ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ ប្រទេសថៃបានប្រកាសថា ឧស្សាហកម្មនិងការនាំចេញសាច់មាន់របស់ប្រទេសនេះអាចរកចំណូលបានជាង ១ ពាន់លានដុល្លារ ពោលគឺមានការកើនឡើងជាង ៨%។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation។
ប្រភពដដែលបានបន្ថែមថា កាលពីឆ្នាំ២០២២កន្លងទៅ ថៃបាននាំចេញសាច់មាន់ជាង ១លានតោន ដែលមានតម្លៃជាង ៤ ពាន់លានដុល្លារ ពោលគឺកើនឡើងជិត ២៥%។ ជាមួយនឹងកំណើននេះ ក្រសួងពាណិជ្ជកម្មថៃបានបង្កើតប្រព័ន្ធគ្រប់គ្រងទីផ្សារសាច់មាន់តាមអ៊ីនធឺណិតមួយ ដើម្បីជួយឱ្យអ្នកចិញ្ចឹមមាន់អាចតាមដានស្ថានភាពទីផ្សារ និងរៀបចំផែនការផលិតកម្មរបស់ពួកគេឱ្យសមស្រប។
ទីភ្នាក់ងារព័ត៌មានពាណិជ្ជកម្មបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រព័ន្ធព័ត៌មានទីផ្សារសាច់មាន់នេះបង្កើតឡើងដោយការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងក្រសួងពាណិជ្ជកម្ម ហើយវានឹងគាំទ្រផលិតករសាច់មាន់លើផ្នែកទីផ្សារ និងការលក់ចេញផងដែរ។
លោក ភុនភុង ណៃយ៉ាណាផាក្រុន ( Poonpong Naiyanapakron) ប្រធានការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្ម បានអះអាងថា ប្រព័ន្ធព័ត៌មានទីផ្សារសាច់មាន់នេះជាប្រព័ន្ធទី៨ដែលបានបង្កើតឡើងសម្រាប់ផលិតផលកសិកម្ម។ លោកបានឱ្យដឹងថា មុននេះ ការិយាល័យរបស់លោកបានបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានទីផ្សាអង្ករ, ដូងប្រេង, ដំឡូងមី, កៅស៊ូ, ពោត, ទុរេន, និងបង្គា។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានទីផ្សារអនឡាញនេះជួយកសិករឱ្យអាចតាមដានបរិមាណផលិតផលនៅលើទីផ្សារ តម្លៃ និងសក្ដានុពលនៃការនាំចេញ ដើម្បីសម្រួលឱ្យពួកគេអាចរៀបចំផែនការផលិតកម្ម និងទីផ្សារតាមតម្រូវការ។
យោងតាមរបាយការណ៍ ទីផ្សារសាច់មាន់នៅលើពិភពលោកមានតម្លៃសរុប ៣៨ ពាន់លានដុល្លារ ហើយប្រទេសដែលនាំចេញច្រើនបំផុត គឺប្រេស៊ីល សហរដ្ឋអាមេរិក ហូឡង់ ថៃ និងប៉ូឡូញ។ លោក ភុនភុង បាននិយាយថា ប្រទេសបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងដាណឺម៉ាក ជាទីផ្សារប្រកបដោយសក្តានុពល សម្រាប់សាច់មាន់ដែលធ្វើស្រេច រីឯសាច់មាន់ក្លាសេ ព្រមទាំងផ្នែកខ្លះនៃខ្លួនមាន់ អាចនឹងមានកំណើនទីផ្សារនៅក្នុងប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហូឡង់ និងម៉ិកស៊ិក។ មន្ត្រីដដែលបានបន្ថែមថា ទីផ្សារដូចជាអារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ អ៊ីរ៉ង់ ចក្រភពអង់គ្លេស និងកាតា ក៏មានសក្តានុពលសម្រាប់សាច់មាន់ស្រស់ ក្លាសេ ដែរ៕
ដោយ ៖ សរ សុជាតិ