យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស មានឈ្មោះថា CN Traveler កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ឆ្នេរសារ៉ាសេន នៃកោះរ៉ុងសន្លឹម ស្ថិតក្នុងខេត្តព្រះសីហនុ បានជាប់ឈ្មោះក្នុងចំណោមកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍។ ការជាប់ឈ្មោះនេះ មិនមែនជារឿងចៃដន្យនោះទេ តែដោយសារតែសម្រស់ដ៏ស្រស់ត្រកាលគួរជាទីមនោរម្យរបស់វា ដែលអន្ទងចិត្តភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យស្លុងអារម្មណ៍ អណ្ដែតអណ្ដូងបាត់អស់ទុក្ខកង្វល់មួយគ្រា និងបន្សល់ស្លាកស្នាមអនុស្សាវរីយ៍ពិសេសមិនអាចបំភ្លេចបាន ដែលធ្វើឱ្យកោះនេះក្លាយជម្រើសគោលដៅអេកូទេសចរណ៍ដ៏ល្អឥតខ្ចោះបែបនេះ។
បើធ្វើដំណើរតាមកាណូតពីដីគោកក្នុងក្រុងព្រះសហនុ ទៅកាន់កោះរ៉ុងសន្លឹម ដែលប្រៀបដូចជាឋានសួគ៌លោកិយនេះ គឺប្រើពេលត្រឹមតែប្រមាណកន្លះម៉ោងប៉ុណ្ណោះ ហើយឆ្នេរសារ៉ាសេន គឺជាឆ្នេរខ្សាច់ដ៏ធំបំផុតនៅលើកោះនេះ។ ឆ្នេរខ្សាច់នេះ មានឈ្មោះល្បីល្បាញដោយសារតែវាមានខ្សាច់សក្បុសគួរជាទីគយគន់ ជម្រាលរាក់ និងមានទឹកថ្លាឆ្វង់ដូចកញ្ចក់ដែលធ្វើឱ្យភ្ញៀវទេសចរជក់ចិត្តដិតអារម្មណ៍មិនចេះជិនណាយ ទៅលេងហើយ ចង់ទៅលេងទៀត។
នៅលើកោះនេះ មានកន្លែងស្នាក់ និងភោជនីយដ្ឋានសម្បូរបែបដែលស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ ហើយភ្ញៀវទេសចរអាចជួលទូកកាយ៉ាក់ ឬទូកក្ដារចែវ និងអុំលេងលម្ហែអារម្មណ៍ ហើយក៏អាចជួលកាណូតទៅស្ទូចត្រី ឬច្រមុជទឹកមើលបាតសមុទ្រ បានផងដែរ៕
ដោយ: តែម សុខុម