អាជ្ញាធរហ្វីលីពីន និង អ្នកជំនាញរបស់ខ្លួនបានព្រមានថា ហ្វីលីពីនកំពុងប្រឈមមុខនឹងស្ថានការណ៍អាក្រក់ ស្រដៀងទៅនឹងអ្វីដែលកំពុងកើតឡើងនៅប្រទេសឥណ្ឌាបច្ចុប្បន្ន។
អ្នកជំនាញហ្វីលីពីនបានទាញសញ្ញាអាក្រក់ដូចនេះ នៅក្រោយពេលដែលប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតដល់ប្រមាណ ១ម៉ឺនករណី ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅហ្វីលីពីនកើនលើស ១លាននាក់ និង មានអ្នកស្លាប់បាត់បង់ជីវិតជិត២ម៉ឺននាក់។ ហើយបើគិតត្រឹមមួយសប្ដាហ៍ចុងក្រោយនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅហ្វីលីពីនជាមធ្យមមានមានចន្លោះពី ៧ ទៅ៨ពាន់នាក់ក្នុងមួយថ្ងៃ។
នៅតាមមន្ទីរពេទ្យត្រូវបានគេរាយការណ៍ថា គ្រែសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ជាង៨០%ទៅហើយត្រូវបានគេប្រើប្រាស់ ខណៈដែលអ្នកជំនាញបារម្ភថា ការឆ្លងដ៏លឿនរហ័ស និងក្នុងចំនួនដ៏ច្រើនបែបនេះ អាចដោយសារតែមានមេរោគបំប្លែងខ្លួនថ្មីប្រភេទណាមួយ បាននិងកំពុងរីករាលដាលក្នុងសហគមន៍របស់ហ្វីលីពីន។ កាលពីពេលថ្មីៗកន្លងទៅ ហ្វីលីពីនក៏បានប្រកាសរកឃើញនូវមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលមានប្រភពមកពីអង់គ្លេសផងដែរ។
បើតាមការរាយការណ៍ពីសារព័ត៌មានក្នុងស្រុកហ្វីលីពីនបញ្ជាក់អះអាងថា បញ្ហាឆ្លងរាលដាលនៅក្នុងកន្លែងធ្វើការកំពុងក្លាយជាការលំបាកកាន់តែខ្លាំងសម្រាប់អាជ្ញាធរហ្វីលីពីនក្នុងការទប់ស្កាត់ នៅគ្រាដែលហ្វីលីពីនត្រូវការបើកដំណើរការសេដ្ឋកិច្ចពាណិជ្ជ ដើម្បីស្ដារកំណើនងើបឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីបានដាំក្បាលចុះខ្លាំងកាលពីឆ្នាំមុន។
ប៉ុន្ដែ អ្វីដែលគេព្រួយបារម្ភនោះ គឺត្រង់ថា អ្នកដែលបានឆ្លងកូវីដ-១៩ពីកន្លែងធ្វើការទាំងនោះ បានបន្ដចម្លងមកកាន់អ្នកផ្ទះ និង សហគមន៍ផ្សេងៗកាន់តែច្រើនឡើង ដែលពិបាកក្នុងការតាមដានគ្រប់គ្រង។
ចំពោះការចាក់វ៉ាក់សាំងវិញ មកទល់ពេលនេះ ហ្វីលីពីនបានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនសរុបប្រមាណជិត២លាននាក់ ខណៈដែលលោកដុតទ័រតេ ប្រធានាធិបតីហ្វីលីពីន ក៏ធ្លាប់បាននិយាយថា រដ្ឋាភិបាលរបស់លោក បានទិញវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជន៧០លាននាក់ ហើយវ៉ាក់សាំងទាំងនោះនឹងមកដល់ហ្វីលីពីននៅត្រឹមចុងឆ្នាំនេះ។
សូមបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ជុំវិញពិភពលោកបានកើនដល់ជាង ១៥៣លាននាក់ ស្លាប់ជាង ៣លាននាក់ និងជាសះស្បើយជាង ១៣០លាន ដោយក្នុងនោះ ប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងការតាមដានរបស់ពិភពលោកខ្លាំងជាងគេបន្ទាប់ពីអ្នកឆ្លងថ្មីនៅក្នុងប្រទេសនេះ មានរកឃើញរាប់សិបម៉ឺននាក់ក្នុងមួយថ្ងៃៗ៕