សហភាពអឺរ៉ុប

កលិយុគនយោបាយរបស់បងធំអាល្លឺម៉ង់ និងបារាំង អាចទាញទម្លាក់កំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប


អ្នកវិភាគបានលើកឡើងថា សេដ្ឋកិច្ចនៅតំបន់អឺរ៉ុបកំពុងត្រូវការជំនួយ ដោយសារតែភាពកលិយុគនយោបាយនៅប្រទេសបារាំង និងអាល្លឺម៉ង់ ដែលជាបងធំនៅសហភាពអឺរ៉ុប។ នៅពេលនេះកំណើនសេដ្ឋកិច្ចបារាំងត្រូវបានគេរំពឹងថា នឹងសម្រេចបានក្នុងរង្វង់១,១% នៅឆ្នាំនេះ ហើយនៅឆ្នំាក្រោយនឹងធ្លាក់ចុះមកនៅត្រឹម០,៨% ខណៈដែលសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ត្រូវបានគេរំពឹងនឹងធ្លាក់ចុះ០,១% នៅឆ្នាំនេះ មុនអាចងើបឡើងវិញតិចតួចជាមួយនឹងអត្រាត្រឹម០,៧% នៅឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
សហភាពអឺរ៉ុប
ដោយ

រដ្ឋាភិបាលបងធំទាំងពីររបស់សហភាពអឺរ៉ុប គឺអាល្លឺម៉ង់ និងបារាំងសុទ្ធតែបានដួលរលំ និងកំពុងរងសម្ពាធពីគំនាបពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ ហើយត្រូវប្រឈមនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយមហាយក្សចិន។ ការដួលរលំរដ្ឋាភិបាលរបស់បងធំទាំងពីរ ស្ទើរធ្វើឲ្យអឺរ៉ុបទាំងមូលសឹងតែធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងតំបន់ចាយលុយអឺរ៉ូ ហើយបើស្ថានភាពនយោបាយនៅតែខ្វិនជើងដើរមិនទៅមុខ នោះសេដ្ឋកិច្ចរបស់តំបន់នេះ នៅឆ្នាំ២០២៥ ខាងមុខ នឹងកាន់តែយ៉ាប់យ៉ឺន។

នាយករដ្ឋមន្ត្រីបារាំង លោក មីសែន បានីយេ ( Michel Barnier) បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន បន្ទាប់ពីចាញ់ការបោះឆ្នោតសម្តែងការទុកចិត្ត ហើយប្រសិនបើប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) តែងតាំងអ្នកស្នងតំណែងប្រមុខរដ្ឋាភិបាលថ្មី ទំនងជាជួបបញ្ហាខ្វះសំឡេងភាគច្រើននៅក្នុងសភាផងដែរ។

នៅអាល្លឺម៉ង់ឯណោះវិញ ក្រុមចម្រុះដឹកនាំដោយអធិការបតីខាងគណបក្សសង្គមប្រជាធិបតេយ្យ លោក អូឡាហ្វ ស្គូល (Olaf Scholz ) ជាមួយគណបក្សបៃតង ( Greens ) និងគណបក្សប្រជាធិបតេយ្យសេរី ក៏កំពុងតែបែកបាក់ផ្ទៃក្នុង ដែលបានជំរុញឱ្យមានការរៀបចំការបោះឆ្នោតមុនកំណត់នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដូច្នេះរដ្ឋាភិបាលអាចបង្កើតបានទាល់តែដល់ខែមេសា។

លោក មូតាបា រ៉ាហ្វមែន ( Mujtaba Rahman) នាយកគ្រប់គ្រងនៅក្រុមហ៊ុន Eurasia Group បាននិយាយថា ស្ថានភាពនយោបាយនៅអាល្លឺម៉ង់ មានច្រកដកដង្ហើម តែនៅបារាំងហាក់ស្ថិតក្នុងស្ថានភាពខ្វិនដើរមិនរួចតែម្តង។

លោកស្រី អានឡ ដេឡាត (Anne-Laure Delatte) សេដ្ឋវិទូជនជាតិបារាំង និងជាប្រធានផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិ សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ បាននិយាយថា ភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំង និងអាល្លឺម៉ង់អាចមានឥទ្ធិពលទូលំទូលាយសម្រាប់សហភាពអឺរ៉ុប។ លោកស្រីបាននិយាយថា ស្ថានភាពសេដ្ឋកិច្ចសហភាពអឺរ៉ុប កំពុងចុះខ្សោយ ដោយសារតែបារាំង និងអាល្លឺម៉ង់។

នៅពេលនេះកំណើនសេដ្ឋកិច្ចបារាំង ត្រូវបានគេរំពឹងថា អាចមានកំណើនត្រឹម១,១% នៅឆ្នាំនេះ តែឆ្នំាក្រោយនឹងធ្លាក់ចុះដល់០,៨% ខណៈពេលដែលសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ០,១% នៅឆ្នាំនេះ ហើយអាចងើបឡើងវិញជាមួយនឹងអត្រាត្រឹម០,៧% នៅឆ្នាំក្រោយ។

ក្រៅពីបញ្ហាកលិយុគនយោបាយនៅបារាំង និងអាល្លឺម៉ង់ សហភាពអឺរ៉ុបអាចនឹងរងសម្ពាធពន្ធពីអាម៉េរិកនៅពេលដែលលោក ត្រាំ ចូលកាន់តំណែង ហើយកំពុងរងការគំរាមកំហែងពីការប្រកួតប្រជែងដ៏ស្វិតស្វាញ និងការរីកចម្រើនៃឧស្សាហកម្មចិន។ នៅឆ្នាំនេះសេដ្ឋកិច្ចទាំងមូលនៅសហភាពអឺរ៉ុបត្រូវបានគេព្យាករថា នឹងសមេ្រចបានកំណើត០,៨% មុនឡើងដល់១,៣% នៅឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកធ្វើកំណែទម្រង់ ដើម្បីស្ដារយុត្តិធម៌ និងសន្តិសុខក្នុងពាណិជ្ជកម្មពិភពលោក

ម៉ាឡេស៊ី ដែលជាសមាជិកមួយរបស់អាស៊ាន បានជំរុញឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើកំណែទម្រង់ឱ្យបានទាន់ពេលវេលា រួមទាំងការស្ដារឡើងវិញនូ…

ផ្សារហ៊ុនសិង្ហបុរី ហក់ឡើងថ្លៃស្រឺតៗវ៉ាដាច់ផ្សារហ៊ុនហុងកុង គួរឱ្យភ្ញាក់ផ្អើល ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ

ផ្សារហ៊ុនសិង្ហបុរី បានហក់ឡើងថ្លៃស្រឺតៗវ៉ាដាច់ផ្សារហ៊ុនជាច្រើននៅក្នុងតំបន់ រួមទាំងផ្សារហ៊ុនហុងកុង ផងដែរ ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ