ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បញ្ជាក់ប្រាប់ខេមបូណូមីសថា អាកាសយានដ្ឋានអន្តរជាតិថ្មីដែលកំពុងដំណើរការសាងសង់ចំនួនពីរ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីមានល្បឿននៃការសាងសង់យឺតជាងមុន ដោយសារតែផលរំខានពីកូវីដ-១៩។ ខណៈបច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានការសាងសង់បានជាង១៨% និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបានជាង ៤៣%ហើយ។
ដោយឡែក ចំពោះគម្រោងអាកាសយានដ្ឋានផ្សេងទៀតដូចជា អាកាសយានដ្ឋាននៅខេត្តបាត់ដំបង កោះកុង និងមណ្ឌលគីរីជាដើម ត្រូវបានអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ អះអាងថា គឺនៅតែបន្ដដំណើរការ ប៉ុន្តែមិនមានសកម្មភាពលឿនពុះកព្រ្ជោលខ្លាំង ដូចពេលមុនមានវិបត្តិ កូវីដ-១៩នោះទេ។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា សង្កត់ធ្ងន់ថា បើទោះបីជាបញ្ហាមេរោគកូវីដ-១៩ បានបង្កផលរំខានជាច្រើនដល់វិស័យអាកាសចរណ៍ក៏ដោយ ប៉ុន្ដែ គម្រោងអាកាសយានដ្ឋានថ្មីៗរបស់កម្ពុជាដែលកំពុងសាងសង់ និងសិក្សាពីលទ្ធភាពសាងសង់ គឺនៅតែបន្ដ មិនមានគម្រោងណាមួយត្រូវបានផ្អាក ឬពន្យារពេលនោះទេ ពោលគឺដូចបានរៀបរាប់ខាងលើអញ្ចឹង គ្រាន់តែមានការថមថយល្បឿនការងារសាងសង់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា តាមតួលេខពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីឆ្នាំ២០២០ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរសរុបប្រមាណជាង ២ លាននាក់ ធ្លាក់ចុះប្រមាណ ៧៩ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕
អត្ថបទដោយ សុខ សិទ្ធិការ្យ