ប្រទេសហ្វីលីពីនបានជួបឧបសគ្គក្នុងការទាក់ទាញការវិនិយោគពីផ្ទាល់ពីក្រៅប្រទេស ដោយសារតែច្បាប់តឹងរ៉ឹងនៅក្នុងប្រទេសនេះ។ ដោយមើលឃើញពីបញ្ហាជាប់គាំងនេះ លោក Duterte ប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃច័ន្ទបានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ស្តីពីសេវាសាធារណៈដែលមានកំណត់រយៈពេល ៨៥ឆ្នាំ ដើម្បីលុបចោលនូវការកំណត់សិទ្ធិកាន់កាប់ត្រឹម ៤០% នៃជនបរទេសធ្វើធុរកិច្ចនៅក្នុងឧស្សាហកម្មដូចជាទូរគមនាគមន៍ ក្រុមហ៊ុនអាកាសចរណ៍ ការដឹកជញ្ជូនក្នុងស្រុក និងផ្លូវដែកនៅក្នុងប្រទេសហ្វីលីពីន ពោលគឺការចុះហត្ថលេខាលើវិសោធនកម្មច្បាប់នេះ ប្រទេសហ្វីលីពីន នឹងបើកឲ្យជនបរទេសអាចមានសិទ្ធិកាន់កាប់ចំណែកភាគហ៊ុន១០០% នៅក្នុងអាជីវកម្មទាំងនេះ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសឲ្យកាន់តែច្រើន។
ប៉ុន្ដែ សម្រាប់ក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងវិស័យដូចជា អគ្គិសនី និងចែកចាយទឹក ប្រេងឥន្ធនៈ កំពង់ផែសមុទ្រ និង យានជំនិះសាធារណៈ គឺនៅតែរក្សាការអនុវត្តតាមច្បាប់ចាស់ដដែល។
យ៉ាងណាក៏ដោយចុះ លោក Duterte ជឿថា តាមរយៈវិសោធនកម្មច្បាប់ថ្មីនេះ នឹងបន្ធូរបន្ថយការរឹតបន្តឹងលើភាគហ៊ុនបរទេស នឹងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសកាន់តែច្រើន មកធ្វើទំនើបកម្មវិស័យជសេវាសាធារណៈ និងការកែលម្អដល់សេវាសំខាន់ៗនានាក្នុងប្រទេសហ្វីលីពីន។
គួរកត់សម្គាល់ថា ហ្វីលីពីនមានច្បាប់វិនិយោគបរទេសយ៉ាងតឹងរ៉ឹងក្នុងចំណោមបណ្តាប្រទេសក្នុងពិភពលោក នេះបើយោងតាមការវិភាគរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
អ្នកជំនាញសេដ្ឋកិច្ច បានមើលឃើញថា សេដ្ឋកិច្ចហ្វីលីពីនដែលមានការបើកចំហជាងមុន នឹងអាចឱ្យប្រទេសតាមទាន់ប្រទេសជិតខាងដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ាន ។
ក៏ប៉ុន្តែអ្នករិះគន់ច្បាប់ថ្មីនេះបាននិយាយថា ការបើកវិស័យសំខាន់ៗដល់ជនបរទេសអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។ កាលពីឆ្នាំមុន សមាជិកព្រឹទ្ធសភាមួយរូបរបស់ហ្វីលីពីន ដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ បាននិយាយថា វិធានការនេះនឹងបើកទ្វារសម្រាប់ប្រទេសចិនក្នុងការកាន់កាប់ហេដ្ឋារចនាសម្ព័ន្ធហ្វីលីពីន ស្របពេលដែល ក្រុងម៉ានីល និងក្រុងប៉េកាំងកំពុងជាប់គាំងក្នុងជម្លោះទឹកដីជុំវិញផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។
គួរជម្រាបថា ការចុះហត្ថលេខាលើវិសោធនកម្មច្បាប់សេវាសាធារណៈកើតឡើងប៉ុន្មានខែមុនពេល លោក Duterte នឹងត្រូវចុះចេញពីតំណែងក្នុងខែមិថុនាឆ្នាំ២០២២ ដោយការបញ្ចប់អាណត្តិរយៈពេលប្រាំមួយឆ្នាំរបស់លោក ដែលបានធ្វើកំណែទម្រង់សេដ្ឋកិច្ច ដូចជា ការកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្ម និងវិធានការសេរីភាវូបនីយកម្ម និងកំណែទម្រង់វិស័យជាច្រើនទៀត ក្នុងការលើកម្ពស់សេដ្ឋកិច្ច៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន