នាខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កត់សម្គាល់ឃើញថា ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ប្រសិទ្ធភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈការជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលានៃការធ្វើដំណើរមកត្រឹមតែ២ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅព្រះសីហនុ។ ជាមួយគ្នានេះសម្តេចធិបតី បានចាត់ទុកផ្លូវល្បឿនលឿននេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូននិងការតភ្ជាប់ ជាពិសេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លើសពីនេះបើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការតភ្ជាប់ ផ្លូវល្បឿនលឿននេះ គឺជាខ្សែផ្លូវដែលតភ្ជាប់ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញ ទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានដាក់ចេញសនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្តាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជា ទទួលបានពីគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» និងកិច្ចសហប្រតិបត្តិការមិត្តដែកថែប មិនអាចកាត់ថ្លៃបានរវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលបានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
យ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែ បានបង្ហាញទំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកប្រើប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើតស័ក្តិសិទ្ធភាព និងភាពងាយស្រួលជូនដល់អ្នកប្រើប្រាស់ផ្លូវនេះ ហើយសម្តេចក៏បានសំណូមពរដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្តង់ដាបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់ផងដែរ៕