ពាក់ព័ន្ធការផ្សព្វផ្សាយពីវិស័យទេសចរណ៍នេះដែរ កាលពីពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាចំនួន៥០លានដុល្លារ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានានៅកម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានចាត់ទុកការផ្សព្វផ្សាយជាកត្តាស្លាប់រស់មួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀតរសម្រាប់វិស័យទេសចរណ៍កម្ពុជា ពោលគឺបើកម្ពុជាខ្វះការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឱ្យបានទូលំទូលាយ ប្រាកដណាស់កម្ពុជាទំនងជាមិនអាចទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាបានច្រើននោះទេ។
កត្តានេះបានជំរុញឱ្យអ្នកជំនាញរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលគួរផ្តោតការយកចិត្តលើការផ្សព្វផ្សាយឱ្យកាន់តែខ្លាំងបន្ថែមទៀត តាមរយៈការជួយបង្កើនកញ្ចប់ថវិកាដល់ក្រសួងទេសចរណ៍ដែលជាអ្នកធ្វើកិច្ចការលើបញ្ហានេះ។
សម្រាប់លោក ធួន ស៊ីណាន វិស័យទេសចរណ៍គឺជាវិស័យមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការអភិវឌ្ឍន៍ក្នុងវិស័យផ្សេងៗ ពោលគឺកាលណាវិស័យទេសចរណ៍មានការរីកចម្រើន វិស័យអចលនទ្រព្យ វិស័យឧស្សាហកម្ម និងកសិកម្មជាដើម ក៏មានការរីកចម្រើនដូចគ្នាដែរ។
បើការគូសបញ្ជាក់របស់លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់ថវិកាចំនួន៥០លានដុល្លារដល់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សម្រាប់ធ្វើទីផ្សារ និងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជាសំដៅជួយជំរុញ និងទាក់ទាញភ្ញៀវទេសចរអន្តរឱ្យចូលមកកម្សាន្តនៅកម្ពុជា។
សូមជម្រាបថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួនជាង២លាន៦សែននាក់មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះមានការថយចុះជាង៨% បើធៀបនឹងពេលមិនទាន់ការផ្ទុះវិបត្តិកូវីដ-១៩៕