ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «សូមអតិថិជនទាំងអស់ ប្រាប់មកយើង ប្រសិនបើសង្ស័យថា មានដេប៉ូ ស្ថានីយណា កេងបន្លំប្រេងឥន្ធនៈ ដោយសារយើងមានលេខទូរស័ព្ទនៅជាប់រថយន្តដែលអាចទាក់ទងភ្លាមៗ»។
ឯកឧត្តមបានសង្កត់ធ្ងន់ថា បើមានករណីភាពមិនប្រក្រតីលើដេប៉ូ និងស្ថានីយណាមួយ ក្រសួងនឹងចុះទៅត្រួតពិនិត្យភ្លាមៗ និងព្រមាន ឬផាកពិន័យ និងអាចឈានដល់ចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម គឺធ្វើឡើងក្នុងពិធីសម្ពោធរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈមួយគ្រឿងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងនៅចំពោះមុខអ្នកកាសែតជាច្រើននាក់ថា កន្លងមក មានម្ចាស់ស្ថានីយប្រេងឥន្ធនៈអន្តរជាតិមួយចំនួន រាយការណ៍ប្រាប់ក្រសួងថា មានស្ថានីយនិងដេប៉ូមួយចំនួនបានកិបកេង និងបន្លំបរិមាណ ឬគុណភាព ដែលធ្វើឲ្យអតិថិជនខាតបង់ថវិកានិងខូចខាតយានយន្ត។
រថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈមួយគ្រឿងថ្មីសន្លាងដែលមានតម្លៃជាង១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក គឺជារថយន្តមន្ទីរពិសោធន៍ទី២ហើយ បន្ទាប់ពីក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចំណីអាហារចល័តកាលពីពេលកន្លងមក។ ដោយឡែក រថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត មានតួនាទីត្រួតពិនិត្យប្រេងសាំង ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត នៅតាមស្ថានីយប្រេងឥន្ធនៈ ក្នុងក្របខណ្ឌទូទាំងប្រទេស៕