យោធាហ្វីលីពីន បានត្អូញត្អែរពីសកម្មភាពដ៏គ្រោះថ្នាក់របស់យន្តហោះចិន ចំនួនពីរគ្រឿង ដែលបានបញ្ចេញអណ្តាតភ្លើងដាក់យន្តហោះរបស់កងទ័ពអាកាសហ្វីលីពីន ដែលកំពុងហោះល្បាតតាមទម្លាប់នៅលើឆ្នេរសមុទ្រស្កាបូរ៉ូសូល (Scarborough Shoal) កាលពីថ្ងៃទី៨ ខែសីហា ហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរីក ម៉ាណាឡូ បានចេញមកអះអាងថា ប្រទេសហ្វីលីពីននឹងចាត់វិធានការតាមផ្លូវការទូតប្រឆាំងនឹងសកម្មភាពដ៏គគ្លើនរបស់កងទ័ពចិននេះ។
រដ្ឋមន្ត្រីការពារជាតិរបស់ហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់អ្នកកាសែតថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងបន្តការល្បាតដែនសមុទ្រនៅសមុទ្រចិន ខាងត្បូង ដូចធម្មតា ទោះបីជាមានសកម្មភាពដ៏គ្រោះថ្នាក់ និងបង្កហេតុរបស់កងទ័ពអាកាសចិន កាលពីសប្តាហ៍មុនក៏ដោយ ហើយលោកសង្ឃឹមថា ចិននឹងអនុវត្តតាមច្បាប់អន្តរជាតិ និងជំរុញឱ្យចិន បន្ធូរបន្ថយភាពតានតឹងនៅតំបន់ជម្លោះនៅសមុទ្រចិន ខាងត្បូងផងដែរ។
កាលពីចុងសប្តាហ៍មុនប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌឺណាន់ ម៉ាកូស (Ferdinand Marcos) បាននិយាយថា សកម្មភាពរបស់កងទ័ពចិននេះ គឺមិនសមហេតុផល ខុសច្បាប់ និងគ្មានការប្រុងប្រយ័ត្នទាល់តែសោះ។
យ៉ាងណាមិញ ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល មិនបានឆ្លើយតបចំពោះការតវ៉ាផ្លូវទូតនេះទេ ប៉ុន្តែកាលពីថ្ងៃសៅរ៍កន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន បាននិយាយថា យន្តហោះហ្វីលីពីន បានឈ្លានពានដោយខុសច្បាប់ ទោះបីជាចិនបានព្រមានជារឿយៗហើយក៏ដោយ៕
អត្ថបទ៖ សុខ មង្គល