ក្រោយពីការសាងសង់រួច មជ្ឈមណ្ឌលកីឡា ២៧១ ត្រូវបានរំពឹងថា នឹងក្លាយជាទីតាំងជួបជុំលេងកីឡាដ៏ល្អបំផុតមួយនៅរាជធានីភ្នំពេញ ព្រមទាំង ជួយលើកស្ទួយដល់វិស័យកីឡា និងសុខភាពរបស់ប្រជាជនកាន់តែល្អប្រសើរ។
មជ្ឈមណ្ឌលកីឡា ២៧១ សាងសង់ឡើងនៅក្នុងទីតាំងគម្រោង លែនម៉ាក ២៧១ របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលនឹងនូវភាពងាយស្រួល និងទំនើបស៊ីវិល័យមួយកម្រិតទៀត ដល់អ្នករស់នៅក្នុងគម្រោងលំនៅដ្ឋាននេះ ដ្បិត ទីតាំងនេះ មានការប្រមូលផ្ដុំទៅដោយ ផ្សារទំនើប club House, លំនៅដ្ឋានប្រភេទ home office ដែលសុទ្ធសឹងជារសនិយមថ្មី សម្រាប់ការរស់នៅនាសម័យទំនើប។
លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «ក្រុមហ៊ុនជីប ម៉ុង លែន តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់នូវភាពផាកសុកភាព និងភាពទំនើបស៊ីវិល័យដល់អតិថិជន។ ជាក់ស្ដែង បន្ថែមពីលើការផ្គត់ផ្គង់លំនៅដ្ឋានដែលមានគុណភាពខ្ពស់នៅក្នុងទីតាំងពោរពេញទៅដោយសក្ដានុពល ក្រុមហ៊ុន បានបង្កើតនូវគុណតម្លៃបន្ថែមសម្រាប់គម្រោងរបស់ខ្លួន ដូចជាការបង្កើតនូវមជ្ឈមណ្ឌលកីឡា ២៧១នេះឡើង ដើម្បីបំពេញតម្រូវការសម្រាប់អតិថិជន និងប្រជាពលរដ្ឋក្នុងតំបន់។ លោកឧកញ៉ា បន្ថែមថា មជ្ឈមណ្ឌលកីឡា ២៧១ ត្រូវបានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងឧបករណ៍កីឡាដ៏ទំនើបទាន់សម័យ និងស័ក្ដិសមបំផុតសម្រាប់អ្នកនិយមលេងកីឡា។»
ជាមួយទីតាំងដ៏ធំទូលាយ មជ្ឈមណ្ឌលកីឡា ២៧១ មានបែកចែកទីតាំងសម្រាប់ការលេងកីឡាជាច្រើនប្រភេទ ដូចជា WallClimbing, កន្លែងវាយសី, កន្លែងលេងប៉ាល់បោះ, កន្លែងលេងបាល់ទះ, កន្លែងទាត់បាល់, កន្លែងលេងប៉េងប៉ុង, និងទីលានរត់ប្រណាំងជាដើម។
លើសពីនេះទៀត ក្រុមហ៊ុន ជីប ម៉ុង លែន ក៏មានផែនការនឹងពង្រីកការសាងសង់មជ្ឈមណ្ឌលកីឡានេះ នៅក្នុងគម្រោងលំនៅដ្ឋាន ជីប ម៉ុង លែន ផ្សេងៗទៀតនាពេលខាងមុខផងដែរ។
ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនវិនិយោគដោយវិនិយោគិនខ្មែរ ១០០% តែងតែចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់វិស័យកីឡា ដោយកន្លងមក ក្រុមហ៊ុននេះបានឧបត្ថម្ភគាំទ្រថវិកាដ៏ច្រើនលើសលុបលើការរៀបចំកម្មវិធី ប្រកួតកីឡាប្រដាល់គុនខ្មែរ, Kick Boxing, បាល់ទះ , បាល់ទាត់ និងប្រភេទកីឡាផ្សេងៗជាច្រើនទៀត៕