
ទីតាំងគម្រោងទី2នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ 3នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើបLucky Express 4នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (50ម៉ែត្រ) 8នាទីទៅកាន់ផ្សារទំនើបAEON3 (ដែលគ្រោងនឹងបើកចុងឆ្នាំនេះ) និងត្រឹមតែ12នាទីប៉ុណ្ណោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រុមហ៊ុនទាំងពីរកន្លងមក បានពាំនាំនូវសមិទ្ធផល ភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឲ្យឡាផាមបានក្លាយជាគម្រោងដែលលក់ដាច់ជាងគេបំផុតមួយនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសថ្មីៗនេះ គម្រោងក៏បានឈ្នះពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ "Mid-range Housing Development of the Year" ផងដែរ ដោយសារការជួយជ្រោមជ្រែង និងប្រឹក្សាយោបល់ទាំងផ្នែកលក់ និងទីផ្សារពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលថ្មីៗនេះក៏បានឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាចំនួនពីរផងដែរ ប្រចាំឆ្នាំ2022នេះ។

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសារជាថ្មី ក្នុងនាមជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs)នេះ លោកងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើបានផ្តល់បទសម្ភាសន៍ទៅកាន់សន្និសីទសារព័ត៌មានថា៖ "ជាកិត្តិយសសារជាថ្មីម្តងទៀតហើយ ដែលភ័ញធើបានចាប់ដៃគូសហការជាមួយអ្នកអភិវឌ្ឍន៍គម្រោងបុរីឡាផាម ក្នុងការនាំយកគម្រោងទី2 ដែលមានឈ្មោះថា ផាម ស្រ្ពីងមកកាន់តំបន់ភាគខាងត្បូងភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ជាពិសេសជាមួយវត្តមានរបស់ផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ ក៏ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីផងដែរ ។"
លោកបានបញ្ជាក់បន្ថែមទៀតថា៖ "គម្រោងផាម ស្រ្ពីង នឹងកាន់តែពិសេសជាងមុន ដោយសារអ្នកអភិវឌ្ឍន៍បានរួមបញ្ចូលចំណុចល្អៗដែលធ្វើឲ្យគម្រោងទីមួយជោគជ័យកន្លងមក និងធ្វើឲ្យកាន់តែប្រសើរឡើងជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ម៉ូដផ្ទះស្អាតប្លែកមិនធ្លាប់មានពីមុនមកនៅលើទីផ្សារ ដែលនឹងផ្លាស់ប្តូរបែបផែននៃការរស់នៅថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា" ៕
