យើងត្រូវរៀនមេរៀននេះ ហើយត្រូវចងចាំទុកជានិច្ចថា៖ ចង្រ្កានផ្ទះឯង ពឹងទឹកនៅទន្លេ អង្ករនៅជាស្រូវនៅស្រែ ត្រីនៅបឹង ភ្លើងនៅភ្នំ បន្លែនៅចម្ការ គឺមិនស្រួលទេ។ យើងត្រូវធ្វើយ៉ាងណា ឲ្យទឹកនៅពេញពាង ត្រីត្រូវប្រស់ពេញអាង អង្ករពេញបេ បន្លែពេញកញ្ច្រែង ទើបជាទីទំនុកចិត្ត និងភាពកក់ក្តៅដល់ក្រុមគ្រួសារ។ នៅសល់ពីការហូបចុក លើសពីតម្រូវការក្នុងគ្រួសារ ចាំគិតគូរកែច្នៃលក់ដូរចេញទៅក្រៅ យកលុយកាក់ទិញរបស់របរ ដែលជាតម្រូវការបន្ទាប់បន្សំផ្សេៗង។
ក្នុងគ្រួសារ សមាជិកគ្រួសារជាអ្នកដាំដុះ ផលិតចំណីចំណុកទុកដាក់សម្រាប់ក្រុមគ្រួសារ។ សម្រាប់ប្រទេសជាតិ គឺអាជីវកម្មនីមួយៗ ជាពិសេស អាជីវកម្ម សិប្បកម្មខ្នាតតូចនិងមធ្យមជាកម្លាំងចលករ ក្នុងការផលិតចំណីចំណុកផ្គត់ផ្គង់ក្នុងស្រុក និង សល់ប៉ុន្មាន លក់ចេញទៅក្រៅ។
ខាងក្រោមនេះជាគំនិតខ្លះៗ ដើម្បីកាត់បន្ថយការចំណាយលើថ្លៃប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាព និងនិរន្តរភាពអាជីវកម្ម៖
ក) បង្រួមការចំណាយលើធនធានមនុស្ស ឲ្យមកចំណាយចំលើមនុស្សដែលមានធនធាន(ជំនាញ) ដូចជា៖
ក.១) ផ្នែកហិរញ្ញវត្ថុ មានមនុស្សតែ ៣នាក់យ៉ាងច្រើន។ គឺមេហិរញ្ញវត្ថុ ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ (គណនេយ្យករ) និងផ្នែកទំនាក់ទំនងហិរញ្ញវត្ថុ (អ្នកទារលុយ និងសងលុយ)។
ក.២) ផ្នែកគ្រប់គ្រងធនធានមនុស្ស ប្រើតែមនុស្ស ២នាក់បានហើយ។ គឺមេផ្នែកធនធានមនុស្ស និងមន្រ្តីរដ្ឋបាល។ ហើយ ធាតុចាំបាច់ គឺប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងធនធានមនុស្ស ដែលមានមុខងារ ដូចជា គ្រប់គ្រងប្រាក់ខែ គ្រប់គ្រងការវាយតម្លៃលទ្ធផលការងារ ការគ្រប់គ្រងខ្សែសង្វាក់ការងារជាដើម។ ប្រព័ន្ធនេះ តម្លៃមិនគួរលើសពី ៥ពាន់ដុល្លារទេ សម្រាប់ក្រុមហ៊ុនខ្នាតតូច ហើយអាចបង់រំលោះបាន។
ក.៣) ប្រតិបត្តិការផ្ទៃក្នុង (Internal business process) ត្រូវតែធ្វើស្វ័យប្រវត្តិកម្ម និងអេឡិចត្រូនិកនិយម (ដូចជា ឯកសារស៊ីញ៉េ គួរតែតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាការអនុម័តកិច្ចការផ្ទៃក្នុង ជាដើម)។
ប្រព័ន្ធដែលមានស្រាប់ ហើយមានតម្លៃទាប អាចយកទៅប្រើបាន៖
ក.៣.១) ផ្នែកហិរញ្ញវត្ថុ អាចប្រើប្រាស់ Quickbook Online តម្លៃប្រហែល ២០ដុល្លារ/១ខែ។
ក.៣.២) ផ្នែកធនធានមនុស្ស ក៏អាចប្រើ QuickBook Payroll បាន។ ១ខែ ប្រហែល ១៥ដុល្លារ។
ក.៣.៣) ផ្នែករដ្ឋបាល និងឯកសារផ្សេងៗ អាចប្រើ DocSign ឬ HelloSign បាន។
ក.៣.៤) ផ្នែកគ្រប់គ្រងផែនការ និងយុទ្ធសាស្រ្តអាជីវកម្ម អាចប្រើកម្មវិធី LivePlan បាន។ តម្លៃប្រហែល ២០ដុល្លារ/១ខែ។
ក.៣.៥) ផ្នែកផ្លូវច្បាប់ និងគោលនយោបាយ អាចប្រើ Business-in-box បាន។ ១ឆ្នាំប្រហែល ២០០ដុល្លារ។
ក.៣.៦) ផ្នែកគ្រប់គ្រងសាច់ប្រាក់ គួរតែប្រើប្រាស់ប្រព័ន្ធធនាគារអេឡិចត្រូនិក។ ដូចជា Internet Banking របស់ធនាគារ អេស៊ីលីដា និង iBanking របស់ ABA។ ប្រព័ន្ធទាំងនេះ អាចឲ្យយើងធ្វើប្រតិបត្តិការ ដោយមានប្រព័ន្ធអនុម័ត តាមក្បួនខ្នាតគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ។
ខ) កែច្នៃសង្វាក់ផលិតកម្មឲ្យទៅជាប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញ ដើម្បីបង្កើនផលិតភាពឲ្យបានលឿន។ ឧ. ពីមុន ប្រើមនុស្ស ១០នាក់ ផលិតបាន ១០០គក/ថ្ងៃ។ ត្រូវប្រើមនុស្ស ១០នាក់ ផលិតឲ្យបាន ១ម៉ឺនគក/ថ្ងៃ ដោយមានម៉ាស៊ីនផលិតកម្មជំនួយ។ ក្នុងដំណាក់កាលនេះ ជាពេលវេលាល្អបំផុត ក្នុងការស្វែងរកដើមទុនពីធនាគារ ឬពីភ្នាក់ងារប្រតិបត្តិករហិរញ្ញវត្ថុ ដែលជាសេនាធិការរដ្ឋាភិបាល ដូចជា RDB និង SME Bank ព្រោះរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកាដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិក្នុងអត្រាការប្រាក់ទាបបំផុត។
គ) ត្រូវវិនិយោគក្នុងការបណ្តុះបណ្តាលបុគ្គលិក ពីបុគ្គលិកដែលជា«ធនធានមនុស្ស» ឲ្យក្លាយមកជា«មនុស្សធនធាន»។
ឃ) ត្រូវចូលរួមជាសមាជិកសមាគម ឬសហគមន៍ នៅក្នុងវិស័យតែមួយដើម្បីប្រមូលសំឡេងក្នុងការនិយាយ ឬស្នើសុំទៅរដ្ឋាភិបាល ឬភាគីពាក់ព័ន្ធ។
ង) ផ្នែកលក់ គឺបង្រួមការលក់ជំពាក់ ហើយមកពង្រីកការលក់យកលុយសុទ្ធ។ សុខចិត្តលក់បានចំណេញតិច តែមិនពិបាកចិត្តរឿងលុយគេជំពាក់ ជាពិសេស ក្នុងដំណាក់កាលជួបវិបត្តិបែបនេះ។ ត្រូវចាំថា អាជីវកម្មយើងចាប់ពីពេលនេះទៅ ត្រូវតែជាអាជីវកម្ម «លក់ដូរផលិតផល ឬសេវាកម្ម» មិនមែនអាជីវកម្មប្រាក់កម្ចីទេ។ បើគេចង់ជំពាក់ ឲ្យគេជំពាក់ធនាគារចុះ។
ច) ត្រូវចងក្រងសមាគម ឬសហគមន៍សង្វាក់ផលិតកម្ម ក្នុងវិស័យរបស់ខ្លួន ដើម្បីជួយជ្រោមជ្រែងគ្នា។ ឧ. នៅក្នុងសមាគមនោះ (១) ត្រូវមានអង្គភាពជំនាញក្នុងការផ្តល់ទុន (ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)។ (២) ត្រូវមានអ្នកផលិតវត្ថុធាតុដើម ដូចជា កសិករដាំបន្លែ។ (៣) ត្រូវមានអ្នកប្រមូលទិញវត្ថុធាតុដើម (ទិញបន្លែស្រស់ពីកសិករ) យកមកឲ្យអ្នកកែច្នៃ។ (៤) ត្រូវមានអ្នកកែច្នៃវេចខ្ចប់។ (៥) ត្រូវមានអ្នកទិញយកទៅចែកចាយ ឲ្យអ្នកលក់រាយ ពីអ្នកកែច្នៃ។ (៦) ត្រូវមានអ្នកលក់រាយ។ (៧) ត្រូវមានអ្នកប្រើប្រាស់។ (៨) ត្រូវមានអ្នកសម្របសម្រួលសង្វាក់ផលិតកម្មទាំងមូល។
នេះជាគំនិតត្រួសៗ ដើម្បីពង្រឹងស្ថិរភាពអាជីវកម្ម ក្នុងពេលវិបត្តិកូវីដ១៩ និងក្រោយពេលវិបត្តិកូវីដ១៩ និង ជាដរាបទៅផង។ មានពាក្យខ្មែរមួយឃ្លានិយាយថា៖ "ផលិតឲ្យគ្រប់ឆ្នាំងសិន បើនៅសល់ ចាំលក់"។ អ៊ីចឹង បើសេដ្ឋកិច្ចដុនដាបខ្លាំង យ៉ាងហោចណាស់ យើងអាចផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារយើងបាន៕
សម្គាល់៖ អត្ថបទនេះឆ្លុះបញ្ចាំងទស្សនៈរបស់ស្មេរ មិនមែនជាទស្សនៈរបស់សារព័ត៌មាន ខេមបូណូមីស ទេ។