ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជា កម្ពុជា បានរកឃើញវីរុសបំប្លែងថ្មី ដែលអង្គការសុខភាពពិភពលោក និងប្រទេសមួយចំនួនផ្សេងទៀត មានការព្រួយបារម្ភក្តី ក៏កម្ពុជាមិនបិទប្រទេសនោះដែរ ដោយសម្ដេចបានបន្តថា អ្វីដែលត្រូវធ្វើចំពោះមុខ គឺការប្រុងប្រយ័ត្នខ្ពស់ រួមទាំងអនុវត្តឲ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល។ បើតាមសម្ដេច ហ៊ុន សែន វ៉ាក់សាំងតែមួយមុខមិនអាចទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលមានហានិភ័យនៃការចម្លងរហ័សជាងកូវីដ១៩ ធម្មតា។
ជាមួយគ្នានោះ សម្ដេចក៏បានបង្ហាញពីភាពមិនសប្បាយចិត្ត ចំពោះការប្រកាសអាសន្ន ពីអង្គការសុខភាពពិភពលោក ក៏ដូចជា ប្រទេសមួយចំនួនពីបញ្ហាមេរោគបំប្លែងថ្មី អូមីក្រុង ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង រហូតមានភាពចលាចលឈានដល់ការរើសអើងប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រភពរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង មុនគេ។ បន្ថែមនោះ សម្ដេចក៏បានសង្កត់ធ្ងន់ទៀតថា ដ្បិត អូមីក្រុង មានសន្ទុះឆ្លងរហ័ស តែរហូតមកដល់ពេលនេះ មិនទាន់មានការរាយការណ៍ថា មានករណីស្លាប់ដោយសារមេរោគបំប្លែងថ្មី អូមីក្រុង នៅឡើយទេ។
ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ខាងលើបានធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី១៤ ខែធ្នូ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានលើស្ត្រីមានផ្ទៃពោះម្នាក់ មានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង។ ស្រ្តីវ័យ២៣ឆ្នាំរូបនេះ បានធ្វើដំណើរតាមជើងហោះហើរ ចេញពីប្រទេសហ្គាណា(អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើយ នៅព្រលានយន្តហោះទីក្រុងបាងកក ប្រទេសថៃ ទើបបន្តដំណើរមកដល់កម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ដ្បិតថា បច្ចុប្បន្ន កម្ពុជា បានចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ជាង៨៨% ក៏ដោយចុះ តែសម្ដេច ហ៊ុន សែន នៅតែបន្តជំរុញឱ្យអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ទៅទទួលវ៉ាក់សាំងកូវីដ១៩ ពិសេសបន្តជំរុញពលរដ្ឋឱ្យចាក់ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់គ្នា ដើម្បីបន្តពង្រឹងភាពស៊ាំក្នុងសហគមន៍ និងឈានសម្រេចបានជោគជ័យលើការប្រទេស និងសេដ្ឋកិច្ចឡើងវិញ។ ខណៈគិតត្រឹមថ្ងៃទី១៤ ខែធ្នូ កម្ពុជា បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋសរុប ជាង១៤លាននាក់ ក្នុងចំណោមប្រជាជនជនសរុប ១៦លាននាក់៕