កាសែត កម្ពុជាថ្មី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួនដោយសរសេរថា «លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា ទូដកលុយ ATM គួរតែលុបបំបាត់ មិនឲ្យដាក់នៅតាមទីសាធារណៈនោះទេ បើមិនមានអ្នកការពារ អ្នកមើលថែ បង្កឲ្យមានបទល្មើស តែទូបើកលុយនេះ បើអាចចល័តបាន អនុញ្ញាត ដូច្នេះទេ មន្ត្រីនិងសមត្ថកិច្ចយើងត្រូវសិក្សារួមគ្នាមួយ ដើម្បីលុបបំបាត់»។
អត្ថបទកម្ពុជាថ្មីដដែល បន្តដកស្រង់ប្រសាសន៍លោក ប៉ា សុជាតិវង្ស បន្តទៀតថា «ការផ្ទុះទូ ATM នៅមុខពេទ្យកុមារជាតិ វាជារឿងមួយថ្មី ដែលក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចត្រូវតែបង្ការ និងទប់ស្កាត់កុំឲ្យកើតឡើងទៀត។ ... ដូច្នេះទេ ត្រូវតែសិក្សារួមគ្នាមួយ ឲ្យច្បាស់ មុននឹងឈានដល់ការលុបបំបាត់ចោល ទូបើកលុយ ATM នៅតាមទីសាធារណៈទាំងអស់នេះ»។
លោក ឆាយ សុផល ដែលគេស្គាល់ថា ជាសាស្ត្រាចារ្យសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរសេរបែបចំអកនៅលើទំព័រហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះ ៖ «សូមសរសើរគំនិតដ៏ឧត្តុង្គឧត្តម មហាលោតផ្លោះ មហាអស្ចារ្យ ពីការផ្តួចផ្តើមឲ្យបិទទូ ATM នៅតាមដងផ្លូវ ក្រោយពីគំនិតបិទមិនឲ្យឡានជជុះចូល...។ បន្ទាប់ពីនេះ មានស្អីទៀត? នៅប្រទេស៩ទៀតរបស់ ASEAN មានប្រទេសណាអត់មាន ATM តាមផ្លូវ ដោយសារសន្តិសុខ? បើសម្រាកបាន សម្រាកទៅ!!»។
អ្នកប្រើហ្វេសប៊ុក ដែលមានឈ្មោះ ហែន វិភាគ បានសរសេរថា ៖ «តានេះមិនពង្រឹងសន្តិសុខទេ បែរជាកាត់បន្ថយសេវាកម្មទៅវិញ? រកអ្នកណាក្មេងបន្តិចមកធ្វើចៅហ្វាយក្រុង. . .»។
អ្នកប្រើហ្វេសប៊ុកមួយរូបទៀត ឈ្មោះ Sao Khosato សរសេរថា ៖ «ប្លែកៗពេកហើយលោកអភិបាល ខ្សោយខ្លួនឯងក្នុងការរក្សាសន្តិសុខទៅបិទមុខរបររបស់គេ ចឹងថ្ងៃណាមួយ អាចបិទទីតាំងដូរលុយ វេរលុយ ថែមទៀត ដើម្បីរក្សាសន្តិសុខក្នុងរាជធានីភ្នំពេញ😂😂 (ប្រទេសណាក៏មានបញ្ហាចោរកម្មដែរ ប៉ុន្តែសំខាន់បង្កើនវិធានការការពារ មិនមែនមានបញ្ហាអីទៅបិទបំបាត់បញ្ហានោះទេ)»។
ភាគច្រើននៃមតិយោបល់របស់អ្នកប្រើហ្វេសប៊ុក បាននាំគ្នារិះគន់ចំពោះប្រសាសន៍របស់លោក ប៉ា សុជាតិវង្ស ជុំវិញរឿងប្រុងបិទទូ ATM នៅតាមទីសាធារណៈ ដោយអ្នកខ្លះថែមទាំងចំអកឲ្យថែមទៀតផង។
គេនៅចាំបានថា លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ធ្លាប់លើកឡើងអំពីគម្រោងស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលរថយន្តជជុះ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។ ប៉ុន្តែ សំណើនេះត្រូវបានប្រមុខរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោល បន្ទាប់ពីមានមតិរិះគន់យ៉ាងខ្លាំង នៅលើបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក៕