ឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានគូសបញ្ជាក់ថា បើទោះបី កម្ពុជា បាននិងកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ និងបានធ្វើឱ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនមួយចំនួន ដូចជា ខ្វះទូរកុងតឺន័រ និងថ្លៃដឹកជញ្ជូនឡើងថ្លៃក៏ពិតមែន ប៉ុន្ដែវាមិនមែនជាបញ្ហាចម្បង ដែលរាំងស្ទះដល់ដំណើរការនៃនាំចេញទំនិញរបស់កម្ពុជានោះឡើយ។ បើតាមឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២០ ទំនិញដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងជាង ២% បើប្រៀបនឹងឆ្នាំ២០១៩។ យ៉ាងណាមិញ នៅឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ មានការប៉ាន់ស្មានថា ប្រាក់ចំណូលកំពង់ផែនឹងមានកើនឡើង ១០% បើប្រៀបធៀបនឹងឆ្នាំ២០២០។
យ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ី បាវី បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ មិនបានធ្វើឱ្យថ្លៃដឹកជញ្ជូនរបស់កម្ពុជា ពីភ្នំពេញទៅទិសដៅក្នុងតំបន់កើនឡើងនោះទេ លើកលែងតែចំពោះថ្លៃដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប ដែលមានការកើនឡើងរហូត ពី៤ ទៅ៨ដង ឯណោះ ហើយរហូតមកដល់ពេលនេះ ថ្លៃដឹកជញ្ជូនតាមផ្លូវទឹក ក៏មិនទាន់មានការប្រែប្រួលអ្វីនោះដែរ។ សូមបញ្ជាក់ថា ទំនិញដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ភាគច្រើន គឺជា ផលិតផលសម្លៀកបំពាក់ និងផលិតផលកសិកម្ម។
ទាក់ទងនឹងការដឹកជញ្ជូននេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានអះអាងដែរថា កន្លងមក កូវីដ-១៩ បានធ្វើឱ្យតម្លៃដឹកជញ្ជូនខ្ពស់ក៏ពិតមែន តែមិនបានក្លាយជាឆ្អឹងទទឹងកនៃការនាំចេញឡើយ ពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ បានគូសបញ្ជាក់ទៀតថា ពិតណាស់ វិបត្តិកូវីដ-១៩ ពិតជាបង្កផលរំខាន ក៏ប៉ុន្តែ វាក៏ជាឱកាសសម្រាប់កម្ពុជា ប្ដូរទិសដៅពីការនាំចេញទៅកាន់តំបន់អឹរ៉ុប ងាកមកចាប់ទិសដៅក្នុងតំបន់វិញ។
យ៉ាងណាក៏ដោយចុះ បញ្ហាដឹកជញ្ជូនឡើងថ្លៃខ្ពស់ និងខ្វះទូកុងតឺន័រ ពិសេសទៅកាន់តំបន់អឺរ៉ុប ក៏បានធ្វើឲ្យមានការប៉ះពាល់ទៅដល់ការនាំចេញអង្កររបស់កម្ពុជាផងដែរ ប៉ុន្ដែ កម្ពុជាកំពុងធ្វើពិពិធកម្មនាំចេញអង្កររបស់ខ្លួន ដោយជំរុញការនាំចេញអង្ករកាន់តែច្រើនទៅកាន់ទីផ្សារចិនផងដែរ។ នេះបើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យស្រូវអង្ករនាពេលកន្លងមក៕