តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសនៅថ្ងៃចន្ទ ទី ១៤ កុម្ភ មានដល់ទៅ ៩៥ ដុល្លារ ៥៦ សេន ក្នុងមួយធុងបារ៉ែល កើនឡើង១ ដុល្លារ ១២ សេន បន្ថែមទៀត ជាកំណើនមួយខ្ពស់បំផុតគិតក្នុងរយៈពេលជាង៧ឆ្នាំមកនេះ។ ក្នុងនោះផងដែរប្រេងឆៅធ្លាប់បានកើនឡើងដល់តម្លៃប្រមាណជាង ៩៦ដុល្លារ ១៦ សេន ជាតម្លៃខ្ពស់ខ្លាំង ចាប់តាំងពីខែតុលា ឆ្នាំ ២០១៤ ។ ប្រេងឆៅអាមេរិក ក៏បានកើនឡើងបានកើនឡើង១ ដុល្លារ២៨ សេនទៀតផងដែរនាំឲ្យតម្លៃប្រេងកើនដល់ ៩៤ ដុល្លារ ៣៨ សេនក្នុងមួយធុងបារ៉ែល។
បន្ទាប់ពី ការលើកឡើងរបស់សហរដ្ឋអាមេរិក អំពីការឈានទៅដល់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោកមានភាពរកាំរកូស និងបង្កឲ្យមានក្ដីបារម្ភកាន់តែខ្លាំងទៅលើទីផ្សារប្រេងឆៅដូចគ្នាដែរ។ ក្រុមអ្នកវិភាគទីផ្សារប្រេងឆៅ បាននិយាយថា ក្នុងករណីចលនាកងទ័ពកើតឡើង ប្រេងឆៅនឹងមានតម្លៃកើនឡើងលើស ១០០ដុល្លារក្នុងមួយធុងបារ៉ែល។ អ្នកជំនាញព្រមានថា បញ្ហានៅអ៊ុយក្រែននេះ នៅតែជាបញ្ហាដ៏រសើប ដែលនឹងធ្វើឲ្យតម្លៃប្រេងមានការប្រែប្រួលខ្លាំងនៅលើទីផ្សារ។
ភាពតានតឹងបានកើតឡើងនៅពេលដែលអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលគេស្គាល់ថា OPEC+ បានជួយបញ្ហាក្នុងការបង្កើនផលិតកម្មប្រេងចំនួន ៤ សែនបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ខែមីនា ទៅតាមអ្វីដែលខ្លួនធ្លាប់បានសន្យាកាលពីមុន។
បញ្ហាផលិតកម្មប្រេងក៏ត្រូវបានគេមើលឃើញនឹងអាចជាកត្តាជំរុញឲ្យតម្លៃប្រេងកើនឡើងកាន់តែខ្ពស់ផងដែរ ។
សូមបញ្ជាក់ថា បញ្ហាប្រេងឡើងថ្លៃ កំពុងរុញឲ្យអតិផរណាកំពុងប៉ោងឡើងកាន់តែខ្លាំងនៅទូទាំងពិភពលោក ដែលជាក្ដីបារម្ភមួយអាចបង្កផលប៉ះពាល់ទៅដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២២នេះផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន