ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រកាសថា ព្យុះទី១៦ឈ្មោះណាងកា ដែលអាចកើតមាននៅថ្ងៃទី១២ខែតុលា នៅសមុទ្រចិនខាងត្បូង ហើយនៅថ្ងៃទី១៤ដល់ថ្ងៃទី១៥ អាចថយឥទ្ធិពលរបស់វានៅមកក្រុងហាណូយវៀតណាម នឹងអាចមានឥទ្ធិពលតិចតួចមកលើកម្ពុជា។
ដោយឡែកព្យុះទី១៧ ឈ្មោះ សូវឌែល អាចនិងកើតឡើងនៅថ្ងៃទី១៤ នៅខាងកើតប្រទេសហ្វីលីពីន និងដើរឆ្ពោះមកសមុទ្រចិនខាងត្បូង ។ ព្យុះនេះនឹងធ្វើដំណើរពីសមុទ្រចិនខាងត្បូង ចូលមកភាគខាងត្បូង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា និងនៅថ្ងៃទី១៨ នឹងចុះថយឥទ្ធិពលនៅពេលវាចូលមកខេត្តរតនគិរី និងស្ទឹងត្រែង របស់ប្រទេសកម្ពុជា។
ការប្រកាសអំពីការប្រែប្រួលអាកាសធាតុថ្មីនេះ បានធ្វើឡើង ខណៈខេត្តចំនួន១១របស់កម្ពុជាកំពុងរងការជន់លិចដោយទឹកភ្លៀង ធ្វើឱ្យមនុស្ស១១នាក់ស្លាប់ និងធ្វើឱ្យពលរដ្ឋជាង១ពាន់គ្រួសារត្រូវជម្លៀសទៅកន្លែងសុវត្ថិភាព។
តាមការឲ្យដឹងពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។ទឹកជំនន់នេះ ធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិក និងបានបង្កឱ្យប្រជាពលរដ្ឋ ១០នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស៕