ទោះបីគម្រោងបើកទទួលភ្ញៀវទេសចរបរទេសដំណាក់កាលដំបូងមានទ្រង់ទ្រាយប៉ុណ្ណាក៏ដោយ តែសម្រាប់អ្នកជំនាញវាជាការផ្តល់ក្តីសង្ឃឹមឡើងវិញសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ និង ជាជំហានមួយក្នុងការឈានទៅស្តារវិស័យអចលនទ្រព្យ និង វិស័យដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។ បន្ថែមពីលើនេះ វានឹងក្លាយជាចរន្តក្នុងការពាំនាំវិនិយោគិនបរទេសឲ្យមកបោះទុនរកស៊ីនៅកម្ពុជាផងដែរ។
អ្នកជំនាញជឿជាក់ថា វិស័យផ្សេងៗនៅខេត្តព្រះសីហនុនឹងកំរើកឡើងវិញមុនគេ ប្រសិនរាជរដ្ឋាភិបាលជ្រើសរើសយកខេត្តនេះធ្វើជាគោលដៅដំបូងនៃគម្រោងបើកតំបន់ទេសចរណ៍ឡើងវិញនេះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ឧកញ៉ា ចេង ខេង បានវាយតម្លៃខ្ពស់ចំពោះគម្រោងបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចនៅចុងឆ្នាំនេះ ក្នុងការជួយស្តារវិស័យសេដ្ឋកិច្ចកម្ពុជាដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា កន្លងមកវិស័យទេសចរណ៍មិនត្រឹមតែធ្វើឲ្យអាជីវកម្មដូចជាភោជណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងសេវាកម្មទេសចរណ៍ផ្សេងៗមានការរីកដុះដាលប៉ុណ្ណោះទេ តែវាក៏ជាផែ្នកមួយក្នុងការជួយទាក់ទាញវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជាផងដែរ។
ដូច្នេះតាមរយៈគម្រោងបើកតំបន់ទេសចរណ៍ឡើងវិញនេះ ឧកញ៉ា ចេង ខេង រំពឹងថា វានឹងជួយរួមចំណែកស្តារវិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ-១៩ ឲ្យមានភាពល្អប្រសើរឡើងវិញមួយកម្រិត។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា វិស័យអចនទ្រព្យជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះមិនអាចរីកចម្រើនលូតលាស់ដោយខ្លួនឯងបាននោះទេ។ ពោលគឺវាត្រូវពឹងផ្អែកលើវិស័យអាទិភាពមួយចំនួនដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យសហគ្រាសធុនតូច និងមធ្យមជាដើម។
អ្នកជំនាញរូបនេះជឿជាក់ថា វិស័យអចលនទ្រព្យអាចរីកចម្រើនទៅបានលុះត្រាតែរាជរដ្ឋាភិបាលកម្ពុជាបើកដំណើរការវិស័យអាទិភាពទាំងនេះឲ្យបានទូលំទូលាយជាមុនសិន។
ពាក់ព័ន្ធបញ្ហាគម្រោងបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងកូវីដ-១៩ រួចនេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ចនិងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា កម្ពុជានឹងទទួលផលប្រយោជន៍យ៉ាងច្រើនប្រសិនបើអាចបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ រូចនៅចុងឆ្នាំមែននោះ ព្រោះការបើកនេះជាឱកាសបង្កើនការនាំចេញផលិតផលសេវាកម្មរបស់កម្ពុជាទៅកាន់ពិភពលោក ស្របពេលប្រទេសមួយចំនួនក្នុងតំបន់កំពុងជាប់ដៃប្រយុទ្ធជាមួយកូវីដ។
ការបើកនេះទៀតសោត វាអាចជួយឲ្យអាជីវកម្មដែលរងផលប៉ះពាល់កន្លងមកអាចមានដំណើរការល្អប្រសើរឡើងវិញ ក៏ដូចជួយអភិវឌ្ឍន៍លើវិស័យនានា។
អ្នកជំនាញសេដ្ឋកិច្ច និងអចនទ្រព្យអះអាងថា វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅខេត្តព្រះសីហនុនឹងមានភាពរីកចម្រើនឡើងវិញមួយកម្រិត ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកខេត្តនេះធ្វើជាគោលដៅនៃការបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំនេះ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជានៅក្នុងរយៈពេលជិត៩ខែកន្លងមកនេះនៅតែមានរចន្តទិញលក់ ទោះបីមានការរំខានអុកឡុកពីជំងឺកូវីដ-១៩។ ហើយតម្លៃអចលនទ្រព្យទៀតសោត ក៏ពុំមានការប្រែប្រួលគួរឲ្យកត់សម្គាល់ផងដែរ៕