
ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករថា ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោកអាចលើសពីតម្រូវការជាក់ស្ដែងរហូតដល់ទៅប្រមាណ៦០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ នេះ ខណៈដែលតម្រូវការធ្លាក់ចុះជាងការរំពឹងទុក។ ទោះបីជាសហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់យ៉ាងណាក្ដី ក៏ការផ្គត់ផ្គង់ប្រេងនៅតែកើនឡើងខ្ពស់លើសតម្រូវការ ដែលបានធ្វើឱ្យអង្គការនៃប្រទេសនាំចេញប្រេង OPEC+ ពិបាករក្សាតុល្យភាពក្នុងទីផ្សារប្រេង។
របាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានបង្ហាញថា បច្ចុប្បន្នសហរដ្ឋអាម៉េរិក កំពុងសម្រុកផលិតប្រេងក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន ហើយតាមការព្យាករថា សហរដ្ឋអាម៉េរិក ជាប្រភពធំបំផុតនៃកំណើនផ្គត់ផ្គង់ប្រេងក្នុងឆ្នាំ២០២៥ នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មជុំចុងក្រោយលើប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេងតិចតួចប៉ុណ្ណោះ។
ពេលនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករថា ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោកអាចកើនឡើងលើសពីតម្រូវការជាក់ស្ដែងរហូតដល់ទៅប្រមាណ៦០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ នេះ ពោលគឺកើនឡើងពីការប៉ាន់ប្រមាណកាលពីខែមុន ដែលមានចំនួន៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
ទន្ទឹមនេះ តម្រូវការប្រេងទូទាំងពិភពលោកត្រូវបានព្យាករថា នឹងកើនឡើង១លានបារ៉ែលក្នុងមួយថ្ងៃ ទាបជាងការព្យាករមុននេះ៧ម៉ឺនបារ៉ែល ហើយ៦០%នៃកំណើនតម្រូវការប្រេងនេះគឺចេញពីតំបន់អាស៊ី ជាពិសេសប្រទេសចិន៕
ដោយ: តែម សុខុម