
បើតាមក្រសួងអប់រំ អង្គរក្សមួយរូបដែលបានឆ្លងកូវីដ-១៩នោះ រួមជាមួយនឹងគ្រូបង្វឹក បានមកបង្ហាត់ កីឡាករ ចំនួន ០២នាក់ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលិកចំនួន ៥នាក់ផ្សេងទៀត នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
បច្ចុប្បន្ន អង្គរក្ស និងគ្រូបង្វឹករូបនោះ បានធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។ ដោយឡែក បុគ្គលិកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទាំង ៥នាក់ទៀត និងកីឡាករចំនួន ២នាក់ទៀត ត្រូវបានធ្វើតេស្ដរកកូវីដ-១៩ និងធ្វើចត្ដាឡីស័ក។ បន្ថែមពីនេះ ក្រសួងក៏កំពុងស្វែងរកបន្ដនូវជនដែលបានទំនាក់ទំនងជាមួយនឹងកីឡាករទាង៨នាក់ខាងលើនេះផងដែរ។
លើសពីនេះទៀត ក្រសួងសុខាភិបាលក៏បានសម្រេចបិទជាបណ្ដោះអាសន្នពហុកីឡដ្ឋានអូឡាំពិក មិនឲ្យមានការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ និងផ្អាកការដំណើរការសកម្មភាព និងការចេញ-ចូល ក្នុងបរិវេណពហុកីឡាដ្ឋានអូឡាំពិកចាប់ពីពេលផ្សាយដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីទៀត៕