បើតាមប្រភព័ត៌មានចិនដដែលនេះ បានឲ្យដឹងថាករណីនេះ ត្រូវបានបើការស្រាវជ្រាវតាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ។
ក្រុមជនសង្ស័យជនជាតិចិនទាំងនោះ បានប្រើប្រាស់បណ្ដាញសង្គម Wechat ដើម្បីទាក់ទាញ ជនជាតិចិនដូចគ្នា ឲ្យចូលលេងល្បែងស៊ីសង តាមអនឡាញ នៅក្នុងគេហទំព័រដែលមានមូលដ្ឋាននៅក្រៅប្រទេសចិន។
នៅក្នុងដំណើរការស៊ើបអង្កេតករណីឆ្នាំ២០១៨ ក្រុមជនសង្ស័យទាក់ទងនឹងការបើកបនល្បែងស៊ីសងតាមអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា ត្រូវបានស្ថិតក្នុងការតាមដានយ៉ាងជាប់លាប់ពីសំណាក់ប៉ូលីសក្រុងចុងឈីង។
លោក ហ្សាំង ហៅស៊ីន មន្ត្រីប៉ូលីសម្នាក់នៃក្រុមស៊ើបអង្កេតក្នុងករណីនេះ បាននិយាយថា «យើងបានតាមដាន និងរកឃើញថា ក្រុមជនសង្ស័យ គឺជាភ្នាក់ងារនៅក្នុងប្រទេសចិន សម្រាប់ការបើកឲ្យមានការភ្នាល់តាមគេហៈទំព័រនៅក្រៅប្រទេស ឈ្មោះ Dafa។ បន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលយ៉ាងយូរ យើងរកឃើញថា គេហទំព័រល្បែងស៊ីសង Dafa នេះ គឺមានមូលដ្ឋាននៅកម្ពុជា»។
ប៉ូលីសចិន រកឃើញថា មានភ្នាក់ងារខុសច្បាប់ ជិត១ពាន់ភ្នាក់ងារ នៅក្នុងប្រទេសចិន កំពុងធ្វើការអូសទាញមនុស្សនៅក្នុងប្រទេសចិនឲ្យលេងល្បែងតាមអនឡាញនេះ។
បើតាមការសន្និដ្ឋានរបស់ប៉ូលីស ក្នុងក្រុងចុងឈីង តាមរយៈចំនួនភ្នាក់ងារជិត១ពាន់នាក់ គេអាចប៉ាន់ស្មានថា ចំនួនអ្នកលេងល្បែងស៊ីសងអាចនឹងមានដល់ទៅ ១០ម៉ឺននាក់ឯណោះ។
នៅឆ្នាំ២០១៩ ប៉ូលីសចិន បានសហការជាមួយនឹងប៉ូលីសកម្ពុជា បានបើកការស៊ើបអង្កេតនៅក្រុងព្រះសីហនុ ហើយនៅថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមជួយពីកម្លាំងប៉ូលីសកម្ពុជា ប៉ូលីសចិន បាន បិទបញ្ចប់ករណីនេះ និងបានចាប់ខ្លួនជនសង្ស័យមួយចំនួន មានទាំងនៅកម្ពុជា និងប្រទេសចិនផងដែរ។
បើតាមការអះអាងពីមន្ត្រីប៉ូលីសចិន បានឲ្យដឹងថា តាមការស៊ើបអង្កេតតាំងពីខែមករា ឆ្នាំ២០១៨ គណនីដែលបានលេងល្បែងស៊ីសងតាមអនឡាញនេះ មានទឹកប្រាក់សរុបកើនដល់ ១០០ ពាន់លានយ័ន ឬស្មើនឹងជាង ១៤ ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ដែរថា ប្រទេសកម្ពុជា ក៏ទើបតែបញ្ចប់ និងលែងផ្ដល់អាជ្ញាបណ្ណបន្ត ដល់ក្រុមហ៊ុនប្រកបអាជីវកម្មល្បែងភ្នាល់តាមអនឡាញនេះផងដែរ ពោលគឺបានបិទបញ្ចប់លែងឲ្យមានអាជីវកម្មនេះ ចាប់តាំងពីម៉ោង ០០ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩មក។
សម្តេច តេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ចុងក្រោយទាក់ទងនឹងការបិទអាជីវកម្មល្បែងភ្នាល់អនឡាញនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតកាលពីពេលថ្មីៗនេះថា បើសិនសេដ្ឋកិច្ចកម្ពុជាត្រូវរស់ ដោយសារតែពឹងតែលើអាជីវកម្មល្បែងភ្នាល់អនឡាញនេះ នោះ កម្ពុជានឹងក្លាយជាជនរងគ្រោះទាក់ទងនឹងបញ្ហាសន្ដិសុខជាតិ និងក្លាយជាកន្លែងសម្រាប់ការលាងលុយកខ្វក់ និងភារវៈកម្ម ហើយសេដ្ឋកិច្ចកម្ពុជាក៏នឹងជាសេដ្ឋកិច្ចពពុះសាប៊ូ ងាយផ្ទុះបែក៕