យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះ សម្ដេចតេជោនឹងត្រូវធ្វើតេស្តកូវីដ-១៩ នៅថ្ងៃស្អែក ទី២២ ខែមេសា នៅកម្ពុជា និងត្រូវធ្វើតេស្តម្ដងទៀត នៅថ្ងៃទី២៣ មេសា នៅពេលហោះហើរទៅដល់ប្រទេសឥណ្ឌូនេស៊ី ។
សម្តេចតេជោបានសរសេរបន្ថែមថា «ដើម្បីធានាសុវត្ថិភាពសម្រាប់មេដឹកនាំ មុនចូលប្រជុំ ត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ ។»
គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០ បានព្រមព្រៀងគ្នា បើកកិច្ចប្រជុំបន្ទាន់មួយ នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានការតវ៉ាពីប្រជាជនបន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ និងការបង្ក្រាបដោយហិង្សាផ្ដាច់ផ្ដិលជីវិតមនុស្សរាប់រយនាក់ ។
របាយការណ៍ព័ត៌មាននានាចុងក្រោយនេះ បានឲ្យដឹងថា ក្នុងចំណោមមេដឹកនាំប្រទេសសមាជិកអាស៊ានដែលនឹងចូលរួមកិច្ចប្រជុំនេះ ក៏មានមេដឹកនាំយោធាផ្ដាច់ការ ឧត្ដមសេនីយ៍ មីន អ៊ុងលាំង ផងដែរ ។
ដោយឡែក ពីប្រទេសថៃវិញ សារព័ត៌មានបានផ្សាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុត ចាន់អូចា នឹងមិនចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងហ្សាកាតានេះទេ ដោយចាត់តំណាងឲ្យចូលរួមជំនួស ។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានវិបត្តិឯណោះវិញ មានការសម្ដែងការព្រួយបារម្ភថា កិច្ចប្រជុំអាស៊ាននៅថ្ងៃទី២៤ មេសាខាងមុខនេះ អាចជាការផ្ដល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាដែលបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក៏មានការអំពាវនាវថា អាស៊ានគួរណាតែអញ្ជើញរដ្ឋាភិបាលរួបរួមជាតិ ដែលបង្កើតឡើងដោយក្រុមមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវពួកយោធាបណ្ដេញចេញពីអំណាចដែរ ដើម្បីបានតតាំងគ្នាជាមួយនឹងឧត្តមសេនីយ៍ មីន អ៊ុងលាំង ៕