នយោបាយ-​នំបញ្ចុក

នាយករដ្ឋមន្រ្តី​អះអាង​ថា ហូប​នំ​បញ្ចុក​មិនមែន​ជា​ជំហាន​ឈាន​ទៅ​រក​ការ​ចរចា​នយោបាយ​ទេ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ចំ​ថ្ងៃ​តែ​មួយ​ជាមួយ​ក្រុម​​អតីត​បក្ស​ប្រឆាំង គឺ​មិន​មែន​ជា​ជំហាន​ឈាន​ទៅរក​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ណា​មួយ​នោះ​ទេ ប៉ុន្តែ ជា​ការ​សាមគ្គីភាព​និង​ឯកភាពជាតិ។
នាយករដ្ឋមន្រ្តី​អះអាង​ថា ហូប​នំ​បញ្ចុក​មិនមែន​ជា​ជំហាន​ឈាន​ទៅ​រក​ការ​ចរចា​នយោបាយ​ទេ។
ដោយ

ជា​មេដឹកនាំ​បក្ស​កាន់​អំណាច​ផង​ដែរ សម្តេច ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ថា នឹង​មាន​ពិធី​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី៩ មិថុនា​នេះ គឺ​ចំ​ថ្ងៃ​ដូចគ្នា​ដែល​ក្រុម​អ្នក​គាំទ្រ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​គ្រោង​នឹង​រៀបចំ​ពិធី​ដូចគ្នា​នេះ​ផង​ដែរ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល មក​ពី​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ សម្តេច​បាន​ថ្លែង​ដូច្នេះ​ថា ៖ «តែ​សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ​ធ្វើ​ជា​ការវិភាគ​អ្វី​ផ្សេង​ក្រៅ​ពី​រឿង​ស៊ី​នំ​បញ្ចុក​ព្រោះ​អ្នក​ខ្លះ​គិត​ថា វា​ជា​ជំហាន​ទៅ​ដល់​ការ​ចរចា​នយោបាយ។ សុំ​កុំ​ភ័ន្ត​ច្រលំ។ ខ្ញុំ​និយាយ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គី​ភាព ឯកភាព​ជាតិ តាមរយៈ​ការ​ទទួល​ទាន​នំ​បញ្ចុក​ ថ្ងៃ​៩​មិថុនា នេះ តែ​ម្តង។»

សម្តេច ហ៊ុន សែន បាន​បន្ត​ថា ៖ «កុំ​គិត​ថា បក្ស​ណា​បក្ស​ណី។ អញ្ជើញ​គេ​មក​ស៊ី​មក៍ បើ​គេ​មក ក៏មក បើ​គេ​មិន​មក ក៏​ហី​ទៅ។ ហើយ​បើ​គេ​ហៅ​យើង​ទៅ​ស៊ី យើង​ក៏​ទៅ​ស៊ី​ដែរ ជា​ការ​គួរសម។»

សម្តេច​បាន​បន្ត​ថា ការ​ហូប​នំ​បញ្ចុក​នេះ គឺ​ជា​ការ​សាមគ្គីភាព​និង​ឯកភាព​ជាតិ ជៀសវាង​ធ្វើ​ការ​លាប​ពណ៌​គ្នា ឬ​ក៏​អាច​និយាយ​ថា ជំរុញ​ឲ្យ​មាន​ចលនា​ដើម្បី​ប្រើ​របស់​ខ្មែរ​ ហើយ​ប្រហែល​ជា​លើក​នេះ ក៏​បំបែក​ឯត្តទគ្គ​កម្ម​ពិភព​លោក ព្រោះ​អាច​អ្នក​ហូប​ដល់​ទៅ ៧​លាន​នាក់ ឬ​ក៏ ៨​លាន​នាក់។

យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យ៉ាងហោច​ណាស់ មាន​​អ្នក​​គាំទ្រ ឬ​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៤៧​នាក់ ត្រូវ​បាន​គេ​កោះហៅ​សាកសួរ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​បក្ស​ប្រឆាំង​នេះ នៅ​ឆ្នាំ​២០១៧។

ការ​កោះហៅ​មួយ​ចំនួន​កើត​មាន​ឡើង ​បន្ទាប់ពី​មាន​ការ​ជួប​ជុំ​ហូប​នំ​បញ្ចុក​ផងដែរ សម្រាប់​ករណី​នៅ​ខេត្ត​បាត់ដំបង។

ប្រតិកម្ម​ទៅនឹង​ការ​ប្រកាស​របស់​សម្តេច ហ៊ុន សែន ឲ្យ​មាន​ពិធី​ហូប​នំ​បញ្ចុក​ចំ​ថ្ងៃ​តែ​មួយ លោកស្រី មួរ សុខហួរ អតីត​អនុប្រធាន​បក្ស​ប្រឆាំង បាន​និយាយ​តាម​ទ្វីតធ័រ ថា ៖ «យើង​មាន​សេរីភាព​ហើយ នៅទី​បំផុត។»

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ប្រកាស​យក​ថ្ងៃ​អាទិត្យ ទី៩ មិថុនា​នេះ ហូប​នំ​បញ្ចុក​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​និង​ដោយ​អញ្ជើញ​អ្នក​ជិត​ខាង​មក​ទទួល​ទាន​ជាមួយ​ផងដែរ ក្នុង​ស្មារតី​ភាតរភាព​និង​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ៕

None



អត្ថបទបន្ទាប់


ទិញផ្ទះ ឈ្នះ ខុនដូ! នៅក្នុងព្រឹត្តិការណ៍ “រស់នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ”

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ "រស់​នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ" ពី បុរី ប៉េង ហួត ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីតាំង ទល់មុខផ្ទះគំរូវីឡា Kin…

ស្ថានីយ អាយស្ម័យាន​ភ្នំពេញ​ នឹង​ប្រែក្លាយជា​អគារ​ពាណិជ្ជកម្មទំនើប

គម្រោង​ដ៏​រំភើប​មួយ​ក្នុង​ការ​ជួសជុល​ឡើងវិញ​ទៅ​លើ​ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ថ្មីៗ​នេះ (ថ្ងៃទី៤ មិថុនា ២០១៩)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ