យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានចេញមកពីទីក្រុងបាងកក ប្រទេសថៃ និងបានចុះចតនៅព្រលានយន្តហោះអន្តរជាតិ មួន (Muan) នៅកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែវាបានរត់ធ្លាក់ចេញពីផ្លូវ ហើយជ្រុលទៅបុកនឹងជញ្ជាំងព្រលានយន្តហោះបណ្ដាលឱ្យផ្ទុះឆេះតែម្ដង។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា គិតត្រឹមរសៀលថ្ងៃអាទិត្យមនុស្សយ៉ាងតិច១២៤នាក់ស្លាប់នៅក្នុងឧបត្តិហេតុនេះ ហើយមន្ត្រីពន្លត់អគ្គិភ័យមូលដ្ឋានបានសន្និដ្ឋានថា មនុស្ស១៧៩នាក់ក្នុងចំណោម១៨១នាក់នៅលើយន្តហោះនេះអាចនឹងស្លាប់ ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ពីតួលេខអ្នកស្លាប់ និងរបួសឱ្យច្បាស់លាស់នៅឡើយទេ ខណៈ មនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីការធ្លាក់យន្តហោះនេះ។
រដ្ឋមន្ត្រីដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយថា ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធកំពុងសហការចែករំលែកព័ត៌មានទាក់ទងនឹងការធ្លាក់យន្តហោះនេះ ហើយថា រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រដល់ក្រុមគ្រួសារនៃសព និងស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះ ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមសាធារណជន។
ក្រុមហ៊ុន Jeju Air បានសរសេរនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយបានសុំទោសចំពោះឧប្បត្តិហេតុនេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិតផងដែរ ហើយថា ពេលនេះវាពិបាកកំណត់ពីមូលហេតុនៃគ្រោះថ្នាក់ ហើយកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតផ្លូវការរបស់រដ្ឋាភិបាល។ ដោយមិនខ្វល់ថា មានអ្វីកើតឡើងនោះទេ ក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ៕
អត្ថបទ៖ សុខ មង្គល