បច្ចុប្បន្នពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ៦លាននាក់ ហើយតួលេខនេះកើនឡើងក្នុងអត្រា៥% ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមវេទិកាមួយស្តីពីពលរដ្ឋវៀតណាមនៅក្រៅប្រទេស ដែលរៀបចំដោយក្រសួងការបរទេសវៀតណាម កាលពីអំឡុងខែធ្នូ ចុងឆ្នាំ២០២៣។
ពលរដ្ឋវៀតណាម រស់នៅ និងធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន១៣០ ដោយក្នុងនោះចំនួន៨០%ធ្វើការ និងរស់នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍។ នៅក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះពោលគឺចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០២២ ពលរដ្ឋវៀតណាម ដែលរស់នៅ និងធ្វើការនៅបរទេសបានផ្ញើប្រាក់មកស្រុកកំណើតសរុបបានជិត២០០ពាន់លានដុល្លារអាមេរិក។ ចំនួននេះស្ទើរតែស្មើនឹងទំហំទុនវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេលដូចគ្នានេះ។
ជាក់ស្តែងគ្រាន់តែពេញមួយឆ្នាំ២០២៣ ការផ្ញើប្រាក់មកស្រុកពីសំណាក់ពលរដ្ឋវៀតណាមបានកើនឡើង៥%ឈានដល់កម្រិតកំណត់ត្រាថ្មី១៩ពាន់លានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសវៀតណាម ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ក្នុងពិភពលោក ដែលទទួលបានប្រាក់ផ្ញើមកស្រុកច្រើនជាងគេបំផុត។
ធនាគារពិភពលោក (World Bank) ព្យាករថា ប្រទេសវៀតណាម នឹងទទួលបានប្រាក់ផ្ញើមកស្រុកចំនួន១៤ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ នេះ និងចំនួន១៤ពាន់៤រយលានដុល្លារអាម៉េរិកនៅឆ្នាំក្រោយ។ ការផ្ញើប្រាក់មកស្រុកជំរុញឱ្យការផ្គត់ផ្គង់រូបិយប័ណ្ណបរទេសកើនឡើង និងជួយឱ្យអាជ្ញាធរវៀតណាម ធ្វើនិយ័តកម្មទីផ្សារប្តូររូបិយប័ណ្ណបានយ៉ាងល្អ។ ការផ្ញើប្រាក់មកស្រុកគឺកាន់តែមានសារសំខាន់ នៅពេលដែលរូបិយប័ណ្ណខ្លាំងៗមានការប្រែប្រួលឡើងចុះ។
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ពលរដ្ឋវៀតណាម មកពី៣៥ប្រទេសបានបណ្តាក់ទុនក្នុងគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន៣៨៥គម្រោងនៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត២ពាន់លានដុល្លារអាម៉េរិក។
ក្នុងចំណោមប្រទេសដែលរួមចំណែកដល់រំហូរចូលយ៉ាងគំហុក នៃប្រាក់ផ្ញើមកស្រុកពីសំណាក់ពលរដ្ឋវៀតណាមនៅបរទេសនេះ គឺសហរដ្ឋអាម៉េរិកបានឈានមុខគេ បន្ទាប់មកប្រទេសអង់គ្លេស អូស្ត្រាលី និងកាណាដា ខណៈដែលជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ បានដើរតួនាទីយ៉ាងសំខាន់ជាទីផ្សារការងារធំៗសម្រាប់ពលករចំណាកស្រុកវៀតណាម៕
ដោយ: តែម សុខុម