ស្រូវធ្លាក់ថ្លៃ

ប្រជាកសិករត្អូញត្អែរថា តម្លៃស្រូវធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយមានការរឹតបន្ដឹងតាមច្រកព្រំដែនកម្ពុជា-វៀតណាម


ក្រុមប្រជាកសិករបានអះអាងថា តម្លៃស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការផ្អាកការធ្វើដំណើរចេញចូលនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម។ ការធ្លាក់ចុះនេះ បាននិងកំពុងចោទជាបញ្ហាដល់កសិករ ដ្បិតវាអាចធ្វើឲ្យប្រាក់ចំណូលរបស់ពួកគាត់នៅឆ្នាំនេះមានការធ្លាក់ចុះ និងអ្នកខ្លះថាអាចនឹងរកការខាតបង់ថែមទៀតផង។ ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាទទួលស្គាល់ថា តម្លៃស្រូវនៅមួយរយៈចុងក្រោយនេះ ពិតជាមានការធ្លាក់ចុះពិតប្រាកដមែន ខណៈបច្ចុប្បន្នសហព័ន្ធក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះដែរ។
កសិករ​នាំគ្នា​ប្រមូលស្រូវ​សើម​ ដែលរង​គ្រោះព្រោះទឹកជំនន់ មកលក់​ឲ្យ​ក្រុមហ៊ុន Amru Rice (រូបភាព៖ Amru Rice)
ដោយ

លោក ភោក ភា កសិករម្នាក់នៅស្រុកគិរីវង់ ខេត្តតាកែវ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះតម្លៃស្រូវនៅខេត្តតាកែវមានការធ្លាក់ចុះជាបន្តបន្ទាប់ពី ៤០ទៅ៥០រៀលក្នុងមួយគីឡូក្រាម។ ជាក់ស្តែង នៅថ្ងៃអាទិត្យ​ចុងសប្ដាហ៍មុន ស្រូវអ៊ីអ៊ា(៨៥)​លក់ចេញក្នុងតម្លៃ ៧៣០រៀលក្នុង១គីឡូក្រាម នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លក់ចេញ​ក្នុងតម្លៃ៧១០រៀល ខណៈដែល​ប្រភេទ​ស្រូវ OM លក់ចេញ​៨២០រៀលក្នុង១គីឡូក្រាម​ធ្លាក់មកនៅត្រឹម៨០០រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ចុះនេះត្រូវបាន លោក ភោក ភា កត់សម្គាល់ឃើញថា គឺបន្ទាប់ពី​មានការរឹតបន្តឹងនៅចក្រព្រំដែនអន្តរជាតិ​ភ្នំដិន ដែលធ្វើឲ្យ​មានការកកស្ទះ​ក្នុងការដឹកស្រូវ​ពីកម្ពុជា​ទៅវៀតណាម។ 

កសិកររូបនេះត្អូញត្អែរថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃនេះ វាអាចធ្វើឲ្យលោកប្រឈមនឹងបាត់បង់ប្រាក់ចំណូលរហូតដល់ពាក់កណ្តាលនៅឆ្នាំនេះ។ លោកអះអាងថា ជារៀងរាល់ឆ្នាំ លោក អាចទទួលបានប្រាក់ចន្លោះពី៥លានរៀលទៅ៦លានរៀលពីការធ្វើស្រែលើផ្ទៃដី៥ហិកតា តែឆ្នាំនេះទទួលបានតែ២ទៅ៣លានរៀលតែប៉ុណ្ណោះ។ 

កសិករម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ បានអះអាងដូចគ្នាថា តម្លៃស្រូវបានធ្លាក់ចុះពី ១០ទៅ២០រៀលក្នុង១គីឡូក្រាមស្ទើររៀងរាល់ថ្ងៃនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលកត្តានេះអាចធ្វើឲ្យលោកប្រឈមនឹងខាតនៅឆ្នាំនេះ ដ្បិតតម្លៃជី និងថ្នាំសម្លាប់សត្វល្អិតនិងតរួមទាំងំងថ្នាំសង្កូវផ្សេងៗនាំសម្លាប់សត្វល្អិតផ្សេងងថ់ចន្លោះពី៥លានរៀលទៅ៦លានរៀលពីការធ្វើស្រែលើផ្ទៃដីចាថិតថ្នាំសង្កូវផ្សេងៗបានឡើងថ្លៃខ្ពស់។ លោកអះអាងថា ជី ស ១បាវលោកធ្លាប់ទិញ​តែជាង៦ម៉ឺនរៀល តែឆ្នាំនេះ​ឡើងដល់ជាង១០ម៉ឺនរៀលឯណោះ។   

កសិករធ្វើស្រែលើផ្ទៃ​ដី​ជាង១០ហិកតារូបនេះ បញ្ជាក់ថា ការធ្លាក់ចុះនូវតម្លៃស្រូវនៅមួយរយៈចុងក្រោយនេះអាចបណ្តាលមកពីការក្រឡុកទីផ្សាររបស់ឈ្មួញ​ឆ្លៀតឱកាស​មួយចំនួន បន្ទាប់ពីឃើញ​មានការរឹតបន្តឹងនៅ​តាមច្រកព្រំដែន ដែលបង្កឲ្យរថយន្ត​ដឹក​ពីកម្ពុជា​ទៅលក់នៅវៀតណាម​មានការកកស្ទះ​នៅតាមព្រំដែន​អន្តរជាតិកម្ពុជាវៀតណាម។ កសិកររូបនេះ សង្កេតឃើញថា ទោះបីមានការរឹតបន្តឹងនៅតាមព្រំដែនក៏ពិតមែន ប៉ុន្តែសកម្មភាពទិញស្រូវនៅប្រព្រឹត្តទៅធម្មតា។

ជាមួយគ្នានេះ លោក ញាន ឈួន ឈ្មួញកណ្តាលម្នាក់​ដែលទិញស្រូវពីកសិករយក​ទៅលក់នៅប្រទេសវៀតណាម​បានអះអាងថា មូលហេតុដែលធ្វើឲ្យតម្លៃស្រូវ​នៅខេត្តតាកែវក្បែរព្រំដែនវៀតណាមធ្លាក់ចុះ មិនមែន​ដោយសារឈ្មួញ​នៅកម្ពុជាទម្លាក់តម្លៃនោះទេ។ ពោលគឺដោយសារមានការទម្លាក់តម្លៃពីឈ្មួញនៅវៀតណាម ដ្បិតពួកគេ​បានកាត់បន្ថយ​ការទិញស្រូវពីកម្ពុជា បន្ទាប់ពីនៅតំបន់មួយចំនួននៅវៀតណាម​ត្រូវបានបិទខ្ទប់ ដោយសារការឆ្លងជំងឺកូវីដ-១៩។

ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធ​ស្រូវអង្ករកម្ពុជា​បានបញ្ជាក់ប្រាប់​ខេមបូណូមីសថា សហព័ន្ធ​កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់​លើបញ្ហានេះ។ តែយ៉ាងណា លោក បានអះអាងថា ការធ្លាក់ចុះ​តម្លៃស្រូវ​នេះមិនអាចធ្វើឲ្យកសិករប្រឈមនឹងការខាតដើមនោះទេ ពោលគឺគ្រាន់តែធ្វើឲ្យពួកគេខាតបង់​ប្រាក់ចំណេញ​តែប៉ុណ្ណោះ។ លោកជឿជាក់ថា អ្វីៗនឹងវិលមកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ខាងមុខនេះ។ លោកបានបន្ថែមថា ស្រូវដែលមានការធ្លាក់ថ្លៃនេះ ភាគច្រើនជាប្រភេទស្រូវស្រាល ដែលមានការពេញនិយមនៅទីផ្សារវៀតណាមតែប៉ុណ្ណោះ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបាន​សម្រេចផ្អាកឲ្យធ្វើដំណើរចូលចូលកម្ពុជា-វៀតណាមរយៈពេល១ខែ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការផ្អាកនេះ ធ្វើឡើងចំពោះចរន្ត​មនុស្សតែប៉ុណ្ណោះ តែសម្រាប់ការដោះដូរ និងដឹកជញ្ជូនទំនិញ​អាច​ប្រព្រឹត្តទៅធម្មតាតាមបែបគន្លងថ្មី។  

របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថា នៅ៦ខែពាក់កណ្ដាលឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញស្រូវទៅវៀតណាម​ក្នុងទំហំទឹកប្រាក់​ជិត​២៨០លាន​ដុល្លារ ជាមួយបរិមាណ​១លាន៧សែនតោន កើនដល់ទៅជាង ៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញអង្ករវិញ សម្រេចបានត្រឹមតែប្រមាណ២៨ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត៣០% និងមានក្នុងទំហំទឹកប្រាក់នាំចេញសរុបប្រមាណជាង២៣៧លានដុល្លារ៕

None



អត្ថបទបន្ទាប់


ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើកំពុងលក់ក្រពើឡៃឡុង ក្រោយពីទប់លែងជាប់នឹងការខាតបង់

តាំងពីមានមេរោគរាតត្បាតកូវីដ-១៩ចូលលុកលុយមក មុខរបរចិញ្ចឹមក្រពើបានជួបបញ្ហាធ្លាក់ចុះកាន់តែខ្លាំង ដោយកូនក្រពើនៅមុនពេលមានកូវីដ-១៩ ធ្លាប់លក…

អ្នកជំនាញ៖ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ជាការបើកទំព័រប្រវត្តិសាស្ត្រទេសចរណ៍របស់កម្ពុជា

កម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន(ASEAN Tourism Forum) លើកទី៤០នៅអំឡុងខែមករា ឆ្នាំ២០២២ នាខេត្តព្រះសី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ