នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសបានកើនឡើងថ្លៃ ១ ដុល្លារ ៥០ សេន បន្ថែមទៀត នាំឲ្យតម្លៃប្រេងកើនដល់ ១១៣ ដុល្លារ ២០ សេន ក្នុងមួយធុងបារ៉ែល ខណៈប្រេងឆៅនៅទីផ្សារអាមេរិកវិញបានកើនឡើង ៩៨ សេន នាំឲ្យតម្លៃប្រេងកើនដល់ ១០៧ ដុល្លារ ៩៣ សេនក្នុងមួយធុងបារ៉ែល។
តម្លៃប្រេងឆៅកើនឡើងកាន់តែខ្ពស់ជាងមុន នៅដើមសប្ដាហ៍នេះ នៅគ្រាដែលក្ដីបារម្ភ ទាក់ទងនឹងការផ្គត់ផ្គត់កាន់តែអាក្រក់ឡើង ដ្បិតថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដឆេះក្ដីគគុកដដែល។ យ៉ាងណាមិញ រដ្ឋាភិបាលសហភាពអឺរ៉ុបបាននិយាយកាលពីសប្តាហ៍មុនថា សហភាពអឺរ៉ុប កំពុងរៀបចំសំណើដើម្បីរាំងខ្ទប់ការនាំចូលប្រេងឆៅពីរបស់រុស្ស៊ី ក៏ប៉ុន្តែអ្នកការទូតបានអះអាងថា ប្រទេសអាល្លឺម៉ង់មិនគាំទ្រ ចំពោះការដាក់ទណ្ឌកម្មភ្លាមៗនោះទេ ព្រោះអ្វី? ព្រោះថា អាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៃសហភាពអឺរ៉ុប គឺមានការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ីខ្លាំងណាស់។
អ្នកវិភាគទីផ្សារប្រេងឆៅពិភពលោក បានបញ្ជាក់ថា ការបន្ដសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយគ្មានសញ្ញាបទឈប់បាញ់អ្វីសោះនោះ បានធ្វើឲ្យកើតមានក្ដីបារម្ភកាន់តែខ្លាំងទៅលើការផ្គត់ផ្គងប្រេង ពិសេសតម្រូវការប្រើប្រាស់រំពឹងថា នឹងកើនឡើង។
គួរកត់សម្គាល់ថា ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថា ប្រេងរុស្ស៊ីដែលត្រូវនាំចេញប្រហែល ៣ លានបារ៉ែលក្នុងមួយថ្ងៃ អាចត្រូវបានបិទចាប់ពីខែឧសភាតទៅ ដោយសារការដាក់ទណ្ឌកម្ម និង ការស្ម័គ្រចិត្តពីប្រទេសនានា ដោយមិនទិញប្រេងពីរុស្ស៊ីជាដើម។ ក្នុងនោះផងដែរ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍កាលពីថ្ងៃសុក្រថា ផលិតកម្មប្រេងរបស់រុស្ស៊ីបានបន្តធ្លាក់ចុះក្នុងខែមេសា ដោយបានធ្លាក់ចុះ ៧,៥% ចាប់ពីខែមីនាមក។
ក្រុមអ្នកវិភាគបានអះអាងថា ទីផ្សារប្រេងទំនងជានឹងស្ថិតនៅលើនិន្នាការកើនឡើងក្នុងសប្តាហ៍នេះ ជាមួយនឹងការផ្គត់ផ្គង់បន្ថែមមានកំណត់ពីអ្នកផលិតប្រេងសំខាន់ៗ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន