ការផ្ញើប្រាក់មកស្រុកកំណើតពីពលរដ្ឋវៀតណាមរស់នៅក្រៅប្រទេស ត្រូវបានធនាគារពិភពលោក និងស្ថាប័នជំនាញចំនួន២ទៀត បានរាយការណ៍ថា នឹងមានការកើនឡើងដល់ទៅ ជាង១៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ កើនឡើងប្រមាណ៥% ធៀបនឹងឆ្នាំ២០២០ ដែលទំហំទឹកប្រាក់នេះ គឺមានប្រហែល៥% នៃផលិត GDP សរុបរបស់វៀតណាម។
កំណើនទឹកប្រាក់ផ្ញើមកស្រុកកំណើតជាង ១៨ពាន់លានអាមេរិកនេះ នឹងនាំឲ្យវៀតណាមរំកិលចំណាត់ថ្នាក់ខ្ពស់មកដល់ចំណាត់ថ្នាក់ទី៨ នៅក្នុងចំណោមប្រទេសទទួលបានសាច់ប្រាក់ ដែលពលរដ្ឋនៅក្រៅប្រទេសផ្ញើមកស្រុកកំណើតច្រើនជាងគេបំផុតក្នុងពិភពលោក នៅពីក្រោយប្រទេសឥណ្ឌា ចិន និងប្រទេសចំនួន៥ផ្សេងទៀត។
គិតត្រឹមឆ្នាំ២០២១ វៀតណាមទទួលបានកំណត់ត្រាកំណើននៃប្រាក់ផ្ញើមកស្រុកកំណើតនេះ ក្នុងរយៈពេល៨ឆ្នាំជាប់គ្នាមកហើយ។ ទន្ទឹមនឹងនេះ ទីក្រុងហូជីមិញ គឺជាកន្លែងដែលពលរដ្ឋវៀតណាមរស់នៅក្រៅប្រទេស បានផ្ញើប្រាក់មកច្រើនជាងគេបំផុត ដែលមានប្រហែល ៣០% នៃទំហំទឹកប្រាក់ផ្ញើមកស្រុកកំណើតសរុប តាមពីក្រោយដោយតំបន់ទីក្រុង និងខេត្តនៅភាគកណ្ដាល និងភាគខាងជើងនៃប្រទេសវៀតណាម។
សូមរំឭកថា កាលពីឆ្នាំមុន វៀតណាមបានផ្ញើប្រាក់មកស្រុកកំណើតជាង១៧ពាន់លានដុល្លារ កើនឡើងជិត៣% ធៀបនឹងឆ្នាំ២០២១៩។
បើតាមធនាគារពិភពលោកបានឲ្យដឹងថា ការផ្ញើប្រាក់មកស្រុកកំណើតពីសំណាក់ពលរដ្ឋរស់នៅក្រៅប្រទេស នៅក្នុងប្រទេសប្រាក់ចំណូលទាប និងមធ្យមត្រូវបានព្យាករថា នឹងកើនឡើងជាង ៧% ទៅដល់ទំហំទឹកប្រាក់ជិត ៥៩០ពាន់លានដុល្លារអាមេរិក។ បន្ថែមពីនេះ កត្តាដែលរួមចំណែក ដល់កំណើនដ៏រឹងមាំនៃការផ្ទេប្រាក់មកស្រុកកំណើត គឺដោយសារតែមានការប្ដេជ្ញាចិត្តរបស់ពលករចំណាកស្រុកក្នុងការផ្ញើប្រាក់ជួយគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេ នៅអំឡុងពេលគ្រួសាររបស់ពួកគេមានតម្រូវការសាច់ប្រាក់កាន់តែខ្លាំង គួបផ្សំនឹងការផ្ដល់ជំនួយលើការស្ដារសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុប និងអាមេរិក ដែលក្រោយមកត្រូវបានគាំទ្រដោយការជំរុញសារពើពន្ធ និងកម្មវិធីទាក់ទងនឹងការជួយលើកកម្ពស់វិស័យការងារជាដើម៕