ពាក់ព័ន្ធរឿងតម្លៃអំបិលនៅឆ្នាំនេះ គឺពុំមានការប្រែប្រួលនោះទេ បើធៀបនឹងឆ្នាំមុន ដោយអំបិលក្នុង១បាវទម្ងន់៥០គីឡូក្រាមលក់ចេញក្នុងតម្លៃចន្លោះពី១ម៉ឺន១ពាន់រៀលទៅ១ម៉ឺន៣ពាន់រៀល។
កម្ពុជាទំនងជាមិនអាចជួបវិបត្តិខ្វះអំបិលសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋដូចឆ្នាំ២០១៨ និងឆ្នាំ២០១៩ ឡើយនៅឆ្នាំនេះ។ បើតាមការវាយតម្លៃរបស់លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជានឹងអាចផលិតអំបិលបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីក្រៅប្រទេសនោះឡើយ ប្រសិនបើអាកាសធាតុអំណោយផលល្អ។
លោក ហួន សុរង្សី អះអាងថា ការផលិតអំបិលនៅដើមឆ្នាំ២០២២នេះបង្ហាញទិន្នផលវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរយៈពេលពីរខែកន្លងមកនេះកម្ពុជាផលិតអំបិលបានជិត២ម៉ឺនតោនហើយ ខណៈបច្ចុប្បន្នអំបិលក្នុងស្តុកមានជាង១ម៉ឺនតោន។ អ្នកជំនាញរូបនេះវាយតម្លៃថា នៅឆ្នាំនេះកម្ពុជានឹងអាចផលិតអំបិលបានចន្លោះពី៧ម៉ឺន ទៅ៨ម៉ឺនតោន ខណៈកម្ពុជាមានតម្រូវការអំបិលប្រើប្រាស់ចន្លោះពី៨ម៉ឺនទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ។ កាលពីឆ្នាំមុន កម្ពុជាផលិតអំបិលបានចំនួន៧ម៉ឺន ៥ពាន់តោន។
ពាក់ព័ន្ធតម្លៃអំបិលឆ្នាំនេះ ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការសិប្បកម្មខាងលើបានឲ្យដឹងទៀតថា តម្លៃអំបិលឆ្នាំនេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយអំបិលក្នុង១បាវទម្ងន់៥០គីឡូក្រាមលក់ចេញក្នុងតម្លៃចន្លោះពី១ម៉ឺន១ពាន់រៀល ទៅ១ម៉ឺន៣ពាន់រៀល។ បើតាមលោក ហួន សុរង្សី កម្ពុជាធ្លាប់នាំចេញអំបិលយកទៅលក់នៅលើទីផ្សារអន្តរជាតិប្រមាណ២០០តោនម្តងផងដែរ។
បច្ចុប្បន្ននៅខេត្តកំពត និងកែបមានផ្ទៃដីផលិតអំបិលប្រហែល ៤.៥០០ហិកតា។ ប្រសិនបើអាកាសធាតុអំណោយផលក្នុង១ហិកតា គេអាចផលិតអំបិលបានជាង២០តោន សម្រាប់រយៈពេល១ឆ្នាំ ដោយគិតចាប់ពីខែមករា ដល់ខែឧសភា។ កាលពីឆ្នាំ២០១៨ កន្លងកម្ពុជាបាននាំចូលអំបិលពីចិន ១ម៉ឺនតោន និងនៅឆ្នាំ២០១៩ បាននាំចូលអំបិលពីឥណ្ឌា និងចិនក្នុងរង្វង់៣ម៉ឺនតោន៕