គម្រោងផ្លូវរថភ្លើងក្រោមដី

គម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញសិក្សាចប់ហើយ និងរំពឹងអាចលេចចេញជារូបរាងនៅអាណត្តិក្រោយ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងគ្រោងដាក់ជូនសម្តេចតេជោ ហ៊ុន សែន ពិនិត្យសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។ បើពុំមានបញ្ហារាំងស្ទះណាមួយកើតឡើងទេនោះ គម្រោងនេះត្រូវបានរំពឹងថា នឹងអាចបើកការដ្ឋានសាងសង់នៅក្រោយការបោះឆ្នោតអាណត្តិក្រោយនេះ។
គម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញសិក្សាចប់ហើយ និងរំពឹងអាចលេចចេញជារូបរាងនៅអាណត្តិក្រោយ

បើគ្មានការប្រែប្រួលទេប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងទទួលបានផ្លូវរថភ្លើងក្រោមដី លើដី ឬលើអាកាសសម្រាប់ប្រើប្រាស់នាពេលខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា មកទល់ពេលនេះ គម្រោងទាំងនេះ ត្រូវបានសិក្សាចប់ហើយ​ និងគ្រោងដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាពិនិត្យសម្រេចជ្រើសរើសយកគម្រោងណាមួយក្នុងចំណោមគម្រោងទាំង៣​នៅពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងឲ្យក្រុមហ៊ុនសិក្សាកែតម្រូវលើចំណុចខ្វះខាតមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ក្រោយប្រមុខរាជរដ្ឋាភិបាលពិនិត្យជ្រើសរើសរួច កម្ពុជានឹងស្វែងរកក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិដើម្បីអភិវឌ្ឍគម្រោងនេះ ដ្បិតរាជរដ្ឋាភិបាលមិនចង់ចំណាយ​ថវិកាជាតិទាំងស្រុងលើគម្រោងនេះនោះទេ ពោលគឺចង់ឲ្យមានការវិនិយោគ​រួមគ្នា​រវាងរដ្ឋ និងវិស័យឯកជន។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ គម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅអាណត្តិរាជរដ្ឋាភិបាលក្រោយនេះតែម្ដង។ តែយ៉ាងណាឯកឧត្តមមិនបានបញ្ជាក់ទេថា គម្រោងនេះគ្រោងចំណាយថវិកាប៉ុន្មាននោះទេ។

ក្រៅពីគម្រោងផ្លូវរថភ្លើងទាំងនេះ កម្ពុជាក៏កំពុងសិក្សាផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែទៀតផងដែរ ដោយខ្សែទី១ចេញពីប៉ោយប៉ែតមកភ្នំពេញភ្ជាប់ទៅខេត្តព្រះសីហនុ និងខ្សែទី២ពីប៉ោយប៉ែតមកសៀមរាបភ្ជាប់ទៅកំពង់ធំ កំពង់ឆ្នាំងមករាជធានីភ្នំពេញឆ្ពោះទៅបាវិត-ម៉ុកបៃហូជីមិញ។ បន្ថែមលើនេះកម្ពុជាក៏កំពុងសិក្សាលើគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប ផ្លូវភ្ជាប់ពីបាត់ដំបងទៅសៀមរាប ពីកំពង់ធំទៅកំពង់ឆ្នាំង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លើសពីនេះកម្ពុជាកំពុងសហការជាមួយក្រុមហ៊ុន YCH របស់សិង្ហបុរីអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងកំពុងសហការជាមួយធនាគារពិភពលោកសិក្សាសលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ និងគម្រោងជីកព្រែកពង្រីកការដឹកជញ្ជូនទំនិញតាមទន្លេបាសាក់ផងដែរ។ គោលបំណងនៃការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺដើម្បីធ្វើឲ្យប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរទាំងពេលវេលា និងការចំណាយថវិកា សំដៅទាក់ទាញការវិនិយោគ ក៏ដូចជាប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងទីផ្សារមៀននៅចិននឹងកាន់តែប្រសើរ ក្រោយក្រុមហ៊ុនយក្ស Alibaba យកមៀនកម្ពុជាដាក់លក់លើអនឡាញ

មន្ត្រីនាំពាក្យក្រសួងកសិកម្មកម្ពុជា អះអាងថា ទីផ្សារមៀនកម្ពុជានៅក្នុងប្រទេសចិន នឹងកាន់តែល្អប្រសើរ ក្រោយពេលដែលថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញតាមអន…

ឯកឧត្តម ថោង ខុន៖ វត្តមានរបស់បារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអះអាង នាពេលថ្មីៗនេះថា ការចូលរួមរបស់ប្រទេសបារាំងពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៃការដំណើរការអភិវឌ្ឍសង្គមស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ