ប៉ុន្តែយ៉ាងណាក៏ដោយចុះ អ្នកជំនាញក្នុងវិស័យកសិកម្ម ក៏បានព្រមានចំៗដែរថា បើសិនជាអ្នករកស៊ីនៅក្នុងវិស័យកសិកម្ម ដូចជាការដាំដុះ ការចិញ្ចឹមសត្វ ជាដើម មិនបានគិតគូគ្រប់ជ្រុងជ្រោយលើការងារបច្ចេកទេស ទីផ្សារ ធនធានមនុស្ស និង ហិរញ្ញវត្ថុនោះទេ វានឹងធ្វើឲ្យឱកាសបាត់បង់ទៅវិញ ឬ មិនអាចកើតមាននោះទេ។
ដូច្នេះ តើធ្វើដូចម្តេចទើបអាចក្តាប់ឱកាស ក្នុងការវិនិយោគវិស័យកសិកម្មឲ្យទទួលបានជោគជ័យ ពិសេសនៅអំឡុងពេលសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញពីវិបត្តិកូវីដ-១៩?វិស័យកសិកម្មនៅកម្ពុជា ត្រូវបានធនាគារពិភពលោកចាត់ទុកថា គឺជាវិស័យមួយដែលមានភាពធន់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ។ លើសពីនេះ វិស័យនេះ បច្ចុប្បន្នកំពុងត្រូវបានជំរុញដោយកំណើនវិនិយោគច្រើន ដោយសារតែភាពវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចុះហត្ថលេខានាពេលកន្លងទៅថ្មីៗនេះ រួមទាំងកិច្ចព្រមព្រៀងវឌ្ឋភាពសេដ្ចកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
បើទោះបីជាវិស័យនេះ មានឱកាសច្រើនជាងវិស័យដទៃទៀត នៅក្នុងអំឡុងពេលកូវីដ-១៩នេះក៏ពិតមែន ប៉ុន្ដែ បើតាមអ្នកជំនាញ ការវិនិយោគលើវិស័យនេះ ក៏ត្រូវមានការគិតគូរឲ្យបានហ្មត់ចត់ពីធនធានមនុស្ស បច្ចេកទេស និងទីផ្សារ ហើយត្រូវជៀសវាងការវនិយោគណាដែលជាវិនិយោគតាមគ្នា។
បណ្ឌិត តាន់ មុនីវណ្ណ អ្នកស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា និងប្រធានក្រុមហ៊ុនដេតអ៊ិនវេសមេន (Date Investment Cambodia) ដែលបានដាំដុះដំណាំសម៉ើ ដើម្បីនាំចេញនាពេលខាងមុខនោះ បានប្រាប់ក្រុមការងារខេមបូណូមីសថា ថ្វីត្បិតតែកម្ពុជា មានដីទំនេរច្រើនក៏ពិតមែន ប៉ុន្តែ មិនប្រាកដថា ឲ្យតែមានដីដឹងតែអាចធ្វើកសិកម្មបាននោះទេ។
លោបញ្ជាក់បន្ថែមថា ការធ្វើកសិកម្មតាមគ្នា គឺប្រឈមនឹងហានិភ័យខ្ពស់ ដែលវិស័យឯកជនត្រូវគិតគូរឲ្យបានច្បាស់លាស់ មិនត្រូវរំពឹងតែលើរាជរដ្ឋាភិបាលជួយនៅពេលជួបឧសគ្គនោះទេ។
ជុំវិញទៅនឹងការវិនិយោគវិស័យកសិកម្មនេះដែរ បណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មនៅកម្ពុជា ក៏បានផ្តល់យោបល់ដែរថា ការរកស៊ីបរាជ័យនៅក្នុងវិស័យកសិកម្មមានកត្តាច្រើន ដែលអ្នកវិនិយោគនៅក្នុងវិស័យនេះ មិនបានគិត ដូចជាការចំណាយថ្លៃដើមច្រើនលក់បានថោក និងការដែលមិនបានសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ជាដើម។
អ្នកជំនាញកសិកម្ម បានផ្តល់ដំណោះស្រាយថា ការសិក្សាឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយទាំងអស់ មិនថាផ្នែកទីផ្សារ ធនធានមនុស្ស បច្ចេកទេស ពូជ ប្រភេទដី ដើមទុន ត្រូវតែលម្អិត នោះទើបអាចកាត់បន្ថយហានិភ័យក្នុងរបរនេះបាន។
របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង ៤លានតោន កើនជិត៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដោយការនាំចេញទៅកាន់ទិសដៅ ៥៧ ប្រទេស៕