឺកូវីដ-១៩។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់​ការឆ្លង​រីករាលដាល​​នៃជំងឺកូវីដ-១៩ ពីខេត្តមួយទៅខេត្តមួយ​ ហើយមកទល់​នឹង​ថ្ងៃទី ២០ ខែមីនានេះ ខេត្ត​ព្រះសីហនុ​នៅបន្ដ​បិទនៅឡើយ។

-ថ្ងៃទី១១​ មីនា ច្បាប់ស្តី​ពីវិធាន​ការទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើង

ស្របពេល​ប្រទេសកម្ពុជា​កំពុង​ទទួល​រងនូវការ​ឆ្លងជំងឺកូវីដ-១៩ ខ្លាំង ក្នុងសហគមន៍ គណៈរដ្ឋមន្ត្រី​បានបើកកិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​បន្ទាន់​មួយ​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​ដើម្បី​ពិភាក្សា​លើសេចក្តីព្រាង​ច្បាប់​ស្តីពីវិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ​ និងប្រកបដោយគ្រោះ​ថ្នាក់​ផ្សេងទៀត។ 

ក្រោយពិនិត្យ និងដំណើរការ​នីតិវិធី​បានប្រមាណ​១០ថ្ងៃ​ ច្បាប់ថ្មីនេះ ត្រូវបាន​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី​ចុះហត្ថលេខា​​នៅថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២១។ មួយថ្ងៃបន្ទាប់នោះ សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ​អនុក្រឹត្យ​ស្តីពីវិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងទៀត ឲ្យប្រើប្រាស់​ជាផ្លូវការផងដែរ។ 

-ថ្ងៃទី១៦ ខែមីនា កម្ពុជារកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ថ្មី ចំនួន​១០៥នាក់ ដែលជា​ចំនួន​ច្រើន​បំផុតមិនធ្លាប់មាន

ក្រសួងសុខាភិបាល​នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១​ បានប្រកាស​ពីការ​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ថ្មី ចំនួន១០៥នាក់ ដែលសុទ្ធសឹង​ជា​អ្នក​ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។ នេះជាចំនួន​ដ៏ច្រើនបំផុតមិនធ្លាប់មាន តាំងពីប្រទេស​កម្ពុជា​ផ្ទុះឆ្លង​កូវីដ​ជាលើក​ដំបូង​តាំងពី​ខែមករា​ ឆ្នាំ២០២០មក។

គិតត្រឹមថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១​ ដែលជា​ខួប១​ខែនៃព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ កម្ពុជា​រកឃើញអ្នកឆ្លងជំងឺកូវីដ​-១៩ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះសរុប​ចំនួន ១.១១៥នាក់ ខណៈដែលអ្នកស្លាប់​មាន ចំនួន ៣នាក់។ រីឯ​ចំនួន​អ្នកជាសះស្បើយវិញមាន​ ៤៣១នាក់។ ប៉ុន្តែបើគិត​អ្នកឆ្លង​ជំងឺកូវីដ-១៩ នៅកម្ពុជា​សរុប​មានចំនួន ១.៦៣២នាក់ និងមាន​អ្នកជា​សះស្បើយ​៩៣៥នាក់។

-ថ្ងៃទី១១ និង ១៩ ខែមីនា កម្ពុជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ចំនួន៣នាក់

ក្រសួង​សុខាភិបាល​កាលពីថ្ងៃទី១១ ខែមីនា បាន​ប្រកាស​ពីករណីស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ជាលើកដំបូង ដោយកើតឡើង​បុរសវ័យ​៥០ឆ្នាំ​ជនជាតិខ្មែរម្នាក់ ដែលជាតៃកុង​ឡាន​របស់​ជនជាតិចិន ដែលមានផ្ទុកជំងឺ​កូវីដ-១៩។

បន្ទាប់មកនៅថ្ងៃទី១៩ មីនា ក្រសួងសុខាភិបាល​បានប្រកាស​ករណីស្លាប់​ដោយសារ​ជំងឺកូវីដ-១៩​ចំនួនពីរករណីផ្សេងគ្នា​ជាបន្តបន្ទាប់។ ករណីទាំង​ពីរនេះបានកើតឡើង​លើស្ត្រី​ខ្មែរ​វ័យ ៦២ឆ្នាំ ដែលជាភរិយារបស់តារា​ចម្រៀង​ជើងចាស់ ហួរ ឡាវី និងមួយទៀត កើតលើបុរស​ជនជាតិ​ខ្មែរ​វ័យ៤៦ឆ្នាំ នៅសង្កាត់​បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ត្រូវបាន​ក្រសួងសុខាភិបាល ក៏ដូចជា​អង្គការសុខភាព​ពិភពលោក​បាន​អះអាងថា គឺការឆ្លងចូលសហគមន៍​​ធ្ងន់ធ្ងរជាង​២លើក​មុនៗ​ដែលកម្ពុជា​ធ្លាប់ជួប​ប្រទះ។លោស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការ​សុខភាពពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា «សោកនាដកម្ម​នៃការបាត់បង់​ជីវិត​ជាលើកដំបូង​ដោយសារជំងឺកូវីដ-១៩ ជាសារក្រើនរំឭកយើង​ទាំងអស់គ្នា​អំពី​ភាពធ្ងន់ធ្ងរនៃជំងឺនេះ។ ជំងឺនេះ អាចវាយប្រហារយើង​គ្រប់គ្នា​នៅគ្រប់ពេលវេលា»។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ដែរថា «ពេលនេះជាស្ថានភាពអាសន្នមួយ។ យើងគ្រប់គ្នា​ត្រូវតែអនុវត្ត​វិធានការ​ការពារ​ជាចាំបាច់ ដើម្បីកាត់បន្ថយ​ហានិភ័យ​នៃការឆ្លង​ជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្ដាច់​ខ្សែចម្លង​ជំងឺនេះ ឲ្យបាន​កាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន»។

លោកជំទាវ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវអនុវត្ត​វិធានការ​ ៣ការពារ និង៣កុំ ដូចជា​ត្រូវពាក់ម៉ាស់ឲ្យបាន​ត្រឹមត្រូវ លាងសម្អាតដៃជាប្រចាំជាមួយនឹង​សាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតពីគ្នា​ឲ្យបាន​យ៉ាងតិច​១ម៉ែត្រកន្លះ និងមិនត្រូ​វទៅកន្លែង​ដែលបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ កន្លែងមាន​មនុស្សច្រើន​អ៊ូអរ មិនត្រូវប៉ះពាល់គ្នា ចាប់ដៃគ្នា ឬក៏ឱបគ្នាឡើយ៕

None



អត្ថបទបន្ទាប់


មហាសេដ្ឋី Elon Musk ថា Tesla នឹងត្រូវបិទទ្វារបើរថយន្ដរបស់ខ្លួនប្រព្រឹត្តអំពើចារកម្មនៅចិន

ក្រោយពីរដ្ឋាភិបាលចិន បានហាមផ្ដាច់យោធារបស់ខ្លួនប្រើប្រាស់រថយន្ដ Tesla ដោយសារតែបារម្ភពីបញ្ហាសន្ដិសុខរួចមក នៅថ្ងៃសៅរ៍ ទី២០ ខែមីនា កំពូលមហា…

នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន​ ឆ្លង​កូវីដ-១៩ ក្រោយ​ចាក់​វ៉ាក់សាំងបាន២ថ្ងៃ

នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) អាយុ ៦៨ឆ្នាំ បាន​តេស្ត​វិជ្ជមាន​មេរោគ​កូវីដ-១៩ នៅក្រោយ​ពេល​លោក​ចាក់​វ៉ាក់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ