នៅក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា គម្រោងនេះ នឹងអាចជួយផ្តល់ព័ត៌មាន ផ្តល់ការអប់រំ និងទទួលបាន ការចូលរួមពីសំណាក់ប្រជាជនកម្ពុជា ទាំងក្មេង និងចាស់ ស្តីអំពីការការពារព្រៃឡង់ ។
ឯកឧត្តម សៅ សុភាព បានបន្ថែមថា៖ «បានកត់សម្គាល់ឃើញថា នៅក្នុងយុទ្ធនាការនេះផងដែរ ក៏មានដំណើរការប្រកួតប្រជែង តាមរយៈការផលិតវីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជំរុញដល់ការចូលរួមពីយុវជនក្នុងការផ្សព្វផ្សាយពីសម្រស់ និងសារសំខាន់ របស់តំបន់ទេសភាពព្រៃឡង់ នៅកម្ពុជា។ ដូច្នេះ ខ្ញុំចង់លើកទឹកចិត្តឱ្យមនុស្សគ្រប់ៗគ្នា ប្រើប្រាស់កាមេរ៉ា ឬទូរសព្ទ ដៃមកចូលរួមសហប្រតិបត្តិការ ប្រកបដោយភាពវិជ្ជមាន និងក្នុងន័យស្ថាបនា ដើម្បីជួយជំរុញឱ្យមានការផ្លាស់ប្តូរ ឥរិយាបទជាសាធារណៈ ឆ្ពោះទៅរកការស្រឡាញ់ព្រៃឡង់ និងបរិស្ថានជាទូទៅ»។
ដោយឡែក លោកស្រី វីណា រេដឌី នាយកបេសកកម្ម ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) ប្រចាំកម្ពុជា បានឲ្យដឹងថាដែរថា នៅពេលបច្ចុប្បន្ននេះ កម្មវិធីរបស់ USAID ផ្តោតលើតំបន់ជីវចម្រុះសំខាន់ៗចំនួនពីរ គឺតំបន់ព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត ហើយកិច្ចខិតខំប្រឹងប្រែងនេះ បានចូលរួមជាចំណែកក្នុងការ ការពារប្រភេទសត្វដែលជិតផុតពូជសំខាន់ៗ នៅក្នុងតំបន់ភូមិសាស្ត្រទាំងនោះ។
លោកស្រី វីណា រេដឌី បានបញ្ជាក់ថា៖ «យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សហគមន៍ ក្រសួងចំណុះរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដើម្បីជួយការពារបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជា ហើយនេះជាលទ្ធផល ដែលប្រជាជនកម្ពុជានឹងទទួលអត្ថប្រយោជន៍ពីគម្រោងនេះផងដែរ»។
សូមជម្រាបថា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ដោយប្រធានាធិបតី John F. Kennedy និងដើរតួនាទី ជាទីភ្នាក់ងារនាំមុខនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយបរទេស។ ចាប់តាំងពីឆ្នាំ ១៩៩២ មក USAID បានផ្តល់ជំនួយប្រមាណជាង ១ ពាន់លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍ ដល់ប្រទេសកម្ពុជា។