ការហាមប្រាមការធ្វើដំណើរពីប្រទេសតំបន់អាហ្វ្រិក ចូលមកកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពិចារណាឡើងវិញលើការហាមប្រាមការធ្វើដំណើរពីប្រទេសតំបន់


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាលកម្ពុជា ពិចារណាឡើងវិញ លើបំរាមហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ ដែលមកពីតំបន់អាហ្វ្រិក ចូលមកកម្ពុជា ដែលក្រសួងសុខាភិបាលបានដាក់ចេញថ្មីៗនេះ ដើម្បីទប់ស្កាត់នូវហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង។ ការថ្លែងរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជាបែបនេះ បានធ្វើឡើងនាឱកាសសម្ដេចអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និង សមិទ្ធិផលនានា ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា មិន​មាន​ជើងហោះហើរ​ផ្ទាល់​ជាមួយ​អាហ្វ្រិក​ខាងត្បូង​នោះ​ទេ ដូច្នេះ គ្មាន​ការ​ចាំបាច់​នោះ​ទេ ដែល​ត្រូវ​បិទ​ការ​ហោះហើរ​ពី​តំបន់​អាហ្វ្រិក​។ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា សម្ដេច ហ៊ុន សែន បាន​យល់​ឃើញ​ថា បើសិន​គ្រប់​ប្រទេស​លើ​ពិភពលោក សុទ្ធតែ​នាំ​គ្នា​បិទ​ជើងហោះហើរ​ពី​តំបន់​អាហ្វ្រិក​នោះ វា​នឹង​ធ្វើ​ឱ្យ​តំបន់​នេះ​រស់នៅ​ក្នុង​ភាព​ឯកា ដូច្នេះ កម្ពុជា គួរ​ពិចារណា​ឡើង​វិញ​ក្នុង​ការ​បើក​ជើងហោះហើរ​ជាមួយ​តំបន់​អាហ្វ្រិក​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នេះ ក៏​ធ្វើ​ឡើង​ស្របគ្នា​នឹង​អង្គការ​សុខភាព​ពិភពលោក​ដែរ ដែល​នៅ​ថ្មី​ៗ​នេះ អង្គការ​នេះ បាន​អំពាវនាវ​ណែនាំ​កុំ​ឲ្យ​ប្រទេស​នានា​បន្ដ​ដាក់​ការ​រឹតត្បិត ឬ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពី​តំបន់​អាហ្វ្រិក​តទៅ​ទៀត ព្រោះ​បច្ចុប្បន្ន រដ្ឋាភិបាល និង​អ្នក​វិទ្យាសាស្ត្រ​កំពុង​កំណត់​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​លើ​មេរោគ​បំប្លែង​ថ្មី​នេះ​ហើយ ដូចនេះ​គួរតែ​កុំ​យក​ការ​បិទ​ជើងហោះហើរ ជា​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​អី​។

ដ្បិតថា សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ពិចារណា​បើក​ជើងហោះហើរ​ជាមួយ​តំបន់​អាហ្វ្រិក​ឡើង​វិញ​ក៏​ពិតមែន តែ​សម្ដេច​បាន​គូសបញ្ជាក់​ទៀត​ថា កម្ពុជា នឹង​បង្កើន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​រាល់​អ្នកដំណើរ​ដែល​មក​ពី​តំបន់​អាហ្វ្រិក ដូច​ជា ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ តាម​រយៈ​ម៉ាស៊ីន PCR ជាដើម​។

គួ​រំលឹក​ថា មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ត្រូវ​បាន​រក​ឃើញ​មាន​ប្រភព​ចេញពី​ប្រទេស​អាហ្វ្រិក ហើយ​បច្ចុប្បន្ន​មេរោគ​នេះ​កំពុង​មាន​វត្ត​មាននៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​។ បើ​ទោះបីជា អង្គការ​សុខភាព​ពិ​ភ​លោក​បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​បិទ​ជើងហោះហើរ​ពី​តំបន់​អាហ្វ្រិក​ក៏​ដោយ​ចុះ ប៉ុន្ដែ គេ​សង្កេត​ឃើញ​ថា​នៅ​តែ​មាន​ប្រទេស​ជា​ច្រើន ពោល​គឺ​មាន​ជិត​១០០​ប្រទេស​ហើយ ដែល​បាន​បន្ដ​វិធានការ​ផ្អាក​ជើងហោះហើរ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា វិនិយោគលើការអភិវឌ្ឍបច្ចេវិទ្យាឌីជីថលសម្រាប់ធនាគារកាន់តែខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ

ព័ត៌មាន
អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើការវិនិយោគ អភិវឌ្ឍលើវិស័យឌីជីថល ក៏ដូចជាវិស័យបច្ចេក…

សម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យកូនប្រុសច្បងរបស់សម្ដេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ត

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេច ក្លាយជាបេក្ខភាពនាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ