លោក អ៊ុំ ឈុន ប្រធានការិយាល័យរដ្ឋបាលសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប បានលើកឡើងថា ត្បិតថា ការផលិតអំបិលឆ្នាំនេះមានការថមថយបរិមាណក្ដី ប៉ុន្ដែ ការលក់អំបិលហាក់មានភាពល្អប្រសើរច្រើន ដែលអាចឲ្យសហគមន៍មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្វិលទុន សម្រាប់ត្រៀមផលិតអំបិលនៅរដូវក្រោយទៀត។ មិនតែប៉ុណ្ណោះ សហគមន៍នេះក៏គ្រោងនឹងផលិតផលិតផលអំបិលថ្មីមួយប្រភេទទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេសផងដែរ។
បើតាមការបញ្ជាក់ពីលោក អ៊ុំ ឈុន នៅអំឡុងឆ្នាំ២០១៧-២០១៨នេះ សហគមន៍អ្នកផលិតអំបិលខេត្តកំពត និងកែប គ្រោងនឹងផលិតផលិតផលថ្មីរបស់ខ្លួន ហៅថាផ្កាអំបិល ដែលជាផលិតផលអំបិលមួយប្រភេទ មានគុណភាពខ្ពស់ លើសពីអំបិលធម្មតា សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការនាំចេញទៅក្រៅប្រទេស។ លោកអះអាងថា ប្រសិនបើគម្រោងនេះជោគជ័យមែននោះ អ្នកផលិតអំបិលកម្ពុជានឹងមានក្ដីសង្ឃឹមមុខញញឹមពព្រាយ លែងមានការព្រួយបារម្ភពីបញ្ហាទីផ្សារទៀតហើយ។
ផលិតផលផ្កាអំបិលនេះ គឺកំពុងមានតម្រូវការខ្ពស់សម្រាប់ការទទួលទាន ពិសេស សម្រាប់លក់នៅលើទីផ្សារអន្តរជាតិ ដោយសារវាមានសភាព ស ស្ងួតល្អ និងជាផលិតផលធម្មជាតិសុទ្ធសាធ ដែលខុសពីអំបិលម៉ដ្ឋដែលនាំចូលពីប្រទេសជិតខាង។ ដូច្នេះហើយ ទើបសហគមន៍បានសហការជាមួយដៃគូដែលជាក្រុមហ៊ុនឯកជនមួយ គ្រោងផលិតផ្កាអំបិលនេះឡើង និងរំពឹងថា នឹងអាចធ្វើការនាំចេញទៅទីផ្សារប៉ែកអឺរ៉ុប។
លោកបានលើកឡើងទៀតថា កន្លងមកនេះ ក៏មានក្រុមហ៊ុនមួយបានទិញអំបិលប្រភេទលេខមួយពីសហគមន៍ប្រមាណ១៨តោន យកទៅលក់សាកល្បងនៅទីផ្សារបារាំងរួចហើយ ប៉ុន្ដែ នៅមិនទាន់ដឹងថា ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។
យ៉ាងណាក៏ដោយ លោក អ៊ុំ ឈុន អះអាងថា ប្រសិនបើការនាំចេញនេះទទួលបានជោគជ័យ នោះសហគមន៍អ្នកផលិតអំបិលកម្ពុជានឹងមានក្ដីសង្ឃឹមខ្ពស់សម្រាប់ទីផ្សារអំបិល និងផ្កាអំបិលដែលត្រៀមនឹងផលិតនាពេលខាងមុខនេះ។
បើតាមការឲ្យដឹងពីប្រធានការិយាល័យសហគមន៍អំបិលរូបនេះ បានឲ្យទៀតដឹងថា ការផលិតអំបិលនៅឆ្នាំនេះ ហាក់មានការថមថយខ្លាំង ខុសពីឆ្នាំមុនដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន ពោលគឺអាចផលិតអំបិលបានប្រមាណតែ ៣៥០០០តោនប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ខណៈដែលកាលពីឆ្នាំ២០១៦ សហគមន៍មួយនេះផលិតអំបិលបានជាង១៨ម៉ឺនតោនឯណោះ។
ទោះបីជាបរិមាណផលិតអំបិលឆ្នាំនេះ មានតិចក៏ដោយ ប៉ុន្ដែ ការផ្គត់ផ្គង់អំបិលលើទីផ្សារសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ នៅតែអាចរក្សាស្ថិរភាពបានល្អដដែល ព្រោះថា ការផលិតអំបិលកាលពីឆ្នាំ២០១៥-២០១៦ មានចំនួនច្រើនលើសលុប ដែលបានបន្សល់អំបិលទុកនៅក្នុងស្ដុករហូតមកទល់ពេលនេះ មានប្រមាណ២០ម៉ឺនតោន។
ដោយឡែក តម្លៃអំបិលលេខមួយលក់ចេញពីសហគមន៍នៅក្នុងឆ្នាំនេះមានតម្លៃ ១៤៦០០រៀលសម្រាប់អំបិល១បាវទម្ងន់៥០គីឡូក្រាម ខណៈដែលអំបិលលេខ២មានតម្លៃ ១២៦០០រៀល និងអំបិលលេខបី មានតម្លៃ ១១០០០រៀល។
សូមជម្រាបថា ផ្ទៃដីខេត្តកំពត និងកែប គឺជាទីតាំងផលិតអំបិលតែមួយគត់សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេស ដែលមានផ្ទៃដីផលិតអំបិលជាង ៤ពាន់៥០០ហិកតា ដោយក្នុងនោះ ផ្ទៃដីមួយហិកតាអាចមានសមត្ថភាពផលិតអំបិលបានជាមធ្យមចំនួន២០តោន៕