ឧត្តមសេនីយ៍ឯក Aung Lin Dwe រដ្ឋលេខាធិការនៃរបបយោធាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា អ្នកទោសចំនួនជាង ១ ពាន់ ៦ រយនាក់ រួមទាំងជនបរទេសដែលជាប់ឃុំចំនួន ៤២ នាក់ នឹងត្រូវបានដោះលែងក្រោមការលើកលែងទោសជាផ្នែកមួយនៃការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់មីយ៉ាន់ម៉ា ដើម្បីនាំមកនូវភាពសប្បាយរីករាយសម្រាប់ប្រជាជន និងដោះស្រាយក្ដីកង្វល់ទាក់ទងនឹងបញ្ហាមនុស្សធម៌។
ទោះបីជាយ៉ាងនេះក្តី យោងតាមក្រុមសកម្មជនសមាគមជួយអ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា យោធាបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ១ ម៉ឺន ៣ ពាន់នាក់ និងបានសម្លាប់អ្នកប្រឆាំងចំនួនជិត ១ ពាន់ ៨ រយនាក់ចាប់តាំងពីមានរដ្ឋប្រហារមក ខណៈការដោះលែងនេះ គឺ មិនបានបញ្ជាក់ទេថានឹងរួមបញ្ចូលសមាជិករដ្ឋាភិបាលស៊ីវិលដែលត្រូវបានផ្ដួលរំលំ និង អ្នកដែលចាប់ខ្លួនដាក់ក្នុងពន្ធនាគារនៅពេលមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដែរ ឬក៏អត់នោះទេ។
យ៉ាងណាក៏ដោយចុះ ប្រភពព័ត៌មាន Reuters ថាគ្មានអ្នកតវ៉ានយោបាយណាមួយត្រូវបានដោះលែងពីពន្ធនាគា Insein នោះទេ។
គួរជម្រាបថា ក្នុងចំណោមអ្នកដែលត្រូវបានគេឃុំខ្លួននោះមានមេដឹកនាំរដ្ឋាភិបាលដែលត្រូវបានពួកយោធាផ្តួលរំលំ គឺលោកស្រី Aung San Suu Kyi ដែលកំពុងត្រូវបានឃុំខ្លួនក្នុងរដ្ឋធានី Naypyidaw និងទីប្រឹក្សាសេដ្ឋកិច្ចអូស្ត្រាលីជនជាតិរបស់លោកស្រី គឺ លោក Sean Turnell ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌល Insein នៅជាយក្រុង Yangon និង មានអ្នកទោសនយោបាយសំខាន់ៗជាច្រើនរូបទៀតដែលកំពុងជាប់ឃុំ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន